ប៉ិល យឿន៖ ធ្វើការក្នុងកងចល័តស្រុក

ប៉ិល យឿន អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង យឿន បានចូលរៀនដំបូងនៅសាលាក្នុងវត្តបានយ រួចបន្តរៀនក្រោមផ្ទះរបស់ប្រជាជន ព្រោះមានសង្គ្រាមកើតឡើង។ យឿន បានចូលរៀនប្រមាណ២ឆ្នាំ ទើបគាត់ចេញទៅធ្វើការងារវិញ។

នៅក្នុងសម័យខ្មែរក្រហម យឿន មានបងប្អូនចំនួន៥នាក់។ គ្រួសាររបស់យឿន មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះអង្គការបានចាត់តាំងបងប្អូនរបស់គាត់ឲ្យចូលទៅរស់នៅ និងធ្វើការការក្នុងកងកុមារ និងកងយុវជនចល័ត ហើយម្ដាយរបស់គាត់ត្រូវធ្វើស្រែ និងជាន់រហាត់ទឹកក្បែរសហករណ៍។ ចំណែកឪពុករបស់យឿន ដែលមានជំងឺជាញឹកញាប់ ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការក្នុងសហករណ៍ និងអាចស្នាក់នៅផ្ទះជាមួយម្ដាយរបស់យឿន។ នៅក្នុងសហករណ៍ ម្ដាយឪពុករបស់យឿន ខិតខំធ្វើការងារយ៉ាងខ្លាំង និងប្រុងប្រយ័ត្នកុំឲ្យមានប្រព្រឹត្តិកំហុស ព្រោះគាត់ដឹងថាអង្គការបានចាត់ទុកគ្រួសាររបស់គាត់ជាប្រជាជនផ្ញើ និងជាមុខសញ្ញាចាប់យកទៅសម្លាប់គ្រប់ពេលមានកំហុសបន្តិចបន្តួច។

ចំពោះយឿន ដែលមានអាយុប្រមាណ២០ឆ្នាំ និងមិនទាន់រៀបការ អង្គការបានបញ្ជូនគាត់ឲ្យចូលទៅក្នុងកងចល័តនារីឃុំ ដើម្បីចេញទៅធ្វើស្រែ ស្ទូងដក និងរែកដីនៅក្បែរសហករណ៍។ នៅក្នុងកងចល័តឃុំ យឿន និងបងប្រុសរបស់គាត់ អាចសុំប្រធានកងត្រលប់ទៅជួបឪពុកម្ដាយយូរៗម្ដង។ ប៉ុន្តែបន្ទាប់ពី អង្គការបញ្ជូនក្រុមរបស់យឿន ចូលក្នុងកងចល័តស្រុក និងចេញទៅធ្វើការនៅម្ដុំភ្នំបូរី ភ្នំដា និងក្របីកូន ដែលជាកន្លែងឆ្ងាយៗ យឿន មិនអាចត្រលប់មកលេងផ្ទះបានទេ។ នៅក្នុងកងចល័តស្រុក អង្កការបានរៀបចំកន្លែងសម្រាកឲ្យក្រុមកងចល័តនារី និងក្រុមយុវជន នៅក្នុងរោងពីរផ្សេងគ្នា ប៉ុន្តែការជីកដី និងរែកដីគឺធ្វើជាមួយគ្នា និងមិនអាចនិយាយលេងសើចជាមួយគ្នានោះទេ។

នៅក្នុងកងចល័ត យឿន និងយុវជនទាំងអស់ទទួលបានអាហារពីរដងក្នុងមួយថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើន គឺបបររាវៗហូបជាមួយសម្លបន្លែត្រកួន ស្លឹកបាស គូឆាយ ស្លឹកផ្ទី និងលាយសាច់ ឬត្រីបន្តិចបន្តួច។ នៅរដូវប្រមូលផល យឿន និងយុវជនទាំងអស់បានហូបបាយមួយរយៈពេលខ្លី ប៉ុន្តែនៅតែមិនគ្រប់គ្រាន់។ នៅពេលមានជំងឺ គ្រូពេទ្យដែលអង្គការរៀបចំបានផ្ដល់ត្រឹមថ្នាំខ្មែរគ្រាប់មូលៗ ដែលធ្វើដោយខ្លួនឯងឲ្យទៅយុវជនលេប និងមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ។ ចំពោះយឿន ធ្លាប់បានលេបថ្នាំទាំងអស់នោះដែរ នៅពេលដែលគាត់មានជំងឺបន្តិចបន្តួច។

ក្រោយរបបខ្មែរក្រហម យឿន​ ចាប់ផ្ដើមមានជំងឺស្រឺត ត្រជាក់ដៃជើង ហើយត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យជាប្រចាំ។ នៅពេលអ្នកស្ម័គ្រចិត្តសម្ភាសន៍ យឿន មានជំងឺលើសឈាម សម្រាន្តមិនលក់ និងក្រពះពោះវៀន ដែលជំងឺរបស់គាត់កើតឡើងនៅពេលអាយុច្រើន។ ដើម្បីព្យាបាលជំងឺ យឿន បានទៅពិនិត្យសុខភាព និងទិញថ្នាំពីពេទ្យឯកជនយកមកលេបជាប្រចាំ។

សម្ភាសន៍ដោយ ថៃ ស៊ីណា នៅថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin