ច្រូតស្រូវក្នុងទឹកស្ទើរបាត់បង់ជីវិត

(ស្វាយរៀង)៖ សូ សុខ មានអាយុ៦៧ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ គាត់មានឪពុកឈ្មោះ សូ ខ្មៅ ម្តាយឈ្មោះ ហែន ចាន់ មានបងប្អូន៦នាក់ គាត់ជាកូនទី៣។

នៅក្នុងរបប នល់ នល់ សុខ បានឃើញពីការទម្លាក់គ្រាប់បែករបស់​សហរដ្ឋអាមេរិកមកលើភូមិដ្ឋានសឹង​តែរាល់ថ្ងៃ។ គាត់បានប្រាប់ថា ​គ្រាប់​បែកបានបំផ្លាញសាលារៀន វត្តអារាម ផ្ទះប្រជាជន និងបានសម្លាប់អាយុជីវិតមនុស្សសត្វអស់ជាច្រើន​។

សុខ រៀនបានត្រឹមថ្នាក់ទី៩ ក្នុងសង្គមចាស់។ នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហម​បានប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់របស់ប្រជាជនយកទៅរក្សាទុកជាសមូហភាព។ សុខ បានបន្តទៀតថា ​ប្រជាជនត្រូវបានជម្លៀសចេញពីភូមិឲ្យទៅរស់នៅរួមគ្នានៅតាមសហករណ៍និង​ត្រូវធ្វើស្រែចម្ការដើម្បីបម្រើឲ្យអង្គការ។ សុខ និងឪពុកម្តាយ ព្រមទាំងបងប្អូន ​ត្រូវ​បានខ្មែរក្រហមឲ្យចាកចេញពីផ្ទះ និងឲ្យទៅរស់នៅតាមកងផ្សេង​ៗ ដូចជាកងកុមារ កងយុវជន និងកងចាស់ជរា។ សុខ និងបងៗត្រូវទៅធ្វើការក្នុងកងចល័តត្រូវទៅធ្វើការជីកស្រះទឹក ជីកប្រឡាយ និងលើកទំនប់នៅឆ្ងាយៗពីកន្លែងគាត់ស្នាក់នៅ។ គាត់ ត្រូវ​ធ្វើការពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅទើបបានសម្រាក។

បន្ទាប់មក សុខ និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តពោធិ៍សាត់។ គាត់បានធ្វើដំណើរមកដល់អ្នកលឿងឆ្លងកប៉ាល់ទៅភ្នំពេញ និងបន្តដំណើរតាម​រថភ្លើងឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។ ពេលដល់ទីនោះសមាជិកគ្រួសារត្រូវបានបែងចែកកន្លែងរស់​នៅ​ និងធ្វើការទៅតាមប្រភេទអាយុ។ សុខ នៅតែស្ថិតនៅក្នុងកងចល័តដែលជាកម្លាំងស្នូលក្នុងសហករណ៍ដដែល គាត់ត្រូវធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយ ចំណែកប្អូន​ៗ​​ស្ថិតនៅកងកុមារត្រូវដើរប្រមូលអាចម៍គោយកទុកធ្វើជី​។

នៅក្នុងរបប​ខ្មែរក្រហមរឿងរ៉ាវដែល សុខ ចងចាំមិនអាចបំភ្លេចបានគឺការដែលខ្មែរក្រហមប្រើគាត់ឲ្យច្រូតស្រូវក្នុងទឹក ដែលមានជម្រៅជ្រៅៗគាត់ស្ទើរតែស្លាប់ដោយ​សារ​មិន​អាចទ្រំាទ្រការលំបាកនេះបាន និងការហូប​មិនគ្រប់គ្រាន់មួយថ្ងៃហូបបានតែពីរពេលហើយរបប​មានតែបាយមួយវែកប៉ុណ្ណោះ ប៉ុន្តែត្រូវធ្វើការជីក​ប្រឡាយ និងលើកទំនប់សុទ្ធតែកំណត់ម៉ែត្រគីប។

ក្រោយរបបខ្មែរក្រហមដួលរលំ សុខ និងគ្រួសារបានធ្វើដំណើរត្រឡប់មកពីខេត្តពោធិ៍សាត់​ដើម្បីមកស្រុក

កំណើតវិញ។ តាមផ្លូវគាត់ត្រូវរត់គេចពីការច្បាំងគ្នារវាង ទ័ពខ្មែរក្រហម និងកងទ័ពរំដោះវៀតណាម ដោយឃើញមានមនុស្សស្លាប់ និងរងរបួសពាសពេញផ្លូវស្ទើររាល់ថ្ងៃ​។ ពេលគាត់ធ្វើដំណើរដល់ភ្នំពេញ គាត់បានសុំគេធ្វើដំណើរមកជាមួយបានត្រឹមអ្នកលឿង។ គាត់ក៏សម្រាកទីនោះប្រមាណជាពីរខែក៏បន្តដំណើរដោយថ្មើរជើងរហូតដល់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងបានប្រកបរបររកត្រី និងធ្វើស្រែរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន សុខ មានជំងឺលើសឈាម និងជំងឺសន្លាក់ដែល​បណ្តាលឲ្យគាត់ឧស្សាហ៍ឈឺក្បាលជង្គង់។

សម្ភាសន៍ដោយ ទេព ម៉ាលីណា ថ្ងៃទី៣ ខែសីហា ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin