បរិភោគច្រើនចាប់យកទៅសម្លាប់

(សៀមរាប) ៖ ណំ ហ៊ាប មានអាយុ៨១ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧០ ហ៊ាប បានជួបប្រទះជាមួយនឹងការបាញ់ផ្លោងរវាងទាហានខ្មែរក្រហមនិងទាហានរបស់លុន នល់។​

នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកកាន់កាប់ប្រទេសកម្ពុជា ហ៊ាប មិនត្រូវបានចាត់ទុកជាប្រជាជនថ្មីនោះទេព្រោះគាត់បានរស់នៅក្នុងស្រុកវ៉ារិនតាំងពីកំណើត ។ អង្គការតែងតែគម្រាមកំហែងដល់ប្រជាជនស្លូតត្រង់ដោយប្រើពាក្យថា៖ ជីករណ្ដៅនៅខាងមុខផ្ទះ ហើយយកទៅសម្លាប់នៅក្នុងរណ្ដៅនោះ។​ លោកសង្ឃដែលប្រកាន់ភ្ជាប់ជាមួយនឹងព្រះធម៌ត្រូវបានចាប់យកមកផ្សឹក ហើយទៅធ្វើស្រែចម្ការដូចអ្នកដទៃទៀតដែរ។​

ហ៊ាប មានតួនាទីជាអ្នកដាំបាយនៅក្នុងរោងចុងភៅរបស់អង្គការ។​ ក្នុងមួយថ្ងៃ ហ៊ាប ត្រូវដាំបាយក្នុងខ្ទះដែលយកមកធ្វើស្ករត្នោតយ៉ាងហោចណាស់ឲ្យបាន៣០ឆ្នាំង។​ គាត់ត្រូវបានជម្លៀសទៅភូមិដំណាក់ដំរី ដែលនៅតំបន់នោះមិនសូវខ្វះអាហារបរិភោគនោះទេ។​​ ទោះបីជាមិនសូវខ្វះអាហារក៏ដោយ ក៏នៅតែមានទាហានមួយចំនួនសម្លុតគាត់មិនឲ្យបរិភោគច្រើននោះទេ។​

បើសិនជាបរិភោគច្រើននោះ ទាហានខ្មែរក្រហមនឹងចាប់គាត់ទៅសម្លាប់។​ ហ៊ាប ធ្លាប់បានឃើញប្រជាជនយកទៅសម្លាប់មិនលើកលែងសូម្បីតែក្មេងឬក៏ចាស់។ ពេលវាយប្រជាជនម្ដងៗ ហ៊ាប ឮតែសម្លេងដែលយកពូថៅទៅសម្លាប់នោះរហូត។​

ក្រៅពីធ្វើជាអ្នកដាំបាយនៅក្នុងរោងចុងភៅ គាត់ក៏មានតួនាទីក្នុងការធ្វើស្រែដែរ។​ ខ្មែរក្រហមបានឲ្យគាត់និងប្រាជាជនផ្សេងៗទៀតធ្វើការលើសម៉ោង​ ហើយនឹងលើសពីកម្លាំងមនុស្សអាចទ្រទ្រង់បាន។ ហ៊ាប បាននិយាយបន្ដទៀតថានៅពេលមេឃភ្លៀង គាត់និងប្រជាជនផ្សេងទៀតនៅតែបន្តស្ទូងស្រូវដដែល ហើយក៏មិនហ៊ានឈប់ដែរ។​

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ គាត់បានបន្តរស់នៅក្នុងស្រុកវ៉ារិនដដែល។​ សព្វថ្ងៃ ហ៊ាប មានរបរជាអ្នកធ្វើស្រែចម្ការ។​ គាត់ស្អប់របបខ្មែរក្រហមខ្លាំងណាស់។ ហ៊ាប មិនសូវដឹងអំពីការកាត់ក្ដីខ្មែរក្រហម ហើយក៏មិនដែលតាមដានរឿងកាត់ក្ដីនោះទេ។​ ហ៊ាប​ និយាយថា ក្រៅពីប៉ុល ពត គាត់មិនស្គាល់អតីតមេដឹកនាំខ្មែរក្រហមអ្វីផ្សេងទៀតឡើយ។​

សព្វថ្ងៃគាត់មានការឈឺចុកចាប់ពីចង្កេះដល់ជើង។​ គាត់ទទួលការព្យបាលដោយទៅពេទ្យនិងប្រើប្រាស់ថ្នាំពេទ្យ។​ ហ៊ាប គ្មានសាច់ញាតិជូនទៅពេទ្យនោះទេ គឺគាត់ទៅដោយខ្លួនឯងផ្ទាល់។​

សម្ភាសន៍ដោយ ហាំ សៀងហេង

អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin