ភោគ ទូច៖ អំណាចផ្ដាច់ការ

(កណ្ដាល)៖ ភោគ ទូច ភេទស្រី មានអាយុ ៦៨ឆ្នាំ។ ទូត រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទូច មានទីកន្លែងកំណើតនៅខេត្តព្រៃវែង។ ទូច មានឪពុកឈ្មោះ ភោគ ស៊ុន និងម្ដាយឈ្មោះ ជឹម ទិត្យ។ ទូច មានបងប្អូនជាច្រើននាក់(មិនចាំចំនួន) ប៉ុន្តែមានបងប្អូនតែ៣នាក់ប៉ុណ្ណោះ ក្នុងនោះមានស្រីម្នាក់ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។
នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុករបស់ទូច ធ្វើជានគរបាលនៅទីក្រុងភ្នំពេញ។ ទូច បានចូលរៀននៅសាលាពិជ័យចេស្ដា (សាលាវត្តកោះ) នៅទីក្រុងភ្នំពេញ។ ទូច បានឈប់រៀនត្រឹមថ្នាក់ទី៣ (ថ្នាក់ឌីប្លូម) ដោយសារគាត់ប្រលងធ្លាក់។ ក្រោយមក ទូច បានរៀបការជាមួយប្តីរបស់គាត់ឈ្មោះ ទៀ ស្រ៊ុន។
នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចនៅទូទាំងប្រទេស បានជម្លៀសគ្រួសាររបស់ទូចចេញពីទីក្រុងភ្នំពេញ។ ទូច និយាយថា “កាលហ្នឹង លេសគេ គេនិយាយដែរ គេថាចេញសិន ប្រហែលជាកន្លះខែអាចចូលមកវិញបាន ហើយយើងក៏អត់បានយកអីទៅច្រើនដែរ”។ នៅពេលនោះ ទូច បានយកតែសម្លៀកបំពាក់ពីរទៅបីសម្រាប់ប៉ុណ្ណោះ។ ទូច បន្ដថា នៅពេលនោះ ឪពុកម្ដាយរបស់ទូច ត្រូវខ្មែរក្រហមសម្លាប់។
ខ្មែរក្រហមជម្លៀស ទូច ចេញពីទីក្រុងភ្នំពេញ ដោយគាត់ជិះកប៉ាល់ចេញពីម្តុំមាត់ទន្លេឆ្ពោះទៅខេត្តកំពង់ចាម។ បន្ទាប់មក ទូច បន្តធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅខេត្តព្រៃវែង។ ទូច ចងចាំថា ប្រជាជនដែលរស់នៅតាមផ្លូវ តែងតែចែកបាយឲ្យគាត់ហូប។ នៅពេល ទូច ទៅដល់ខេត្តព្រៃវែង ខ្មែរក្រហមបររទេះគោមកដឹកគាត់យកទៅរស់នៅភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ភូមិភាគបូព៌ា។
នៅភូមិព្រៃក្រឡាញ់ធំ ខ្មែរក្រហមចាត់ទុក ទូច ជាប្រជាជន១៧មេសា។ ទូច និយាយថា ប្រជាជនមូលដ្ឋាននៅទីនោះបានរើសអើងប្រជាជន១៧មេសា ដោយសារគាត់មិនចេះដកស្ទូង និងខ្លាចឈ្លើង។ ទូច ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅបេះត្រកួននៅបឹងព្រែកត្រែង ទាំងដឹងថាទីនោះសម្បូរទៅដោយឈ្លើង។ ទូច ត្រូវរែកដី, ដេរស្លឹក, លើកទំនប់ និងជីកប្រឡាយ ទាំងហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ដោយឡែក កូនរបស់ទូច ត្រូវរែកលាមក និងលាយលាមកជាមួយដីដំបូក ដើម្បីធ្វើជី។
នៅម៉ោង១១ព្រឹក ទូច សម្រាក និងហូបរបបអាហារនៅរោងបាយសហករណ៍។ ទូច និយាយថា របបអាហារដែលគាត់ទទួលបានមានតែបបរលាយជាមួយទឹកត្រីប៉ុណ្ណោះ។ នៅពេលមានជំងឺ ទូច ទទួលបានថ្នាំរាងដូចអាចម៍ទន្សាយ ដែលផ្សំពីគ្រាប់ស្លែង ឬថ្នាំច្រកដបទឹកក្រូច ដែលមានទឹកពណ៌ក្រហម ឬពណ៌ស សម្រាប់ព្យាបាល។ ទូច បន្ដថា នៅពេល ទូច សម្រាកនៅមន្ទីរពេទ្យ គាត់ទទួលបានតែបបរលាយជាមួយសម្លព្រលិត ឬសម្លត្រកួនប៉ុណ្ណោះ។
ក្រោយមក នៅពេលល្ងាច ខ្មែរក្រហមតែងតែប្រជុំ និងដាក់ផែនការឲ្យក្រុមរបស់ទូច។ ជួនកាល ទូច ត្រូវចេញដំណើរតាំងពីព្រលឹមទៅភ្ជួររាស់, ដកស្ទូង ឬកាប់ឧសនៅភូមិគរ។ ក្នុងមួយថ្ងៃ ទូច ទទួលបានតែបាយមួយកញ្ចប់ប៉ុណ្ណោះ។ ក្នុងមួយឆ្នាំ ទូច ទទួលបានសំពត់មួយ។ ទូច និយាយថា ជារៀងរាល់កន្លះខែម្តង ខ្មែរក្រហមចែកបង្អែមបាញ់ចានឿក ឬនំបញ្ចុក ព្រមទាំងមានការសម្តែងសិល្បៈឲ្យប្រជាជនទស្សនា។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមមានផែនការសម្លាប់ប្រជាជនថ្មី នៅទន្លេបិទ ខេត្តកំពង់ចាម។ ខ្មែរក្រហមប្រកាសថា ប្រជាជនទាំងនោះត្រូវផ្លាស់ប្តូរទីលំនៅថ្មី។ នៅមុនពេលចេញដំណើរ ខ្មែរក្រហមចែកបង្អែមឲ្យប្រជាជនទាំងនោះហូបទៀតផង។ ក្រោយមក ទូច បានឮតៗគ្នាពីប្រជាជនផ្សេងទៀតថា គេបានឃើញខ្មែរក្រហមយកសម្ភារ និងសម្លៀកបំពាក់របស់ប្រជាជនដែលត្រូវផ្លាស់ប្តូរទីលំនៅទាំងនោះត្រលប់មកវិញ។ ដូច្នេះមានន័យថា ប្រជាជនដែលត្រូវផ្លាស់ទីលំនៅទាំងនោះ ត្រូវបានខ្មែរក្រហមសម្លាប់។ មិនយូរប៉ុន្មាន ទូច ត្រូវខ្មែរក្រហមរៀបចំឲ្យផ្លាស់ទីលំនៅដូចប្រជាជនដទៃទៀតដែរ។ នៅពេល ទូច ធ្វើដំណើរទៅដល់ភូមិអូររាំងឪ គាត់បានជួបកងទ័ពវៀតណាម ទើបគាត់បានត្រលប់ទៅរស់នៅភូមិព្រៃក្រឡាញ់ធំវិញ។ អស់រយៈពេលកន្លះខែក្រោយមក ទូច បានមករស់នៅភូមិប្រាំបីមុមជាមួយប្តីនិងកូនរបស់គាត់។ ទូច មានកូនចំនួន៥នាក់ ក្នុងនោះមានស្រី២នាក់។
នៅរបបខ្មែរក្រហម ទូច បានឃើញខ្មែរក្រហមបង្ខំឲ្យប្តីប្រពន្ធចំនួន៥០គូរៀបការក្នុងពេលតែមួយ ទាំងប្តីប្រពន្ធទាំនោះមិនដែលធ្លាប់ស្គាល់គ្នាពីមុនមក។ ចំណែកវត្តព្រៃក្រឡាញ់ធំ ត្រូវបានខ្មែរក្រហមប្រែក្លាយជាមន្ទីរឃុំឃាំង និងរោងចិញ្ចឹមជ្រូក។ ទូច បន្តថា បដិមាព្រះពុទ្ធ ត្រូវបានខ្មែរក្រហមវាយកម្ទេច។ លើសពីនេះ ព្រះសង្ឃ ត្រូវបានខ្មែរក្រហមបង្ខំឲ្យសឹក ឬនាំខ្លួនយកទៅសម្លាប់។
នៅពេល ទូច រំឭកពីរបបខ្មែរក្រហម គាត់លើកឡើងថា “របបលោក ប៉ុល ពត ហ្នឹង គាត់អំណាចផ្ដាច់ការ ដល់អ៊ីចឹងទៅ គេឲ្យយើងហូបអត់គ្រប់គ្រាន់ ហើយពលកម្មខ្លាំង”។ នៅរបបខ្មែរក្រហម ទូច ត្រូវធ្វើការហួសកម្លាំង, ហូបចុកមិនគ្រប់គ្រាន់ និងរស់នៅដោយគ្មានសិទ្ធិសេរីភាព៕
សម្ភាសន៍ដោយ ថន ពុធដារ៉ូ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦

