ម្តាយ បងប្អូន និងប្តីស្លាប់សម័យខ្មែរក្រហម

(ស្វាយរៀង) ៖ អុិន ឆែ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានបងប្អូនចំនួនប្រាំពីរនាក់ បាត់ខ្លួនក្នុងរបបខ្មែរក្រហមចំនួនបីនាក់។

ក្នុងរបប លន់ នល់ ឆែ បានរៀបការ និងមានកូនស្រីម្នាក់​។ គាត់រស់នៅជួបជុំគ្នានៅស្រុកកំណើត ភូមិ​ត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក។ ក្នុងរបបខ្មែរក្រហម​ ដំបូងគាត់អាចរស់នៅជួបជុំគ្នា។ រំលងបាន១ខែអង្គការ​បានបំបែកគាត់ ប្តី និងកូនឲ្យរស់នៅផ្សេងៗគ្នា តាម​កងកុមារ និងកងចល័ត។ ទ្រព្យសម្បត្តិ និងសត្វពាហនៈត្រូវបានអង្គការ​ប្រមូលយកទៅទុកប្រើប្រាស់រួមក្នុងសហករណ៍។

កូនស្រីរបស់ ឆែ អង្គការឲ្យទៅរស់នៅក្នុងកងកុមារជាមួយកុមារផ្សេងទៀត និងត្រូវដើររើសអាចម៍គោទុកធ្វើជី។ កូនគាត់ និងក្មេងៗ​មិនទទួលបានការសិក្សាអប់រំទេ។ ចំណែក ឆែ និងប្តីធ្វើការនៅកងចល័ត ត្រូវទៅធ្វើការងាររែក និងជីកដី ធ្វើទំនប់សម្រាប់​ស្តុកទឹកទុកធ្វើស្រែ។

អុិន ឆែ៖ «ពេលចាប់ផ្តើមដំបូងនៃរបបខ្មែរក្រហម ជីវិតខ្ញុំនិងគ្រួសារ​មិនទាន់ជួបការលំបាកទេ។ ការលំបាកនិងព្រាត់ប្រាស់គ្រួសារបានចាប់ផ្តើមពេលជម្លៀសទៅខេត្តបាត់ដំបង។ លំបាកទាំងការងារ ការរស់នៅ និងសាច់ញាតិត្រូវបាត់ខ្លួន និងស្លាប់»។

ឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសគាត់ ប្តី និងកូនទៅខេត្ត​បាត់ដំបង។ បន្ទាប់ពីបងប្អូន និងឪពុក ម្តាយ ត្រូវបានជម្លៀសទៅមុន។ នៅទីនោះគាត់រស់នៅសហករណ៍ដំណាក់រុន។ ប្តី និងកូនរស់នៅផ្សេងគ្នា។ ប្តីត្រូវបាននាំយកទៅសម្លាប់ដោយចោទថាជាខ្មាំង ម្តាយស្លាប់ដោយសារជំងឺ និងបងប្អូនបីនាក់ត្រូវនាំយកទៅបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ បងប្អូនទាំងបីនាក់គឺជាអ្នកចេះដឹងរៀន​បានខ្ពស់ក្នុងរបប លន់ នល់ គឺ អ៊ិន ប្រាក់, អ៊ិន ជា, និង អ៊ិន ជឹម។ ឆែ បានបន្តថា អ្នកមានចំណេះដឹងផ្សេងទៀត ដែលត្រូវ​បាន​ជម្លៀសពីខេត្តស្វាយរៀង ត្រូវបានអង្គការសម្លាប់នៅខេត្តបាត់ដំបង។

ចំណែកគាត់ និងឪពុក ដែលនៅរស់ត្រូវបានប្រើឲ្យធ្វើការគ្មានពេល​សម្រាក និងផ្តល់របបអាហារបន្តិចបន្តួច​។ គាត់ត្រូវធ្វើការរុករានព្រៃ ​គាស់គល់ឈើ និងរកអុស​សម្រាប់សហករណ៍រោងបាយ។ យុវជនចល័តធ្វើការជាមួយ ឆែ បានបាត់ខ្លួនស្ទើររាល់ថ្ងៃ​មិនដឹងថា នាំគាត់ទៅទីណានោះទេ។

ក្រោយមកអង្គការបានប្តូរគាត់មកធ្វើការនៅសហរកណ៍​រោងបាយវិញត្រូវដើរបេះបន្លែផ្សេងៗ និងដក​ដំឡូងមកស្លសម្រាប់យុវជនច្រើនក្រុមហូបដែលមកពីធ្វើការជីក និងរែកដី។ នៅពេលយប់គាត់ត្រូវច្រូតស្រូវជាមួយក្រុមនារីជម្លៀសទៅពីខេត្តស្វាយរៀងជាមួយគាត់រហូតដល់យប់ជ្រៅ។

នៅចុងឆ្នាំ១៩៧៨ អំឡុងពេលច្រូតស្រូវគាត់ទទួលបានសំបុត្រទម្លាក់តាមយន្តហោះ។ គាត់បានអានសំបុត្រនោះ។ សំបុត្រសរសេរថា អ្នកណានៅស្រុកណា​អាចទៅស្រុកនោះវិញព្រោះប្រទេសត្រូវបានរំដោះហើយ ពេលនោះគាត់ និងអ្នកសហករណ៍ផ្សេងទៀតត្រេកអរជាខ្លាំង ប៉ុន្តែមិនទាន់ហ៊ាននិយាយប្រាប់គេឯងនោះទេ។ បីថ្ងៃក្រោយមកទើបមានកងទ័ពរំដោះចូលដល់កន្លែងគាត់រស់នៅ ទាហានខ្មែរក្រហមក៏រត់គេចខ្លួនអស់។ ឆែ ក៏នាំបងប្អូន និងឪពុកមករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។ ឆែ បច្ចុប្បន្ន មានជំងឺក្រពះ និងជំងឺលើសឈាម​។

អត្ថបទដោយៈ អេង សុខម៉េង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤

សម្ភាសន៍ដោយៈ  សៅ ចាន់ណា  ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin