ខ្មែរក្រហមបានធ្វើឲ្យកូនទាំងពីររបស់ខ្ញុំកំព្រាឪពុក

(ស្វាយរៀង) ៖ ពៅ អូន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៧២ ជាកសិករ បច្ចុប្បន្នរស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ អូន រៀនបានត្រឹមថ្នាក់ទី៥ បានឈប់រៀនដោយសារតែពេលនោះខេត្តស្វាយរៀង សហរដ្ឋអាមេរិកបានទម្លាប់គ្រាប់បែក ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះ ខូចខាត វត្ត សាលារៀន ព្រមទាំងសម្លាប់ជីវិតមនុស្ស និងសត្វពាហនៈ។ បន្ទាប់មកឆ្នាំ១៩៧៤ អូន បានរៀបការមានគ្រួសារ និងរស់នៅភ្នំពេញ។ ក្នុងរបបខ្មែរក្រហម អូន និងគ្រួសារ ត្រូវបានជម្លៀសចេញពីភ្នំពេញ។

អូន បានធ្វើដំណើរចេញដោយបង្ខំតាមបញ្ជារបស់ខ្មែរក្រហមដែលបានប្រាប់ថាចេញតែ៣ថ្ងៃនឹងឲ្យត្រឡប់មកវិញ។ គាត់បានធ្វើដំណើរដោយថ្មើរជើងរយៈពេល១ខែ ទើបមកដល់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ពេលមកដល់ស្វាយរៀង អូន ក្នុងនាមជាប្រជាជនថ្មីត្រូវបានគេធ្វើបាប ដោយសារតែប្រវត្តិរូបរបស់គាត់ធ្លាប់រស់នៅទីក្រុង។ ខ្មែរក្រហមយល់ថាអ្នកទីក្រុងជាមនុស្សដែលជិះជាន់គេជាសត្រូវនឹងរបបខ្លួន។ អូន ត្រូវបានប្រើឲ្យធ្វើស្រែ រែកដី ជីកប្រឡាយ និងធ្វើទំនប់ គ្មានពេលសម្រាក និងហូបមិនគ្រប់គ្រាន់រហូតបាក់កម្លាំងដល់សព្វថ្ងៃ។

ប្តី របស់ អូន ជាសាស្រ្តាចារ្យសម័យ លន់ នល់ ត្រូវបានខ្មែរក្រហមស៊ើបដឹងបានចាប់ប្ដីគាត់យកទៅឃុំ។ ៣ខែ ក្រោយមកប្តីរបស់ អូន ត្រូវបានយកទៅសម្លាប់។ អូន បានឃើញការរៀបការក្នុងរបបខ្មែរក្រហម។ ការរៀបការនៅពេលនោះមានចាប់ពី ៣០ ទៅ ៥០គូ អ្នករៀបការត្រូវអង្គុយនៅតុវែងរួមគ្នានៅកន្លែងរោងបាយ ឬសាលារៀន ចំាស្តាប់មេក្រុម ឬមេសហករណ៍មកនិយាយបើកកម្មវិធី ដោយបានណែនាំប្តីប្រពន្ធដែលរៀបការថ្មីឲ្យចេះស្រលាញ់គ្នា។ ពិធីពេលនោះមានរយៈពេលខ្លីគ្មានសាច់ញាតិទាំងសងខាងចូលរួមដូចសម័យបច្ចុប្បន្នទេ។ ប្អូនស្រីរបស់ អូន ក៏ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការដែរ។ អូន ធ្លាប់បានជួបដោយចៃដន្យនូវហេតុការណ៍ ដែលកងឈ្លបខ្មែរក្រហមបណ្តើរប្រជាជនទាំងខ្សែៗនៅ​សហករណ៍កំពង់អំពិល យកទៅសម្លាប់នាពេលល្ងាច។ អូន បានរៀបរាប់ថា មានឈ្លបពីរនាក់មានកាំភ្លើង ម្នាក់ដើរមុខ និងដើរក្រោយ ហើយបណ្តើរប្រជាជនប្រមាណ២០នាក់ យកទៅសម្លាប់នៅមន្ទីរសន្តិសុខជិតវត្តកំពង់អំពិល។ ចំណែកនៅទួលច្រេសកន្លែងបុកអង្ករ នាវេលាល្ងាច អូន ក៏ធ្លាប់ឃើញគេចង និងធ្វើទារុណកម្ម វាយដំទៅលើមនុស្សប្រុស៣នាក់ឲ្យសន្លប់ និងបានសែងចេញ គាត់មិនបានដឹងថាអ្នកទាំងនោះមានកំហុសអ្វីនោះទេ។

បន្ថែមលើសនេះទៀត អូន ក៏ធ្លាប់ឃើញខ្មែរក្រហមបំផ្លាញសាសនាដោយចាប់ព្រះសង្ឃផ្សឹក វាយបំផ្លាញព្រះពុទ្ធបដិមាករទម្លាក់ទឹកស្រះ និងបានយកវត្តធ្វើជាកន្លែងបុកអង្ករ និងធ្វើជាឃ្លាំងដាក់ស្រូវ អង្ករ សហករណ៍។ អូន តែងតែនិយាយរឿងរ៉ាវលំបាកដែលគាត់ធ្លាប់ជួបប្រទះប្រាប់ដល់ក្មេងៗជំនាន់ក្រោយបានដឹង។ អូនថ្លែង​ថា​​​គាត់​បាន​រស់ឆ្លងកាត់របបជាច្រើនគ្មានរបបណាលំបាកវេទនាដូចរបបខ្មែរក្រហមទេ ហើយ​ក៏គ្មាន​របប​ណា​ដែល​ងាយ​ស្រួលរស់ដូចសម័យបច្ចុប្បន្ននេះទេ។ អូន បានផ្តាំផ្ញើឲ្យមនុស្សជំនាន់ក្រោយត្រូវចេះ ថែរក្សាសន្តិភាពដែលមាននាពេលនេះ និងនាំគ្នាជួយទប់ស្កាត់របបខ្មៅងងឹតដូចខ្មែរក្រហម ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី។ អូន បច្ចុប្បន្នមានជំងឺលើសឈាម ដែលបណ្តាលឲ្យគាត់តែងតែ រោយកញ្ចឹងក និងឈឺក្បាលជាញឹកញាប់។

សម្ភាសន៍ដោយ ហម សារឿន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin