ប្រជាជន១៧ មេសា

(ព្រៃវែង)៖ ឈួន សាវ៉ាន មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។

សាវ៉ាន បានចូលរៀនតាំងពីរបបសង្គមរាស្រ្តនិយម​។ ឆ្នាំ១៩៦០ គាត់បានឈប់រៀន និងបានរៀបការ​មករស់នៅទីក្រុងភ្នំពេញ។ ប្តីរបស់ សាវ៉ាន ជាមន្រ្តីរាជការរបស់របប លន់ នល់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សាវ៉ាន ប្តី កូន និង ប្អូន ប្អូនថ្លៃ ត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីទីក្រុង។ អង្គការបានប្រាប់គាត់ និងគ្រួសារថា ចាកចេញតែពីរ-បីថ្ងៃប៉ុណ្ណោះ ព្រោះអាមេរិកមានគម្រោងទម្លាក់គ្រប់បែក។ គាត់បានធ្វើដំណើរជាមួយគ្រួសារចេញពីផ្ទះតាមផ្លូវជាតិលេខមួយក្នុងគោលបំណងឆ្ពោះមកស្រុកកំណើត។ នៅតាមផ្លូវធ្វើដំណើរ សាវ៉ាន បានឃើញអ្នកជំងឺ ប្រជាជនចាស់ជរា និងសាកសពជាច្រើន ត្រូវបានទុកចោលដោយគ្មានសាច់ញាតិនៅក្បែរ។ គាត់និយាយថា ស្ថានភាពធ្វើដំណើរចេញពីទីក្រុង​មានការលំបាកជាខ្លាំងព្រោះមានមនុស្សច្រើនត្រូវ​ចាកចេញពីផ្ទះក្នុងពេលតែមួយ។ គាត់ និងប្រជាជន​មិនត្រូវ​បានអនុញ្ញាតឲ្យយកសំភារៈ និងស្បៀងអាហារច្រើន​តាមខ្លួនទេ។ ប្រជាជនដែលតវ៉ាមិនព្រមធ្វើតាមបញ្ជា នោះទាហានខ្មែរក្រហមនឹងបាញ់សម្លាប់។

ពេលមកដល់ខេត្តព្រៃវែង គ្រួសារគាត់ និងប្រជាជន១៧មេសា ផ្សេងទៀត ត្រូវបានអង្គការធ្វើប្រវត្តិរូប។ ក្រោយមក ប្តី ប្អូន និងប្អូនថ្លៃបួននាក់របស់ សាវ៉ាន ត្រូវបានអង្គការនាំយកទៅរៀនសូត្រ និងបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ គាត់ និងកូនបីនាក់ត្រូវ​បានខ្មែរក្រហមឲ្យរស់នៅក្នុងខ្នមជាមួយគ្រួសារប្រជាជនដែលជម្លៀសមកពីភ្នំពេញ។

ក្នុងនាមជាប្រជាជនថ្មីគាត់រស់នៅគ្មានសិទ្ធិសេរីភាព និងទទួលរងទុក្ខលំបាកខ្លាំងជាងប្រជាជនមូលដ្ឋាន។ គាត់ត្រូវអង្គការកំណត់ឲ្យធ្វើការងារច្រើនម៉ោង និងទទួលបានរបបអាហារតិចជាងប្រជាជនចាស។

ជារឿយៗ សាវ៉ាន តែងឃើញប្រជាជនជម្លៀសមកជាមួយគាត់ត្រូវបានអង្គការនាំយកទៅសម្លាប់ ដោយសារតែអង្គការចោទប្រកាន់ប្រជាជនទាំងនោះថា ជាពួកសក្តិភូមិធ្លាប់រស់នៅទីក្រុង និងធ្លាប់ជិះ​ជាន់គេ។

សាវ៉ាន ត្រូវធ្វើស្រែ ដក ស្ទូង ស្រូវ ព្រមទាំងការងារ​ផ្សេង​ៗទៀតតាមតែអង្គការបញ្ជា។ គាត់ធ្វើការតាំងពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោងប្រាំមួយល្ងាច និងថ្ងៃខ្លះត្រូវ​បន្ថែមម៉ោងនៅពេលយប់។

កូនៗបីនាក់របស់ សាវ៉ាន ត្រូវរស់នៅក្នុងកងកុមារ  និងត្រូវធ្វើការងាររើសអាចម៍គោ និងគួរស្រូវ ជាមួយកុមារដទៃទៀត។ សាវ៉ាន មិនសូវបានជួបមុខកូនៗទេ ដោយយូរ​ៗម្តងទើបអង្គការអនុញ្ញាតឲ្យគាត់អាចទៅមើលថែកូន​ៗ​បាន​​។

សាវ៉ាន ស្ទើរតែបាត់បង់ជីវិតព្រោះគាត់មានឈ្មោះត្រូវយកទៅរៀនសូត្រ។ ថ្ងៃមួយអង្គការបានហៅគាត់ទៅរៀនសូត្រប៉ុន្តែ​ដោយសារតែឡានដែលត្រូវដឹកគាត់នោះចង្អៀតពេញទើបទាហានខ្មែរក្រហមប្រាប់ថា ចាំទៅថ្ងៃក្រោយវិញ។

ក្រោយមករបប​ខ្មែរក្រហមបានដួលរលំ។ សាវ៉ាន បានត្រឡប់ពីសហករណ៍មករស់នៅផ្ទះកំណើតវិញ។ គាត់​ត្រូវចិញ្ចឹមកូនបីនាក់តែម្នាក់ឯងហើយជាអកុសលកូនម្នាក់បានស្លាប់ដោយសារតែជំងឺ។

បច្ចុប្បន្ន សាវ៉ាន មានជំងឺក្រពះ ជំងឺលើសសម្ពាធឈាម និងធ្លាប់មានជំងឺគ្រុនចាញ់។

សម្ភាសន៍ដោយ ដារ៉ារដ្ឋ ថាន់ណា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin