ការបំផុសបំផុលរបស់ខ្មែរក្រហម
(រតនគិរី)៖ ពេជ្រ សុនសន មានអាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិអារក្សត្នោត ឃុំអារក្សតោ្នត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុនសន គឺជាកងទ័ពខ្មែរក្រហមម្នាក់ដែលចូលព្រៃនិងធ្វើចលនាតស៊ូតាំងពីឆ្នាំ១៩៧២។ សុនសន បានវាយសម្រុកចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ គាត់ត្រូវបានខ្មែរក្រហមបំផុសឲ្យខឹងនិងស្អប់អាមេរិកាំងអំពីរឿងទម្លាក់គ្រាប់បែក។
ក្រោយពេលចូលទីក្រុងភ្នំពេញ គាត់ត្រូវបន្តហ្វឹកហាត់នៅម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ បន្ទាប់មកធ្វើការងារស្រែចម្ការរហូតដល់យប់អធ្រាត្រនៅតំបន់ឃ្មួញ និងកប់ស្រូវដល់ឆ្នាំ១៩៧៩។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយកាប់ដី ជីកប្រឡាយ និងរែកដីសម្រាប់លើកទំនប់។ ជាទូទៅនៅថ្ងៃទី១០ និងទី២០ ខ្មែរក្រហមឲ្យសម្រាក ក៏ប៉ុន្តែគាត់មិនបានឈប់សម្រាកដូចក្រុមដទៃនោះទេ ដោយគាត់ត្រូវបន្តធ្វើស្រែឲ្យបានតាមការកំណត់គឺបីតោនក្នុងមួយហិចតា។ ដើម្បីឲ្យបានតាមការកំណត់ គាត់ត្រូវប្រមូលលាមកដឹកតាមរទេះគោ និងរែកជីទាំងនោះបាចដាក់តាមវាលស្រែ។
សុនសន ទទួលបានរបបអាហារមួយថ្ងៃចំនួនបីដង ដោយហូបរួមជាមួយសមាជិកក្រុមរបស់គាត់ដែលមានគ្នាចំនួន២០នាក់។ របបអាហារមានដូចជាសម្លម្ជូរព្រលឹត ម្ជូរត្រកួន និងបាយលាយជាមួយគល់ចេក។ កងទ័ពខ្លះបានធ្លាក់ខ្លួនឈឺដោយសារការហូបចុកមិនបានគ្រប់គ្រាន់និងខ្វះជីវជាតិ។
ពេលខ្លះ គាត់បានចែករំលែកអាហារដល់ប្រជាជនដែលដើរកាត់ ក្នុងសភាពគួរឲ្យអាណិត។ កាលនោះ គាត់មិនបានដឹងអំពីស្ថានភាពរបស់ប្រជាជនទូទៅនោះទេ ពីព្រោះខ្មែរក្រហមបានបែងចែកតំបន់ឲ្យរស់នៅផ្សេងគ្នារវាងប្រជាជននិងកងទ័ព។ ប៉ុន្តែគាត់បានដឹងខ្លះៗថា នៅជំនាន់នោះបុរសដែលមានវ័យចំណាស់ត្រូវធ្វើបង្គី និងស្រ្តីត្រូវមើលថែកុមារតូចៗ។ ចំណែកឯកងកុមារត្រូវដើរកាប់ ទន្រ្ទានខេត្តសម្រាប់ធ្វើជី។ នៅតំបន់ដែលគាត់រស់នៅ មានក្រោលគោមួយដ៏ធំដែលមានគោក្របីជាច្រើនរយក្បាលក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។
នៅសម័យនោះដែរ កងទ័ពមានសិទ្ធិជ្រើសរើសគូស្រករ ក៏ប៉ុន្តែនៅពេលរៀបការរួច បើអ្នកទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នានោះ អ្នកទាំងពីរអាចនឹងត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅរៀនសូត្រ ដោយមិនឃើញត្រឡប់វិលវិញនោះទេ។
បន្ទាប់ពីរៀបការរួច ព្រឹកឡើងខ្មែរក្រហមចែកដូងម្នាក់មួយផ្លែសម្រាប់ហូប ឬដើម្បីសួរនាំអ្នកទាំងពីរ។ ការរៀបការនៅសម័យនោះមានប្រហែលជា៥០ទៅ១០០គូក្នុងពេលតែមួយ ដោយបេ្តជ្ញាចិត្តនៅចំពោះមុខអង្គការ។
សុនសន បានបន្តធ្វើជាកងទ័ពខ្មែរក្រហមរហូតដល់ឆ្នាំ១៩៨៥ ទើបគាត់បានលាឈប់ និងត្រឡប់មករស់នៅជាប្រជាជនធម្មតាវិញ ដោយសាររងរបួសពីការផ្ទុះមីន។ គាត់ត្រឡប់មករស់នៅក្នុងជុំរុំ និងរៀបការនៅឆ្នាំដដែល។
ដោយសារការមិនទុកចិត្តគ្នា ខ្មែរក្រហមបានសម្លាប់គ្នាទៅវិញទៅមក។ គាត់និងបងប្អូនប្រុសរបស់គាត់ដែលចូលធ្វើកងទ័ព បានចាញ់បោកការបំផុសបំផុលរបស់ខ្មែរក្រហម និងបែកបាក់ក្រុមគ្រួសាររហូតដល់ឆ្នាំ១៩៨៥ ទើបបានជួបជុំគ្នាសារជាថ្មី។
របបខ្មែរក្រហមបានធ្វើឲ្យប៉ះពាល់សុខភាពនិងជីវិតរបស់ ពេជ្រ សុនសន មកទល់សព្វថ្ងៃ។ ជាចុងក្រោយ គាត់សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងបានសិក្សារៀនសូត្រពីរបបខ្មែរក្រហម និងការពារមិនឲ្យរបបនេះវិលត្រឡប់មកសារជាថ្មី៕
សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤