ស្រី្តសម្រាលកូនក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ អ៊ឹង សេត មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅរបប លន់ នល់ គាត់ឮសម្លេងគ្រាប់ទម្លាក់ស្ទើរតែរាល់ថ្ងៃតាមកន្លែងផ្សេងៗ ប្រជាជនរត់គេចរហូតមិនសូវបានរកស៊ី និងក្មេងៗមិនបានទៅសាលារៀន។ ប្រជាជនត្រូវរត់ចេញពីផ្ទះទៅរស់នៅតាមវាលស្រែ និងក្នុងព្រៃ។ គាត់បានរៀបការមានគ្រួសារ និងសម្រាលបានកូនស្រីម្នាក់អំឡុងរបបខ្មែរក្រហម។
នៅក្នុងរបបខ្មែរក្រហម សេត រស់នៅភូមិអំពិល ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ គាត់ត្រូវបានគេប្រើឲ្យយកលាមកមនុស្សមកធ្វើជី និងរែកដីធ្វើទំនប់។ ពេលនោះ សេត ស្ថិតនៅវ័យប្រមាណ៣០ឆ្នាំ ខ្មែរក្រហមបានឲ្យគាត់រស់នៅរួមក្នុងសហករណ៍កងចល័តយុវជន។ ក្នុងរបបនោះ ក្រុមនេះត្រូវបានហៅថា កម្លាំងស្រួចរបស់អង្គការ ដែលត្រូវធ្វើស្រែឲ្យគ្រប់តាមផែនការដែលបានកំណត់។ នៅទីនេះគាត់សម្រាលបានកូនស្រីម្នាក់ ទោះជាគាត់នៅសរសៃខ្ចីក៏ត្រូវទៅធ្វើការស្រាលៗដែរដើម្បីបានរបបអាហារហូប។
សេត បានឃើញទាហានខ្មែរក្រហមក្មេងៗធ្វើទារុណកម្មលើយុវជនម្នាក់ និងបានបង្ខំឲ្យស្រែកខ្លាំងៗថាកុំយកតម្រាប់តាមខ្ញុំ។ គាត់មិនដឹងថា យុវជននោះមានកំហុសអ្វីទេក្រោយពីធ្វើទារុណកម្មរួច ទាហានក៏បញ្ជូនទៅមន្ទីរសន្តិសុខក្នុងបរិវេណវត្តកំពង់អំពិលដែលមនុស្សភាគច្រើននៅទៅនេះត្រូវបានសម្លាប់។
ពេលកូនស្រីអាយុប្រមាណមួយខួប សេត កូន និងប្តីត្រូវបានជម្លៀសទៅតំបន់កោះអន្លង់ចិន ខេត្តកណ្តាល។ គាត់ត្រូវធ្វើដំណើរថ្មើរជើងដោយរែកកូន និងសំភារៈផ្សេងៗ។ នៅតាមផ្លូវគាត់លំបាកខ្លាំងព្រោះកូនយំដោយសារអាកាសធាតុក្តៅ និងគ្មានអាហារហូប។ គាត់ត្រូវបានទាហានខ្មែរក្រហមក្មេងៗគម្រាមជាញឹកញាប់។ ពេលមកដល់គាត់និងគ្រួសារ ត្រូវរស់នៅក្នុងខ្ទមដែលធ្វើខ្លួនឯង និងធ្វើការក្នុងកងចល័តធ្វើស្រែចម្ការ និងរែកជីកដីធ្វើទំនប់។ ចំណែករបបអាហារវិញហូបបបរលាយជាមួយដំឡូង។ ដោយសារតែអាណិតកូន គាត់តែងទុករបបអាហារឲ្យកូន។ ពេលនោះគាត់ធ្លាក់ខ្លួនឈឺជំងឺគ្រុនក្តៅ គាត់ត្រូវបានអនុញ្ញាតឲ្យសម្រាក និងផ្តល់ថ្នាំរាងមូលៗដូចអាចម៍ទន្សាយ។
អំឡុងពេលច្រូតស្រូវប្រជាជនបានប្រាប់គាត់ថា មានកម្លាំងមករំដោះហើយ។ លុះព្រឹកឡើងគាត់ឃើញមានកងកម្លាំងវៀតណាមចូលដល់ក្នុងភូមិ ទាហានខ្មែរក្រហមបានរត់គេច។ គាត់ និងប្រជាជនបានទៅយកអង្ករ និងអំបិល ប្រហុក ក្នុងរោងបាយដើម្បីត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលធ្វើដំណើរគាត់បានឃើញសាកសពជាច្រើនដែលគេសម្លាប់នៅស្អុយទុកចោលតាមផ្លូវ។
រឿងរ៉ាវដែល សេត នៅចងចំាមិនអាចបំភ្លេចបានគឺហេតុការណ៍ដែលគាត់ទៅសុំកន្ទក់ និងបាយក្រៀមយកមកបុកពូនជាដុំៗដាក់ចំហុយយកទៅឲ្យ កូន ឪពុក និងប្តី ដែលមានរូបកាយស្គមកំព្រឹងរស់នៅជិតគុម្ពឬស្សីហូប និងហេតុការណ៍គាត់រៀបនឹងត្រូវគេនាំយកទៅសម្លាប់ដោយសារទៅលេងកូននៅកងកុមារត្រូវទាហានខ្មែរក្រហមឃើញ ហើយគាត់បានលុតជង្គង់អង្វរទើបគេទុកជីវិត។
ក្នុងរបបនោះ សេត មានបងប្អូនប្រាំមួយនាក់ ប្អូនស្រីម្នាក់បានស្លាប់ដោយសារគ្រាប់មីន។ សេត នៅតែសុបិន្តឃើញការលំបាកពីសម័យខ្មែរក្រហម ទោះបីរបបនេះបានកន្លងហួសជាង៤០ឆ្នាំហើយក៏ដោយ។
សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយៈ អេង សុខម៉េង