អ្នកបររទេះគោដឹកស្រូវសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ សៅ ហាក់ មានអាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានបងប្អូនបួននាក់គាត់ជាកូនបង។ ឪពុកឈ្មោះ សៅ ម៉ាក់ ជាអតីតកងជីវពលរបប លន់ នល់ រស់នៅភ្នំពេញត្រូវបានសម្លាប់ នៅពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
នៅរបបខ្មែរក្រហម ហាក់ រស់នៅស្រុកកំណើតជាមួយប្អូន និងម្តាយ នៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ គាត់ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការក្នុងកងចល័តពេលនោះគាត់នៅវ័យពេញកម្លាំងត្រូវទៅធ្វើការជាកម្លាំងស្រួចរែកដី និងធ្វើទំនប់។
ក្រោយមក ឆ្នាំ១៩៧៨ ហាក់ និងគ្រួសារបានជម្លៀសទៅខេត្តពោធិ៍សាត់។ គាត់ធ្វើដំណើរថ្មើរជើង ជិះកប៉ាល់ និងជិះរថភ្លើងទើបបានដល់ខេត្តពោធិ៍សាត់។ នៅទីនោះគាត់រស់នៅតំបន់ផ្ទះរុង ចំណែកសមាជិកគ្រួសារត្រូវរស់នៅកន្លែងផ្សេងៗគ្នា។ គាត់ស្ថិតនៅកងចល័តយុវជន(កងយូវ៉ាន់) ត្រូវជីកប្រឡាយ និងលើកភ្លឺស្រែ។ ពេលទៅធ្វើការ ហាក់ បានឃើញសកម្មភាពខ្មែរក្រហមសម្លាប់មនុស្សច្រើននាក់ ពេលខ្លះសម្រាប់ទាំងគ្រួសារ ដោយទម្លាក់ចូលក្នុងអណ្តូងទឹកដែលលែងប្រើប្រាស់។ ចំណែករូបគាត់ខ្មែរក្រហមចង់សម្លាប់ជាច្រើនដង ប៉ុន្តែឃើញគាត់សកម្មនឹងការងារ ប្រធានកងក៏ទុកគាត់ប្រើសិន ទើបគាត់មានសំណាងអាចមានជីវិត រស់នៅដល់សព្វថ្ងៃ។
ក្រោយមក ហាក់ បានផ្លាស់ទៅធ្វើការក្នុងក្រុមបររទេះគោដឹកស្រូវសម្រាប់សហករណ៍រោងបាយវិញ។ គាត់បន្តថា ដោយសារគាត់ត្រូវធ្វើដំណើរឆ្ងាយៗ ទៅដឹកស្រូវទើបបានជួបហេតុការណ៍សម្លាប់មនុស្សជារឿយៗ។ ជាក់ស្តែងប្អូនរបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់ គាត់បានឃើញដែរ ប៉ុន្តែមិនអាចជួយប្អូនបាន គឺមានតែការឈឺចាប់រហូតដល់បច្ចុប្បន្ន។ គាត់បន្តទៀតថា ប្អូនគាត់ត្រូវបានចងដៃទៅក្រោយ និងវាយទម្លាក់រណ្តៅជម្រៅមិនដល់កន្លះម៉ែត្រផងនៅជិតផ្លូវគាត់បររទេះ។
អំឡុងពេលនៅពោធិ៍សាត់ ហាក់ ធ្លាប់ឈឺជំងឺរាគស្ទើរតែស្លាប់បានប្រជាជនមូលដ្ឋានចាស់ចិត្តល្អជួយឲ្យសម្រកស្តៅយកទៅថាំ្នទឹកហូបទើបគាត់អាចជាពីជំងឺ។
ហាក់៖ «ក្នុងរបបនោះមួយកងចល័តគ្នា១២នាក់នៅសល់តែខ្ញុំម្នាក់នៅរស់រានមានជីវិត។ របបខ្មែរក្រហមសម្លាប់មនុស្សគ្មានអាណិតអាសូរទេពិសេសប្រជាជនជម្លៀសពីខេត្តស្វាយរៀងដូចរូបខ្ញុំ។ ពេលខ្ញុំបររទេះដឹកស្រូវខ្ញុំឃើញស្រូវច្រើនណាស់ ប៉ុន្តែប្រជាជនមិនបានហូបគ្រប់គ្រាន់»។
រឿងរ៉ាវដែល ហាក់ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺ ការដែលខ្មែរក្រហមប្រើគាត់ទាំងថ្ងៃទាំងយប់ គ្មានពេលសម្រាកនៅតែមានឈ្មោះត្រូវយកទៅសម្លាប់ព្រោះគាត់ជាបុរសមកពីភូមិភាគបូព៌ា ប៉ុន្តែទុកប្រើសិន ។
ហាក់ក៏ធ្លាប់ឃើញខ្មែរក្រហមធ្វើទារុណកម្មចងដៃទៅក្រោយ និងវាយនារីម្នាក់ក្នុងកងចល័តដោយចោទថាជាខ្មាំង។ នារីនោះត្រូវបានខ្មែរក្រហមធ្វើមេទ្ទិញប្រកាសតាមប្រព័ន្ធឧឃោសនស័ព្ទប្រាប់ដល់អ្នកផ្សេងៗ កុំឲ្យយកតម្រាប់តាម។ ក្រោយមកនារីនោះត្រូវបានសម្លាប់។
ហាក់ ក៏ធ្លាប់ឃើញខ្មែរក្រហមចាប់ផ្សឹកព្រះសង្ឃ និងវាយកម្ទេចព្រះពុទ្ធបដិមាករ និងរុះរើយកឈើព្រះវិហារយកទៅធ្វើរោងបាយ និងកន្លែងស្នាក់នៅរួម ព្រមទាំងយកបរិវេណវត្តធ្វើជាកន្លែងចិញ្ចឹមសត្វពាហនៈ។
ពេលរបបខ្មែរក្រហមដួលរលំ គាត់បានដើររកប្អូនៗ និងម្តាយ នាំគ្នាត្រឡប់មករស់នៅស្រុកកំណើតវិញ។ គាត់ធ្វើដំណើរដោយថ្មើរជើងរយៈពេលបីខែទើបមកដល់ខេត្តស្វាយរៀង។
ហាក់ បច្ចុប្បន្នដាំបន្លែជុំវិញផ្ទះ និងប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត។
អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤
សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១