របបខ្មែរក្រហមជារបបឃោរឃៅ

(ព្រៃវែង)៖ ឌុក យោន មានអាយុ៧១ឆ្នាំ មានមុខ​របរ​ជាកសិករ បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់មានកូនចំនួន១១នាក់។

នៅក្នុងរបប លន់ នល់ យោន បានឃើញក្នុងភូមិមាន​សង្គ្រាម និងការទម្លាក់គ្រាប់បែក។ យោន ប្តី និងកូន មិនសូវ​បានស្នាក់នៅផ្ទះទេពិសេសនៅពេលយប់ គឺត្រូវរត់គេចទៅពួននៅតាមវាលស្រែ និងក្នុងព្រៃ​។

យោន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់​បានរៀបការនៅមុនឆ្នាំ១៩៧៥ ហើយក្នុងរបបខ្មែរក្រហមគាត់​មានកូនចំនួនពីរនាក់។ យោន កូន និងប្តីរស់នៅ​ភូមិសង្គ្រោះ ប៉ុន្តែត្រូវរស់នៅកន្លែងផ្សេងៗគ្នា។ ប្តីធ្វើការនៅកងចល័ត​ផ្សេងពីគាត់ដែលត្រូវទៅជីកទំនប់ លើកប្រឡាយ និងភ្លឺស្រែនៅឆ្ងាយៗពីភូមិ និងមានពេលខ្លះត្រូវសម្រាក​នៅក្នុងព្រៃកន្លែងធ្វើការងារ ហើយយូរៗម្តងទើបអង្គការអនុញ្ញាតឲ្យមក​លេងគ្រួសារ។

យោន និយាយបន្តថា របបខ្មែរក្រហមជារបបឃោរ​ឃៅធ្វើបាបប្រជាជនជាងគេ ក្នុងចំណោមរបបទាំងអស់​ដែលគាត់បានឆ្លងកាត់។ ប្រជាជនទទួលរងទុក្ខលំបាក ត្រូវបែកពីសមាជិកគ្រួសារ ធ្វើការងារធ្ងន់គ្មានពេលសម្រាក និងគ្មានសិទ្ធិសេរីភាពក្នុងការរស់នៅ ធ្វើអ្វីៗទាំងអស់តាមតែអង្គការបញ្ជា។

កូនពីរនាក់របស់ យោន ត្រូវបានអង្គការឲ្យរស់នៅក្នុងកងកុមារដែលមានចាស់ៗជាអ្នកមើលថែ កូន​របស់គាត់មិនទទួលបានការអប់រំត្រឹមត្រូវទេ និងត្រូវធ្វើការងារដូចជាដើររើសគួរស្រូវ និងរើសអាចម៍គោដើម្បីទុកធ្វើជី។ ចំណែកគាត់ត្រូវរស់នៅជាមួយយុវនារីផ្សេងទៀតក្នុងភូមិសង្គ្រោះ។ ការងាររបស់គាត់គឺត្រូវដកស្ទូង និងបុកស្រូវ​សម្រាប់សហករណ៍រោងបាយ។ អង្គការបានចែករបបអា​ហារ​ពីរពេលសម្រាប់គាត់ និងគ្រួសារ ដោយលាយជាមួយពោត និងគល់ល្ហុង ។

ឌុក យោន៖ «ក្នុងរបបខ្មែរក្រហម ខ្ញុំគិតថាបើមានតែបាយទទេរមិនចាំបាច់មានម្ហូបក៏ឆ្ងាញ់ដែរ។ ប៉ុន្តែមិនមានទេ​។​ ខ្ញុំអាសូរកូនខ្ញុំពីរនាក់ដែលមិនទាន់ដឹងក្តីជួបរឿងបែបនេះ។ ថ្ងៃមួយកូនប្រុសខ្ញុំចាប់បានក្តាមមួយ បានយកទៅ​ដុត និងហូបទាំងជើង ទាំងសម្បកហេតុតែខ្លានពេក»។

ក្រោយមកអង្គការបានជម្លៀស យោន និងគ្រួសារពី ស្រុកកំណើត ទៅខេត្តកណ្តាល។ នៅទីនោះ គាត់រៀបរាប់ថាគ្មានជម្រកស្នាក់នៅទេ គាត់ និងគ្រួសារត្រូវដេកក្នុងព្រៃ បន្ទាប់ពីធ្វើការងារ ដក និងស្ទូងស្រូវរួច។ ចំណែករបបអាហារក៏ទទួលបានមិនគ្រប់គ្រាន់ដូចតែនៅសហករណ៍ខេត្តព្រៃវែងដែរ។

នៅទីនោះបានមួយរយៈរបបខ្មែរក្រហមក៏បានដួលរលំ ដោយនៅតំបន់អ្នកលឿងមានការប្រយុទ្ធគ្នាខ្លាំងរវាងទាហានខ្មែរក្រហម និងកងទ័ពវៀតណាម។ ទាហានខ្មែរក្រហមបានរត់គេចពីកន្លែងស្នាក់នៅ។ គាត់ និងប្រជាជនដទៃទៀតបានត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។

ពេលមកដល់ភូមិកំណើតផ្ទះត្រូវបានបំផ្លាញអស់​ យោន និងប្តីបានចាប់ផ្តើមរកស៊ី និងធ្វើស្រែដើម្បីចិញ្ចឹម​ជីវិត​រហូតដល់បច្ចុប្បន្ន។ គាត់ បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយត្រូវចេះសិក្សា​ស្វែងយល់ពីទុក្ខលំបាកដែលអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហមបានឆ្លងកាត់ ដើម្បីជៀសវាងកុំឲ្យប្រទេសយើងជួប​ហេតុការណ៍ដូចអតីតកាលសារជាថ្មីម្តងទៀត។

សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin