រងចាំប្តីតែមិនឃើញវិលវិញ

រីក ស៊ាប រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ រីក ស៊ាប មានអាយុ ៦៩ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានភូមិកំណើតនៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

គាត់បានរៀបការជាមួយប្តីរបស់គាត់នៅសម័យ លន់នល់ និងមានកូនមួយ។ ប្តីរបស់គាត់គឺជាវរសេនីយ៍ឯកនៅសម័យ លន់ នល់។ នៅសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើពលកម្មពីព្រឹកទល់ព្រលប់។ ទាហានខ្មែរក្រហម ដែលបញ្ជាគាត់ឲ្យកាប់ទន្ទ្រានខេត្តនោះមានអាយុប្រហែលជា ១០ឆ្នាំប៉ុណ្ណោះ។

ក្រៅពីនេះ គាត់ត្រូវបានចាត់តាំងជាកងកម្លាំងលេខមួយ ដែលគាត់ត្រូវស្ទូងស្រូវឲ្យបានបណ្តោយ២០០ម៉ែត្រនិងទទឹង៣ម៉ែត្រក្នុងមួយថ្ងៃ។ គាត់បានខិតខំធ្វើការដើម្បីទទួលបានបបរសម្រាប់កូនរបស់គាត់ហូប។ ចំណែកគាត់ត្រូវអត់ត្រូវឃ្លានដោយសាររបបខ្មែរក្រហម។ អ្នកដែលធ្វើការមិនបានឬខ្ជិលច្រអូសនឹងត្រូវបានខ្មែរក្រហមសម្លាប់នៅនឹងកន្លែង។

នៅពេលយប់អធ្រាត្រ អ្នកដែលចេះអក្សរត្រូវបានខ្មែរក្រហមប្រមូលនាំខ្លួនយកទៅសម្លាប់ជាច្រើននាក់នៅតាមស្រះដែលខ្មែរក្រហមបញ្ជាឲ្យប្រជាជនជីក។ កុមារដែលមានអាយុចាប់ពី៥ឆ្នាំត្រូវធ្វើពលកម្មទាំងអស់ និងហូបតែបបរលាយជាមួយស្លឹកដំឡូង គល់ចេក គល់ល្ហុង និងត្រកួនប៉ុណ្ណោះ។

គាត់បន្តថា នៅសម័យខ្មែរក្រហមមានការចាប់បង្ខំឲ្យរៀបការម្តង ៤០គូ និងបីខែម្តងទើបបានជួបមុខគ្នាក្រោយពីធ្វើការតាមការដ្ឋានរៀងៗខ្លួន។ អ្នកដែលមានផ្ទៃពោះត្រូវបុកស្រូវ ចំណែកយុវជននៅសម័យនោះត្រូវលើក        ទំនប់។ កូនៗត្រូវហៅឪពុកម្តាយថា «សមមិត្ត» ដោយទុកអង្គការជាម្តាយឪពុក។ នៅពេលខ្លះខ្មែរក្រហមបានបញ្ជាឲ្យកូនក្មេងទាំងនោះវាយធ្វើបាបឪពុកម្តាយរបស់ខ្លួននៅចំពោះមុខអង្គការ។   អ្នកខ្លះត្រូវដេញបាញ់តាមវាលស្រែ  ដោយសារលួចដំណាំហូប។

ចំណែកប្តីរបស់គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅជីកដំឡូងនៅភូមិផ្សេង តែការពិតប្តីរបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់ ដោយសារជាទាហាននៅរបប លន់ នល់។ គាត់និងកូនតូចដែលមានអាយុប្រហែល ៦ឆ្នាំ បានរងចាំប្តីនិងឪពុកទាំងមិនដឹងថា ត្រូវបានសម្លាប់នៅទីណានោះទេ។ បន្ទាប់មកខ្មែរក្រហមបានជម្លៀសគាត់និងមនុស្សជាង ១០គ្រួសារផ្សេងទៀតទៅតាមឡាន ដើម្បីសម្លាប់ចោល។ នៅពេលជម្លៀសគាត់ចេញពីភូមិមួយទៅភូមិមួយ គាត់និងកូនបានជួបការលំបាក ដោយសារខ្វះការហូបចុកទើបធ្វើឲ្យកូនរបស់គាត់បានបាត់បង់ជីវិតនៅតាមផ្លូវ។

រីក ស៊ាប បាននិយាយថា ខ្លួនគា្មនសង្ឃឹមរស់រានមានជីវិតមកទល់សព្វថ្ងៃនេះទេ។ ក៏ប៉ុន្តែអ្នកបើកឡាននោះបានឲ្យប្រជាជន ដែលត្រូវបានជម្លៀសយកទៅសម្លាប់ហែកសំបុត្រចោល និងសរសេរសំបុត្រថ្មី។ គាត់និងអ្នកឯទៀតមិនត្រូវបានសម្លាប់និងត្រូវបានទទួលឲ្យរស់នៅទីកន្លែងថ្មី។ ឆ្នាំ១៩៧៩ គាត់បានត្រឡប់មកភូមិស្វាយចេក នៅមុនពេល​ត្រឡប់មករស់នៅក្នុងភូមិសព្វថ្ងៃនេះ៕

សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin