នៅជំនាន់ខ្មែរក្រហម លាមកមនុស្សត្រូវកើបដោយដៃ

ប៊ិច បង រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ប៊ិច បង មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលរស់រានមានជីវិតពីរបបប្រល័យ​ពូជសាសន៍ខ្មែរក្រហម។

គាត់បានរៀបរាប់ពីសម័យខ្មែរក្រហមថា របបនោះបានបង្កើតសហករណ៍ដោយមានប្រជាជនរស់នៅមកពីភូមិចំនួន៣ និងសហករណ៍ខ្លះ បង្កើតឡើងដោយមានចំនួន​ប្រជា​ជនរស់នៅសរុបពីមួយឃុំ ឬ ពីរឃុំជាដើម។

នៅភូមិរបស់គាត់ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការតាមវ័យ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ គាត់ធ្វើការនៅក្នុងកងកុមារនៅក្នុងភូមិឡាម៉ឺយ ដោយមានការដាក់វេនសម្រាប់រៀនអក្សរមួយសប្តាហ៍ និងធ្វើពលកម្មមួយសប្តាហ៍។ គាត់ត្រូវដើរកាប់ស្មៅ ប្រមូលលាមកសត្វ និងមនុស្សតាមផ្ទះសម្រាប់ធ្វើជីធម្មជាតិ។

នៅពេលនោះ ខ្មែរក្រហមបានបង្ខំឲ្យគាត់និងអ្នកដែលធ្វើការជាមួយ កើបលាមកទាំងនោះដោយផ្ទាល់ដៃ ដោយមិនឲ្យប្រើប្រាស់ប្រដាប់ប្រដា ឬសម្ភារអ្វីផ្សេងជំនួសនោះទេ។ អ្នកដែលមិនធ្វើតាមបទបញ្ជារបស់អង្គការ កងឈ្លបខ្មែរក្រហមនឹងធ្វើបាប ហើយថែមទាំងនាំយកបុគ្គលនោះទៅរៀនសូត្រ ដូចជាបង្ខំឲ្យហូបសម្លដែលមានដាក់លាមកនោះជាដើម។ ជាក់ស្ដែង យាយរបស់ ប៊ិច បង បានយកដងវែកទៅកើបលាមកមនុស្ស ដោយសារយាយរបស់គាត់ខ្ពើម។ កងឈ្លបបានបង្ខំឲ្យយាយរបស់ ប៊ិច បង យកលាមកទាំងនោះទៅដាំស្ល ហើយបង្ខំឲ្យគាត់បរិភោគ។

នៅពេលដឹកជញ្ជូនលាមកទាំងនោះ ខ្មែរក្រហមបានចែកពោត និង ដំឡូងសម្រាប់បរិភោគ ក៏ប៉ុន្តែមិនអនុញ្ញាតឲ្យលាងសម្អាតដៃមុនពេលបរិភោគនោះទេ។

នៅពេលគាត់មានវ័យជំទង់ ខ្មែរក្រហមបានផ្លាស់ប្តូរឲ្យគាត់ធ្វើការងារតាមកងចល័ត ដែលមានការងារពលកម្មដូចជាស្ទូងស្រូវ ច្រូតស្រូវ ភ្ជួរស្រែ បាច់ជី នៅតាមភូមិឡាឡៃ ភូមិណងដាន និងភូមិឡាម៉ឺយជាដើម ជួនកាលគាត់ត្រូវបញ្ជូនឲ្យទៅលើកទំនប់នៅអូរតាងក៏មាន។

ប៊ិច បង ត្រូវខិតខំធ្វើការងារទាំងនោះ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់។ គាត់បានបន្តថា ខ្មែរក្រហមបានបង្ខិតបង្ខំឲ្យប្រជាជនទាំងអស់ធ្វើការទាំងយប់ទាំងថ្ងៃ។

ជារៀងរាល់ព្រឹក កងឈ្លបបានវាយជួងបន្លឺសំឡេងឲ្យកងចល័តរៀបចំខ្លួនទៅធ្វើការតាំងពីម៉ោង ៦ព្រឹក និងធ្វើការរហូតដល់ម៉ោង ១២ថ្ងៃត្រង់ទើបបានសម្រាកហូបបាយ និងត្រូវបន្តធ្វើការរហូតដល់ម៉ោង ៦ល្ងាចទើបសម្រាក​​ហូបបាយម្តងទៀត។ មួយម៉ោងក្រោយមក បន្ទាប់ពីការសម្រាកហូបបាយរួចរាល់ កងចល័តរបស់គាត់ត្រូវចាប់ផ្តើមធ្វើការបន្តបន្ទាប់រហូតដល់ម៉ោង ១២យប់អធ្រាត្រ ទើបបានសម្រាក។ ដូច្នេះនៅសម័យខ្មែរក្រហម ប៊ិច បង បានធ្វើការសរុបចន្លោះពី ១២ ទៅ ១៦ម៉ោងក្នុងមួយថ្ងៃ ដោយទទួលរបបអាហារមិនគ្រប់គ្រាន់ គឺមានតែដើមចេកលាយជាមួយបាយប៉ុណ្ណោះ។ ដំណាំជុំវិញផ្ទះក៏កងឈ្លបហាមប្រាមមិនឲ្យបរិភោគតាមចិត្តនោះទេ អ្នកដែលលួចបេះនឹងត្រូវទទួលទោស។

របបខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងមិនឲ្យមានការប្រកាន់យកនូវទំនៀមទម្លាប់ប្រពៃណីខ្មែរ ឬវប្បធម៌ខ្មែរក្នុងការរស់នៅឡើយ។

ក្រោយឆ្នាំ១៩៧៩ មានការទម្លាក់គ្រាប់បែកនៅភូមិបានប៉ុង នៅពេលនោះ ប៊ិច បង បានរត់គេចខ្លួនចូលទៅក្នុងព្រៃ ព្រមទាំងដើម្បីស្វែងរកដំណឹងអំពីឪពុកម្តាយរបស់ខ្លួន៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin