ហ៊ុល គឹមសឿន៖ ប្រសិនបើអង្គការគ្រប់គ្រងប្រទេសយូរជាងនេះ ប្រជាជន ច្បាស់ជាស្លាប់អស់ជាក់ជាមិនខាន

(តាកែវ) ហ៊ុល គឹមសឿន អាយុ៦៧ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គឹមសឿន រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការប្រើ សឿន ឲ្យធ្វើការងារ ដកសំណាប, ស្ទូងស្រូវ, ច្រូតស្រូវ, និងធ្វើចម្ការ ដាំដំណាំផ្សេងៗ។ លើសពីនេះទៅទៀត គឹមសឿន ធ្វើការងារជីកប្រឡាយ និងលើកទំនប់ នៅទ្រលាប, ឬស្សីដេក និងនៅបឹងទំនប់។

អង្គការបានបែងចែកមនុស្ស ៣នាក់ក្នុងមួយក្រុម និងចាត់តាំងឲ្យធ្វើការងារជីកប្រឡាយឲ្យបាន ៥ម៉ែត្រ ជម្រៅ២ម៉ែត្រ និងបាត៣ម៉ែត្រ។ ប្រសិនបើក្រុមមួយណាបញ្ចប់ការងារមុនគេ អង្គការនឹងចែកក្រណាត់ឲ្យ ២ម៉ែត្រ ជារង្វាន់។ បើតាមសម្ដីរបស់ គឹមសឿន ក្រោយទទួល​បានក្រណាត់  គាត់​យកទៅឲ្យក្រុមដេរសម្លៀកបំពាក់ជួយកាត់ ហើយគាត់យកមកដេរធ្វើជាខោអាវដោយខ្លួនឯងនៅផ្ទះ។

សឿន បានឲ្យដឹងថា សម្លៀកបំពាក់ដែលគាត់ដេរនៅផ្ទះ គឺសម្រាប់​កូនរបស់គាត់ដែលកើតក្នុងសម័យខ្មែរក្រហម។ នៅក្នុងសម័យ ប៉ុល ពត សឿន បានពពោះ និងសម្រាល ២ដង។ នៅពេលពពោះ សឿន ត្រូវធ្វើការងាររហូតដល់ពេលសម្រាលកូន។ អង្គការបានឲ្យស្រ្ដីជិតគ្រប់ខែត្រៀមសម្រាល ធ្វើការងារចិតបន្លែនៅក្នុងរោងបាយ។ ចំណែកស្រ្ដីដែលឆ្លងទន្លេរួច អាចសម្រាកពីការងារបានកន្លះខែ ហើយបន្ទាប់ពីនោះ គឺត្រូវធ្វើការងារមើលក្មេងនៅក្នុងសហករណ៍។

ចំពោះរបបអាហាររបស់ស្ដ្រីដែលទើបសម្រាលកូនរួច​ អង្គការបានផ្ដល់បបរជាមួយសម្ល សាច់មាន់ សាច់ជ្រូក និងត្រី ខុសពីប្រជាជនធម្មតា។ សឿន បាននិយាយថា គាត់ចេះតែទន្ទឹងរង់ចាំពេលវេលាដែលខ្លួនរួចផុតពីការគ្រប់គ្រងរបស់អង្គការខ្មែរក្រហម។ សឿន បានបន្តទៀតថា ប្រសិនបើអង្គការនៅតែបន្ត សម្លាប់ប្រជាជន, ប្រើប្រជាជនឲ្យធ្វើការហួសកម្លាំង និងមិនមានអាហារហូបគ្រប់គ្រាន់បែបនេះ ប្រជាជនខ្មែរច្បាស់ជាស្លាប់អស់ជាក់ជាមិនខាន។

សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin