ខ្មែរក្រហមបានទៅនាំប្រជាជនខ្មែរពីប្រទេសឡាវត្រឡប់មកស្រុកកំណើតវិញ
(រតនគិរី)៖ ពូត ឡយ មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
នៅពេលដែលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមបានទៅនាំអ្នកភូមិដែលរត់ភៀសខ្លួនទៅប្រទេសឡាវឲ្យត្រឡប់មករស់នៅស្រុកកំណើតវិញ។
គាត់រស់នៅឃុំប៉ុង ខេត្តរតនគិរី អស់រយៈពេលមួយខែ គាត់ត្រូវបញ្ជូនទៅខេត្តស្វាយរៀង និងរស់នៅទីនោះអស់ រយៈពេលជិតមួយឆ្នាំ។ ក្រោយមកខ្មែរក្រហមចាប់ផ្តើមបំបែកគាត់ចេញពីក្រុមគ្រួសារ និងសាច់ញាតិដោយឲ្យទៅធ្វើការនៅកងកុមារនៅឯភូមិត្រពាំងឈ្លើង។
ជារៀងរាល់ថ្ងៃគាត់ត្រូវទៅដើរប្រមូលលាមកគោក្របី និងមនុស្ស ជួនកាលគាត់ត្រូវដើរកាប់ទន្រ្ទានខេត្តយកទៅដាក់ក្នុងឃ្លាំងសម្រាប់ធ្វើជី។ បន្ទាប់មក គាត់ត្រូវលាយច្របល់លាមកនិងទន្រ្ទានខេត្តទាំងនោះ និងទុកក្នុងរណ្តៅអស់រយៈពេលមួយខែ ទើបគេយកជីទាំងនោះទៅប្រើប្រាស់ដោយបាចដាក់តាមក្នុងវាលស្រែ និងចម្ការ។
ដោយឡែករបបអាហារនៅសម័យនោះ គឺហូបមិនឆ្អែតឡើយ ដោយក្នុងមនុស្សមួយនាក់ទទួលបានត្រឹមតែបបរមួយកូនចានតូចប៉ុណ្ណោះ។ ប្រជាជនមានសេចក្តីខឹង និងខ្លះទៀតក៏បានលួចបេះដំណាំដើម្បីចម្អែតក្រពះមួយពេល។ អ្នកខ្លះក៏ត្រូវបានខ្មែរក្រហមចាប់បាននិងយកទៅរៀនសូត្រ (ស្តីបន្ទោស) ហើយប្រសិនបើជាធ្វើខុសចំនួន បីដងនោះ នឹងត្រូវកងឈ្លបខ្មែរក្រហមនាំខ្លួនយកទៅកសាង (សម្លាប់)។
ប្រជាជនត្រូវធ្វើការទាំងថ្ងៃទាំងភ្លៀង តាំងពីព្រលឹមម៉ោង៥ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ និងបន្ទាប់ពីសម្រាកហូបបាយបានមួយម៉ោង ប្រជាជនត្រូវបន្តធ្វើការងាររហូតដល់ល្ងាច។
ពូត ឡយ ត្រូវស្ទូងស្រូវ ភ្ជួរស្រែ និងលើកភ្លឺស្រែ រហូតទាល់តែឈឺធ្ងន់ធ្ងរទើបគេព្យាបាលដោយចែកថ្នាំសម្រាប់ផឹកក្រោយម៉ោងបាយនៅរោងសហករណ៍។ អ្នកដែលឈឺល្មមៗ ត្រូវខ្មែរក្រហមចោទថាខ្ជិលច្រអូស ឬខូចសតិអារម្មណ៍ និងត្រូវបន្តធ្វើការ ទាំងមានការគំរាមកំហែងដោយបង្អត់អាហារជាដើម។
អ្នកដែលមានចំណេះដឺង ឬចោទថា ជាបណ្តេញវៀតណាម នឹងត្រូវនាំខ្លួនយកទៅសម្លាប់ដោយពុំមានកំហុស។ នៅក្នុងសហករណ៍មនុស្សប្រុសស្រីត្រូវធ្វើការរួម និងហូបរួម តែនៅពេលយប់ខ្មែរក្រហមមិនឲ្យសម្រាករួមគ្នានោះទេ។ អ្នកណាដែលល្មើសនឹងច្បាប់ទាំងនេះ នឹងត្រូវខ្មែរក្រហមនាំខ្លួនយកទៅកសាងដើម្បីទុកជាបទពិសោធន៍ កុំឲ្យអ្នកដទៃយកតម្រាប់តាម។
នៅសម័យខ្មែរក្រហម ធនធានមនុស្ស និងទ្រព្យសម្បត្តិជាច្រើនត្រូវបានបាត់បង់ ដោយខ្មែរក្រហមទុកតែក្មេងៗ ដែលមិនទាន់ទទួលបានចំណេះដឹងពីរបបចាស់។
របបខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាព ក្នុងការរស់នៅ ការសម្រេចចិត្ត និងការបញ្ចេញមតិរបស់ប្រជាជន។ ជាចុងក្រោយគាត់សង្ឃឹមថា អ្នកជំនាន់ក្រោយនឹងចងចាំ និងយល់ដឹងអំពីរឿងរ៉ាវ ដែលកើតមានឡើងពិតប្រាកដកនៅក្នុងរបបខ្មែរក្រហម៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤