ខ្ញុំមិនដែលឃើញរបបឃោរឃៅដូចខ្មែរក្រហមទេ

(កំពង់ឆ្នាំង) ៖ ហង្ស ភន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨០ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ភន ឲ្យដឹងថាមិនដែលបាន​ជួប​របបណាឃោរឃៅ ព្រៃផ្សៅ បងំ្ខមនុស្សឲ្យធ្វើការហួសកម្លាំង និងកាប់សម្លាប់​ប្រជាជនខ្លួន​ឯងដូចរបបខ្មែរក្រហម​ដែលបានប្រព្រឹត្តិអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី០៦ ខែមករាឆ្នាំ១៩៧៩ នេះទេ។

ក្នុងរបបខ្មែរក្រហម ភន និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត។ ភន បានរៀបរាប់ហេតុការណ៍ពេលជម្លៀសប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា ក្នុងគម្រោងស្តីពី​ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម អំឡុងឆ្នាំ២០២២ថា ពេលនោះមានយន្តហោះហោះពី​លើហ្វូងមនុស្ស អមដោយស្នូរកំាភ្លើងឮសូរអត់ដាច់ មនុស្សម្នាភិត​ភ័យ ម្នាក់ៗបានរត់រកកន្លែងមានសុវត្ថិភាពរៀងៗខ្លួន ដោយអ្នកខ្លះបានលាក់ខ្លួនតាមគុ​ម្ពោ​ត​ព្រៃ និងខ្លះទៀតតាមដើម​ឈើ។ ខណៈពេលជម្លៀស ភន បានបែកសមាជិកគ្រួសារដោយ​​សារ​ការភ័យខ្លាច។

អំឡុងពេលជម្លៀស ភន បានឃើញសាកសពស្លាប់តាមដងផ្លូវដោយសារត្រូវគ្រាប់កាំភ្លើង និងមានរុំកន្ទេល។ ពេលដល់ទីតំាងជម្លៀសស្ថិតក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែស្រុកផ្សេង ភន រស់នៅក្នុងកងចល័តធ្វើការែកដី និងជីក​ប្រឡាយ​។ គេបានបំបែកចាស់ៗ និងក្មេង​ៗឲ្យ​រស់នៅផ្សេងគ្នា។

ភន បានដឹងថានាពេលយប់កងឈ្លបខ្មែរក្រហមតែងតែដើរស្តាប់តាមក្រោមផ្ទះរបស់ប្រជាជន ខ្លាចមានអ្នកចង់ប៉ះបោរ។

ក្រោយមក ភន ត្រូវបានគេប្រើឲ្យចញ្រ្ចាំដើមទន្ទ្រាន​ខេត្តយកទៅធ្វើជីដាក់ស្រែ និងធ្វើស្រែ ស្ទូងស្រូវ រហូតដល់ យប់។ ពេលហូបបាយត្រូវហូបរួមលើតុវែង ហូបជាមួយសម្ល​ម្ជូរដើមចេក។ ភន ​​រៀបរាប់បន្តថា គាត់មានជីវិតរស់ពីសម័យនោះដោយសារទឹកត្នោតដែលប្អូនគាត់បានឡើង និង​លួចទុកឲ្យផឹកគ្រាន់មានកម្លាំងដើម្បីធ្វើការជូនអង្គការ​។

ភន និយាយថា៖ ប្រជាជនខិតខំធ្វើការរហូតហួសកម្លំាង​គ្មានម៉ោងសម្រាក ហេតុអ្វីនៅតែគ្មានស្រូវហូបគ្រប់គ្រាន់។

ភន បានឃើញពិធីបើកវគ្គ ជាពិធីរៀបការ​ដោយបង្ខំធ្វើឡើងដោយខ្មែរក្រហម ពិធីរៀបការធ្វើឡើងម្តងៗពី ៣គូ រាប់រយគូ ស្រ្តី និងបុរស​មិនត្រូវបាន​ស្គាល់គ្នាទេ គាត់ត្រូវបាន​ហៅឲ្យឡើងប្តេជ្ញាចិត្តម្តង១គូៗ គ្មាននរណាហ៊ានបដិសេធនោះទេ។ ឈ្លបខ្មែរក្រហមតែងដើរស៊ើបការណ៍​នៅពេលយ់តាមផ្ទះប្តីប្រពន្ធដែលទើបតែរៀបការ។ ប្រ​សិនបើ​មានអ្នកមិនចុះសម្រុងគ្នាខ្មែរក្រហមហៅមកអប់រំឬយកទៅ​សម្លាប់ចោល។

ភន បានបាត់បង់កូនៗចំនួនពីរនាក់ដោយជំងឺ និងភាពអត់ឃ្លាន និងប្តីស្លាប់ដោយសារខ្មែរក្រហមយកទៅសម្លាប់ដោយចោទថាជាខ្មាំង។ ចំណែកម្តាយក្មេកស្លាប់ដោ​យ​សារការធ្វើការហួស​កម្លាំង និងហូបមិនគ្រប់គ្រាន់។

ភន តែងតែនឹករលឹកដល់សាច់ញាតិ ពិសេសកូនៗទាំងពីរដែលនៅក្មេងមិនទាន់ដឹងក្តី។ ភន បានបួងសួងសុំឲ្យសាច់ញាតិទាំងអស់កើតជាតិ​ណាៗកុំឲ្យជួបការលំបាកដូច​របប​ខ្មែរ​ក្រហមទៀត៕

សម្ភាសន៍ដោយ បឿន ស្រីនិច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin