ទទួលបានបបរពីរចានក្នុងមួយថ្ងៃសម្រាប់តែមួយរស់

(សៀមរាប) ៖ ភាក់ រ៉ែត មានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រ៉ែត បានចូលរៀនត្រឹមថ្នាក់ទី១០ មុនពេលដែល រ៉ែត បានឈប់សិក្សាដោយសារភាពក្រខ្សត់។​ បន្ទាប់ពីបញ្ឈប់ការសិក្សា រ៉ែត បានមកឃ្វាលគោដើម្បីចិញ្ចឹមជីវិត ។​

ពេលដែលខ្មែរក្រហមបានចូលកមកាន់កាប់ខេត្តសៀម​​​រាប ទាហានមួយចំនួនបានមកសុំមាន់ និង អង្ករ។ ទាហានខ្មែរក្រហមច្រើនចេញមកយកមាន់ និងអង្ករពីប្រជា​ជននៅពេលយប់។​ប្រសិនបើប្រជាជននៅក្នុងភូមិរកមិនបានឲ្យទេ ទាហានខ្មែរក្រហមនឹងយកប្រជាជនទៅសម្លាប់។

រ៉ែត ជាប្រជាជនចាស់ ហើយមានតែតួនាទីកិនស្រូវជាមួយនឹងប្រជាជនប្រមាណ ១៤នាក់ទៀត។ រ៉ែត ទទួលបានបបរពីរពេលក្នុងមួយថ្ងៃ។​ រ៉ែត បាននិយាយថា ការហូបចុកមានភាពវេទនាណាស់។​ រ៉ែត មិនបានដែលបានបរិភោគអាហារឆ្អែតទេ អង្គការផ្ដល់បបរឲ្យសម្រាប់តែឲ្យរ៉ែតបានមួយរស់តែប៉ុណ្ណោះ។​

រ៉ែត​​បានរៀបអាពាហ៍ពិពាហ៍​នៅបន្ទាប់ពីបានឈប់​សិក្សានៅក្នុងសម័យសាធារណរដ្ឋខ្មែរ។​​​ រ៉ែត មានកូនបីនាក់។​ នៅក្នុងរបបខ្មែរក្រហម រ៉ែត ធ្លាប់មានផ្ទៃពោះ។​ពេទ្យរបស់អង្គការបានឲ្យលេបថ្នាំអាចម៍ទន្សាយ​ដើម្បីបាត់ការឈឺចាប់រាល់ពេលដែល រ៉ែត ឈឺពោះម្ដងៗ។​

សម្លៀកបំពាក់សម្រាប់ប្រជាជនម្នាក់ៗ ត្រូវបានអង្គការចែកឲ្យតែមួយសម្រាប់តែប៉ុណ្ណោះ។​​ ចំពោះអាវឬខោដែលរហែកនោះ ម្ចាស់របស់សម្លៀកបំពាក់ ត្រូវយកក្រណាត់អ្វីម្យ៉ាងដើម្បីយកមកប៉ះឲ្យជិតវិញ។​សម្លៀកបំពាក់ដែលមានពណ៌ត្រូវយកទៅគក់ជ្រលក់ជាមួយនឹងគ្រាប់ម្យ៉ាងដែលមានពណ៌ខ្មៅ។

រ៉ែត បានបាត់បង់សមាជិកគ្រួសាររបស់ខ្លួនទាំងអស់ពីរនាក់។ ប្អូនរបស់រ៉ែតទាំងពីរត្រូវបានបាត់បង់ជីវិត ដោយម្នាក់ត្រូវបានអង្គការយកទៅសម្លាប់ និងម្នាក់ទៀតត្រូវបាន​​​អង្គការចាប់ខ្លួនទៅបាត់ដំណឹងជារៀងរហូត។​

សព្វថ្ងៃ រ៉ែត រស់នៅជាមួយនឹងចៅស្រី និងបានប្រាក់ចំណូលពីប្រាក់ចូលនិវត្តន៍របស់ស្វាមីរបស់គាត់ និងចំណូលពីចៅផងដែរ។​ រ៉ែត មានជំងឺរបេងដែលបណ្ដាលឲ្យក្អកជាញឹកញាប់។​ រ៉ែត បាននិយាយថា ជំងឺរបេងនោះបានព្យាបាលរួចម្ដងហើយ ប៉ុន្ដែបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ១៩ ហើយ ជំងឺរបេងនោះបានរើមកវិញ។

សម្ភាសន៍ដោយ ផា សុភាក់

អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin