អតីតទាហានសម័យលន់ នល់

(ស្វាយរៀង) ៖ ម៉ម សុផៃ មានអាយុ៦៤ឆ្នាំ ជាមេភូមិ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ដោយ​សារតែនៅក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រា​ប់បែកគាត់បានសម្រេចចិត្តចូលធ្វើទាហានក្នុងឆ្នាំ ១៩៧២។

ចូលដល់របបខ្មែរក្រហម សុផៃ បានត្រឡប់មករស់នៅក្នុងភូមិដោយលាក់ប្រវត្តិរូបជាអតីតទាហាន។ អង្គការបានឲ្យគាត់ទៅ​រស់នៅ និងធ្វើការក្នុងកងចល័តដូចយុវជនដទៃទៀត។ គាត់ត្រូវរស់នៅបែកពីសមាជិកគ្រួសារ ដោយប្អូន រស់នៅក្នុងកងកុមារ កងយុវជន និងឪពុកម្តាយរស់នៅកងចាស់​​។ នៅអំឡុងពេលពេញ​របប​ខ្មែរក្រហម សុផៃ មិនបានរស់នៅជួបជុំឪពុកម្តាយ និងបងប្អូនទេ។

សុផៃ មានអាយុប្រមាណ១៩ឆ្នាំ គាត់ត្រូវទៅ​ធ្វើការឆ្ងាយ​ៗ គ្រប់បែបយ៉ាងតាមតែអង្គការបញ្ជា ដូចជា ជីក រែកដី កសាងទំនប់ លើក​ភ្លឺស្រែ និងរានព្រៃ ដើម្បីទុកដីឲ្យប្រជាជនធ្វើស្រែ​ចម្ការ។

កន្លងទៅបានបីខែ អង្គការ​បានជម្លៀសគាត់ទៅស្រុកបាភ្នំ ខេត្តព្រៃវែង។ គាត់ត្រូវឃ្លាតឆ្ងាយពីឪពុក មា្តយ និងបងប្អូន គាត់ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះពេលចេញពីស្រុកមិនបានជួប និងប្រាប់ពីដំណឹងថាគាត់ត្រូវអង្គការជម្លៀស នោះទេ។ មកដល់ទីកន្លែងថ្មី សុផៃ ខិតខំធ្វើការទ្វេដងព្រោះតែ​គាត់ឃើញក្នុងកងមានការបាត់ខ្លួនមនុស្សជាញឹកញាប់​។ គាត់ទទួលបានរបបបអាហារមិនគ្រប់គ្រាន់ ដោយក្នុងមួយថ្ងៃបបរពីរវែកសម្រាប់ពីរពេល។ ថ្ងៃមួយប្រធានកង​បានសួរ​យុវជន និងសុផៃ ថាតើហូបឆ្អែតឬទេ? ឆ្ងាញ់ឬទេ? គាត់បានប្រាប់វិញថា ហូបឆ្អែត និងឆ្ងាញ់។ សុផៃបន្តថា ក្នុងរបបនោះមិនអនុញ្ញាតឲ្យយើងរិះគន់ និងនិយាយមិនល្អពីអង្គការទេប្រជាជនអាចនឹងត្រូវនាំទៅ​សម្លាប់ដោយគ្រាន់តែនិយាយថា ហូបមិនឆ្អែត។

នៅសហករណ៍ស្វាយទទឹម ស្រុករមាសហែក សុផៃធ្លាប់ឃើញជាញឹកញាប់ទាហាន​ខ្មែរក្រហមបណ្តើរប្រជាជនទាំងខ្សែៗយកទៅសម្លាប់ ម្តងៗមានចំនួន១០នាក់ រហូតដល់៣០នាក់។

បងប្អូនសុផៃពីរនាក់ដែលធ្វើជាទាហានបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។

សុផៃ៖ «ខ្ញុំឃើញសូ្រវច្រើនដែលប្រជាជនបង្កបង្កើនផលបាន​ទាំងនៅស្វាយរៀង និងព្រៃវែងប៉ុន្តែត្រូវបានដឹកចេញអស់ៗពីឃ្លំាងស្តុកស្រូវ។ [អង្គការ] ប្រើប្រជាជនឲ្យធ្វើការគ្មានពេលសម្រាក និងសង្ស័យ​ប្រជាជនថា ជាខ្មាំងប្រឆាំងនឹងខ្លួន។ ជីវិតរស់នៅក្នុងរបបខ្មែរ​ក្រហមស្លាប់គឺងាយស្រួល បើរស់ត្រូវទទួលរងទុក្ខ។ ដំណាំផ្សេងៗដែលប្រជាជនដំាបានក៏មិនអាចហូបបានដែរ»។

សុផៃ ធ្លាប់ត្រូវបានអង្គការចាប់ដាក់គុកប៉ុន្តែដោ​យសារតែជីវិតមិនទាន់អស់ ចេះតែ​មានសំណាងអាចនៅរស់រានមានជីវិត។ គាត់បាន​បន្តនិយាយថា នៅក្នុងគុកត្រូវធ្វើ​ការងារធ្ងន់លើសពីប្រជាជនធម្មតាពីរទៅបីដង។

គាត់បានតាមដានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហ​ម​។ គាត់ប្រាប់ថា ការកាត់ទោសនេះមានសារៈសំខាន់ណាស់ដើម្បីឲ្យអ្នករស់រានមានជីវិតទទួលបានការផ្សះផ្សារបួសផ្លូវចិត្ត។ សុផៃ ក៏បានស្នើឲ្យក្មេង​ជំនាន់ក្រោយត្រូវសិក្សាពីប្រវត្តិសាស្រ្ត និងចូលរួមទប់ស្កាត់របបខ្មែរក្រហមកុំឲ្យត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី។

បច្ចុប្បន្ន សុផៃ មានជំងឺក្រពះពោះវៀន ជំងឺខ្សោយបេះដូង និងជំងឺសន្លាក់ដៃជើង។

សម្ភាសន៍ដោយ  សេន វាសនា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin