ខំដើម្បីរស់
(តាកែវ)៖ ហ៊ឹម ស៊ីថន បច្ចុប្បន្នមានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ មានបងប្អូន៥នាក់។
គាត់បានរៀបរាប់រឿងរ៉ាវជូរចត់ជាច្រើន ដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម។ គាត់ខ្លួនឯងផ្ទាល់ស្ទើតែមិនជឿថាគាត់អាចមានជីវិតរស់នៅមកសល់សព្វថ្ងៃដោយគាត់បានជួបរឿងជាច្រើន ដូចជាការបង្ខំឲ្យធ្វើការងារ របបអាហារមិនគ្រប់គ្រាន់ បែកបាក់សាច់ញាតិបងប្អូន។ គាត់តស៊ូរស់នៅក្នុងរបបខ្មែរក្រហមដោយខិតខំធ្វើការគ្រប់បែបយ៉ាងដើម្បីតែរស់។
នៅអំឡុងឆ្នាំ១៩៧៥ គាត់ពុំត្រូវបានអង្គការជម្លៀសចេញពីភូមិកំណើតនោះទេ ក៏ប៉ុន្តែឪពុកម្ដាយ និងបងប្អូនត្រូវបានគេជម្លៀសទៅខេត្តបាត់ដំបងដោយពុំបានដឹងដំណឹងពីគ្នាបន្តិចសោះ រហូតដល់ឆ្នាំ១៩៧៩ ទើបគាត់បានទទួលដំណឹងថាឪពុកម្ដាយ និងបងប្អូនរបស់គាត់ត្រូវបានបាត់បង់ជីវិតទាំងអស់នៅក្នុងរបបខ្មែរក្រហម។
ស៊ីថន ត្រូវបានខ្មែរក្រហមបំបែកចេញពីគ្រួសារ និងប្រពន្ធកូន ដោយឲ្យគាត់ទៅធ្វើការនៅឯការដ្ឋានឆ្ងាយពីផ្ទះនៅមាត់ស្ទឹង។ អង្គការបានឲ្យគាត់ ធ្វើស្រែចម្ការ បោចស្មៅ និងលើកភ្លឺស្រែ។ ចំពោះម៉ោងធ្វើការគឺមិនទៀងទាត់នោះទេ ពេលខ្លះគេបង្ខំឲ្យគាត់ទៅធ្វើការតាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបបានឈប់សម្រាក ម៉ោង១២ត្រូវចេញទៅធ្វើការទៀតរហូតដល់ម៉ោងប្រាំល្ងាច ចំណែកពេលខ្លះទៀតក៏ត្រូវធ្វើការពេលយប់បន្ថែម។
គាត់បានបញ្ជាក់ថែមទៀតដែរថា កូនរបស់គាត់ត្រូវខ្មែរក្រហមបង្ខំឲ្យរែកអាចម៍គោ និងរែកដី។ ចំពោះកុមារតូចៗដែលមិនទាន់អាចធ្វើការបានត្រូវយកទៅផ្ញើនៅមណ្ឌលកុមារពីព្រឹករហូតដល់ពេលល្ងាចទើបយកត្រឡប់មកផ្ទះវិញ។ នៅក្នុងមណ្ឌលនោះមានលោកយាយចំណាស់ៗនៅចាំមើលក្មេងៗទាំងនោះ។ នៅក្នុងរបបខ្មែរក្រហម វត្តអារាម ព្រមទាំងសាលារៀន ត្រូវបានខ្មែរក្រហមយកទៅធ្វើជារោងចុងភៅ និងឃ្លាំងសម្រាប់ដាក់ស្រូវ។ នៅក្នុងរបបនោះដែរមិនអនុញ្ញាតឲ្យចាយប្រាក់នោះទេ។
របបអាហារគឺមិនគ្រប់គ្រាន់ឡើយ មានតែបបរលាយជាមួយសម្លរត្រកួន និងព្រលឹតតែប៉ុណ្ណោះ។ បបរមួយខ្ទះត្នោតមានតែអង្ករបីកំប៉ុង។ នៅពេលដែលដល់ម៉ោងត្រូវហូបអាហារគាត់បានលួចបេះត្រកួន ផ្ទីយកទៅដាក់ក្នុងបបរបន្ថែមដើម្បីចម្អែតក្រពះ។
ស៊ីថន បានបន្ថែមថានៅរបបនោះក៏មានផ្ដល់ជាបាយសម្រាប់បរិភោគដែរ តែមានត្រឹមតែបីខែប៉ុណ្ណោះ ពីខែមករាដល់ខែមីនា។ នៅពេលមានជំងឺអង្គការបានផ្ដល់ថ្នាំដែលធ្វើអំពីឫសរុក្ខជាតិគឺថ្នាំអាចម៍ទន្សាយ។ ជំងឺខ្លះលេបថ្នាំនោះហើយក៏បានធូរសះស្បើយ ជំងឺខ្លះក៏មិនបានធូរ សម្រាប់អ្នកដែលឈឺធ្ងន់អង្គការបានអនុញ្ញាតឲ្យសម្រាក បើឈឺស្រាលត្រូវធ្វើការធម្មតាមិនអាចសម្រាកបានទេ។
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់គាត់បានរៀបរាប់ថា របបនោះគឺជាការចងចាំដ៏ឈឺចាប់បំផុត៕
សម្ភាសន៍ដោយ ថឹក ចាន់ណា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ