ខ្មែរក្រហមបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការ

(ព្រៃវែង)៖ យ៉ុន រ៉ា មានអាយុ ៥៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។

ក្នុងរបបខ្មែរក្រហម រ៉ា នៅជាកុមារមានអាយុប្រមាណ៦ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវក្នុងរបបនោះបានច្រើនទេ ប៉ុន្តែគាត់បានឮចាស់ៗក្នុងភូមិដែលបានធ្លាប់រស់នៅឆ្លងរបបខ្មែរក្រហមនិយាយប្រាប់នៅពេលក្រោយរបបនោះ។

រ៉ា នៅចាំថាខ្មែរក្រហមមិនអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសាររស់នៅជួបជុំគ្នាទេ។ ប្រជាជនទាំងអស់ត្រូវរស់នៅ ចម្រុះគ្នាដោយបែងចែកទៅតាមភេទ និងអាយុ។ ការងារជីក​ទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ គឺត្រូវធ្វើរួមគ្នាក្នុងសហករណ៍ដែលមានមេក្រុម ឬមេកង​ជាអ្នកដឹកនាំ។ ពេលហូបបាយក៏ត្រូវហូបរួមគ្នាក្នុងរោង​បាយដោយមានប្រធានរោងបាយជាអ្នកវាល់ចែកជួន​កាលមានតែបបរ ហូបជាមួយសម្លដែលគ្មានរសជាតិមានតែទឹក និងបន្លែ។

រ៉ា បានឃើញ ស្រូវ អង្ករ ពោត និងផ្លែឈើ ដែលប្រជាជនបង្កបង្កើនផលបានច្រើននៅរក្សាទុកពេញឃ្លាំង ប៉ុន្តែអ្នកគ្រប់គ្រងនៅទីនោះមិនឲ្យប្រជាជនហូប។ ថ្ងៃណាដែលគ្មានអង្ករប្រធានរោងបាយចែកចេកម្នាក់ពីរផ្លែ ឬចែកគ្រាប់ពោត​ម្នាក់១កំប៉ុងដែលចម្អិតរួចឲ្យប្រជាជនហូប។

រ៉ា ត្រូវរស់នៅក្នុងកងកុមារជាមួយក្មេងៗដទៃទៀត​ក្នុងភូមិ ដែលមានចាស់ៗ​ជាអ្នកមើលការខុសត្រូវ។ នៅពេលព្រឹកអង្គការឲ្យគាត់ទៅរៀននៅបឋមសិក្សាព្រៃកណ្តៀង និងនៅពេលរសៀលគាត់ត្រូវដើររើស​អាចម៍គោ ទូលជី មើលគោក្របី និងដើររើសគួរស្រូវដែលកងចល័តច្រូតធ្លាក់នៅតាមវាលស្រែ នៅឆ្ងាយៗពីកន្លែងដែលគាត់រស់នៅ។

រ៉ា ក៏ធ្លាប់ឃើញខ្មែរក្រហមរៀបការឲ្យយុវជន យុវនារីជំទង់ៗនៅក្នុងកងចល័ត។ ពិធីរៀបការធ្វើឡើងនៅពេលល្ងាចមានរយៈពេលខ្លី។ ពិធីរៀបការម្តងៗមានចាប់ពីចំនួន៥០គូ រហូតទៅដល់រាប់រយគូ។ នៅថ្ងៃរៀបការអ្នកចាត់ចែងក្នុងសហករណ៍បានឲ្យយុវជន​យុវនារីនោះហូបអាហារបានគ្រប់គ្រាន់។

នៅក្នុងភូមិព្រៃកណ្តៀង រ៉ា បានឃើញខ្មែរក្រហមវាយបំផ្លាញព្រះពុទ្ធបដិមាករដោយទម្លាក់ចូលក្នុងទឹកទន្លេ។ ចំណែកព្រះសង្ឃត្រូវបានចាប់ផ្សឹក និងបានឲ្យទៅធ្វើការងារស្រែចម្ការដូចប្រជាជនទូទៅដែរ។ រ៉ា ក៏ធ្លាប់ឃើញខ្មែរក្រហមចាប់អតីតទាហាន នល់ នល់ មកឃុំឃាំងនៅជិត​សាលាបឋមសិក្សាព្រៃ​​​កណ្តៀង​​។ ទាហានទាំងនោះ​ត្រូវបាននាំយកទៅសម្លាប់ម្តងមួយក្រុម​ៗ​ រហូតដល់អស់ពីមន្ទីរឃុំឃាំង។

ក្រោយមកអង្គការបានជម្លៀស រ៉ា និងក្រុមគ្រួសារឲ្យទៅរស់នៅភូមិស្តៅ។ គាត់រស់នៅ និងធ្វើការទីនោះបានមួយរយៈពេលខ្លីរបបខ្មែរក្រហមក៏បានដួលរលំទៅ។

ក្នុងរបបខ្មែរក្រហម រ៉ា បានបាត់បង់លោកយាយម្នាក់ដោ​យ​​សារ​តែជំងឺរាគគ្មានថ្នាំព្យាបាល។

ក្រោយ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រ៉ា និងគ្រួសារបានត្រឡប់មករស់នៅស្រុកកំណើតវិញ។ ផ្ទះរបស់គាត់ត្រូវបានខូចខាតដោយសារខ្មែរក្រហមបានប្រែក្លាយផ្ទះរបស់គាត់ទៅជាឃ្លាំងស្តុកស្រូវ និងអង្ករ។

រ៉ា បានដឹងពីការផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិតលើអតីតមេដឹកនាំខ្មែរក្រហម។ គាត់គិតថាការសម្រេច​សេច​ក្តី​នេះបានផ្តល់យុត្តិធម៌ដល់ផ្លូវចិត្តជនរងគ្រោះ និងបានចូលរួមទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យកើតមានឡើងនាពេលអនាគត។

សម្ភាសន៍ដោយ ដារ៉ារដ្ឋ ថាន់ណា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin