សមាជិកគ្រួសារបានបាត់បង់ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
(ស្ទឹងត្រែង)៖ ថាច់ ហឿង មានអាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកថាឡាបរីវ៉ាត់ សព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ហឿង រៀបការជាមួយ គង់ សាខន នៅឆ្នាំ១៩៩០ ដោយមានកូនៗចំនួនប្រាំនាក់។
អ្នកភូមិ និង ហឿង បានរៀបរាប់ថា បុរីអូរស្វាយត្រូវបានបង្កើតឡើងដោយសម្ដេចព្រះនរោត្តមសីហនុ នៅអំឡុងឆ្នាំ១៩៦០ ដើម្បីការពារបូរណភាពទឹកដី។ នៅអំឡុងឆ្នាំ១៩៧០ ភូមិអូរស្វាយត្រូវបានទម្លាក់គ្រាប់បែក ហឿង និងគ្រួសារបានរត់ចូលត្រង់សេដើម្បីសុវត្ថិភាព។
នៅឆ្នាំ១៩៧៥ ហឿងត្រូវបានខ្មែរក្រហមឲ្យលើកទំនប់ គាស់ដើមឈើ និងឃ្វាលគោក្របី និងបន្តទៅភូមិអូរនូង ដើម្បីឆ្ការព្រៃ និងធ្វើស្រែ។ សមាជិកគ្រួសាររបស់ ហឿង បានបាត់បង់ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសារការបរិភោគមិនគ្រប់គ្រាន់។
ឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលស្រុក ខ្មែរក្រហមបានជម្លៀស ហឿង ចេញពីភូមិអូរនូង ទៅភូមិអូរស្វាយ ហើយបន្តដំណើរទៅព្រះរំកិល រហូតជួបកងទ័ពវៀតណាម ទើបហឿងបានត្រឡប់មកភូមិកំណើតវិញ។
ហឿងបានចាប់ផ្គើមជីវិតសារជាថ្មីដោយប្រកបរបរជាកសិករ និងអ្នកនេសាទ។ បច្ចុប្បន្នដោយសារការនេសាទខុសច្បាប់ កំណើនប្រជាជន និងការកសាងទំនប់វារីអគ្គិសនី បានជះផលប៉ះពាល់ដល់ការរស់រានមានជីវិត និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនៅភូមិអូរស្វាយ៕
សម្ភាសន៍ដោយ ស្រេង លីដា ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤