ប្អូនរបស់ វិត បានបោកគ្រាប់បែកសម្លាប់ខ្លួន

(តាកែវ) កើត វិត អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វិត រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។

នៅសម័យខ្មែរក្រហម វិត មានអាយុ១៨ឆ្នាំ។ វិត គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់ត្រូវធ្វើការងារធ្ងន់ៗ។ នៅរដូវវស្សាអង្គការប្រើ វិន ឲ្យទៅភ្ជួរស្រែនៅជិត ភូមិសំរោង ព្រៃជើង។ វិត ត្រូវចុះទៅភ្ជួរស្រែចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ១១ថ្ងៃ ទើបសម្រាកហូបអាហារម្ដង។ ពេលថ្ងៃរសៀល វិត ត្រូវយកគោដែលគាត់ដាក់ទឹមពេលព្រឹកទៅឲ្យស៊ីស្មៅ។ វិត បានឲ្យដឹងថាគាត់មានការលំបាកយ៉ាងខ្លាំងនៅពេលដែលភ្ជួរស្រែ ព្រោះគាត់ត្រូវលីនង្គ័លធ្ងន់ៗដោយខ្លួនឯង។

នៅពេលរដូវច្រូតកាត់ចូល​មកដល់ អង្គការ បានប្រើ វិត ឲ្យទៅធ្វើការងារនៅក្នុងក្រុមកងចល័ត។ វិត បានបន្តទៀតថា អង្គការបានកំណត់ឲ្យគាត់ច្រូតស្រូវឲ្យរួចរាល់ ១កុង (ស្មើនឹង​៤០អា) ក្នុងមួយថ្ងៃ។ នៅរដូវប្រាំង អង្គការបានបញ្ជូន វិត ឲ្យទៅធ្វើការងារជីកប្រឡាយ លើកទំនប់បន្តទៀត។ ក្រៅពីការងារខាងលើ វិត បានចូលធ្វើការនៅក្នុងក្រុមបុកស្រូវ និងយកអង្ករដាក់ក្នុងសហករណ៍។

ចំពោះរបបអាហារ វិត បានឲ្យដឹងថា នៅរដូវប្រមូលផល អង្គការបានដាំបាយឲ្យប្រជាជនហូបរយៈពេលមួយសប្ដាហ៍។ បន្ទាប់មកទៀត អង្គការចាប់ផ្ដើមដាំបបរគោក លាយជាមួយពោត រហូតដល់បបររាវលាយជាមួយពោត ដើម្បីហូបជាមួយសម្លរម្ជូរត្រកួន ឬក៏បន្លែផ្សេងៗ។ បើតាមសម្ដីរបស់ វិត អង្គការបានចែករបបអាហារឲ្យអ្នកធ្វើការងារ ២វែកក្នុងមួយពេល ប៉ុន្តែបើឈឺនៅផ្ទះ គឺបានមួយវែក ហើយប្រសិនបើធ្វើពុតជាឈឺគឺបានតែកន្លះវែកប៉ុណ្ណោះ។

នៅក្នុងរបប ប៉ុល ពត វិត ធ្លាប់បានឃើញកម្មាភិបាលខ្មែក្រហមបណ្ដើរអ្នកទោសមួយឡាន យកទៅសម្លាប់ទម្លាក់ក្នុងអណ្ដូង នៅសំរោងព្រៃជើង។ អ្នកទោសដែលអង្គការយកទៅសម្លាប់គឺត្រូវយកលួសដោតនៅដៃ និងបណ្ដើរយកទៅអង្គុយមាត់អណ្ដូង និងវាយទម្លាក់ម្នាក់ម្ដងៗ។ ហេតុការណ៍សម្លាប់នេះ វិត បានឃើញផ្ទាល់ភ្នែក នៅពេលដែលគាត់ធ្វើដំណើរទៅធ្វើការងារ។

បើតាមសម្ដីររបស់ វិត អ្នកទោសដែលត្រូវសម្លាប់ក្នុងពេលនោះ គឺនៅមានមនុស្សម្នាក់ដែលមិនទាន់ស្លាប់ ហើយបានឡើងចេញពីរណ្ដៅ និងរត់ទៅកន្លែងរបស់ វិត ធ្វើការ។ វិត បានប្រាប់ឲ្យមនុស្សម្នាក់នោះលាងខ្លួនចេញ និងរត់ទៅ អូរចំបក់វិញ ដើម្បីគេចពីការសម្លាប់របស់កម្មាភិបាលខ្មែរក្រហម។

នៅពេលបែករបបខ្មែរក្រហម វិត បានរត់ទៅខាងប៉ារាឡាយ ជាមួយឪពុក។ នៅប៉ារាឡាយ វិត កើតជំងឺគ្រុនចាញ់ និងត្រលប់មកភូមិព្រៃលៀបវិញ។ នៅក្នុងសម័យខ្មែរក្រហម វិត បានបាត់បង់ប្អូនម្នាក់អាយុ១២ឆ្នាំ។ ប្អូនរបស់ វិត បានសម្លាប់ខ្លួនឯង ដោយសារតែឈឺចិត្តជាមួយការធ្វើទារុណកម្មរបស់អង្គការ។ ខាងក្រោមនេះគឺជារឿងរ៉ាវនៃការសម្លាប់ខ្លួនរបស់ប្អូន វិត៖

“ពេលស្នាក់រស់នៅក្នុងកងកុមារ ប្អូនរបស់ខ្ញុំបានលួចមកលេងផ្ទះ ព្រោះគាត់នឹកម្ដាយខ្លាំងពេក។ ពេលធ្វើដំណើរទៅវិញ គ្រូដែលដឹកនាំកុមារបានដាក់ពិន័យប្អូនរបស់ខ្ញុំឲ្យជីករណ្ដៅត្រឹមក។ ពេលជីករួច ប្រធានក្រុមរបស់ប្អូនខ្ញុំ បានប្រាប់ឲ្យក្មេងៗផ្សេងទៀតចាប់អូសប្អូនរបស់ខ្ញុំយកទៅកប់ក្នុងរណ្ដៅដែលបានជីកនោះត្រឹមក។ ដោយសារតែឈឺចិត្តជាមួយទារុណកម្មនេះខ្លាំងពេក ប្អូនរបស់ខ្ញុំ បានយកគ្រាប់បែកដែលគាត់រើសបាន យកមកបោកនៅ ស្ពានត្រពាំងស្លែង ដើម្បីសម្លាប់ខ្លួន”។

សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin