កងសិល្បៈនៅរបបខ្មែរក្រហម

ជា រឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ជា រឿន បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ មានអាយុ៥៧ ឆ្នាំ គាត់ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម។ នៅថ្ងៃមួយ នៅពេលប្រជុំតាមភូមិ ខ្មែរក្រហមសួរក្មេងៗថា ចង់បែកពីឪពុកម្តាយឬទេ គាត់និងក្មេងដទៃទៀតបានលើកដៃដោយគិតថានឹងបានដើរកំសាន្តសប្បាយជាជាងរស់នៅធ្វើការជាមួយឪពុកម្តាយតែមួយកន្លែង។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានព្រាត់ប្រាស​ពីឪពុកមា្តយ ដែលបានបាត់បង់ជីវិតនៅសម័យនោះ។

ជាដំបូង គាត់បានចូលបម្រើក្នុងកងសិល្បៈ។ នៅបន្ទាប់មកជីវិតរបស់គាត់ត្រូវបន្តរងទុក្ខវេទនា​ដោយធ្វើការនៅក្នុងនាមជាកងចល័ត ដោយតម្រូវឲ្យកាប់ទន្រ្ទានខេត្ត រែកលាមកដើម្បីធ្វើជី លីងផ្លែកន្ទួត ជីកប្រឡាយ ឬរណ្ដៅ។​ នៅពេលគាត់​បាន​មករស់​នៅខេត្តពោធិ៍សាត់ គាត់ត្រូវបានដីបាក់សង្កត់លើ។ ជារៀងរាល់ថ្ងៃ កងចល័តម្នាក់ៗតម្រូវឲ្យដកសំណាប ក្នុងមួយនាក់កម្រិតយ៉ាងតិចដកឲ្យបានប្រាំផ្លូន ទៅ មួយស្លឹក (ដបផ្លូន) បើដកមិនគ្រប់ មិនមានបបរសម្រាប់បរិភោគនោះទេ បើទោះបីជាមានស្រូវជាច្រើនតោនដាក់ទុកក្នុងឃ្លាំងក៏ដោយ។

យប់មួយ នាពេលទាបភ្លឺ​ រឿន បានលួចរត់ចេញពីកន្លែងដែលគាត់រស់នៅតាមកងចល័ត ដើម្បីស្កាត់ទៅជួបម្ដាយ។ ម្ដាយរបស់ រឿន បានរងចាំ និងរៀបចំបាយ និងផ្អកដែលកប់ក្នុងដី សម្រាប់កូន ក៏ប៉ុន្តែ រឿន ត្រូវបានកងពិសេស ដែលកំពុងយាម បានជិះសេះប្រដេញតាមពីក្រោយគាត់ នឹងវាយដោយរំពត់ នៅពេលនោះគាត់មានអាយុប្រហែល១២ឆ្នាំ។ គាត់បានបន្តថា ខ្មែរក្រហមដែលពិការហើយមានបំណងចង់រត់ចេញ ត្រូវបានខ្មែរក្រហមគ្នាឯង បាញ់សម្លាប់នៅតាមមាត់ស្ទឹង។ មនុស្សជាច្រើននាក់ ទាំងចាស់ទាំងក្មេង ប្រហែលទាំងឪពុកម្តាយរបស់គាត់ផងដែរ ត្រូវបានខ្មែរក្រហមសម្លាប់នៅតាមរណ្ដៅ និងប្រឡាយដែលគាត់បានជីក និងរែកដីដាក់។ ខ្មែរក្រហមមានចលនាបាញ់ទៅលើអ្នកណាដែលរត់ចេញទៅខាងកងទ័ព​វៀតណាម។

ក្រោយពីការដួលរលំនៃរបបខ្មែរក្រហម រឿន បានបន្តជីវិត ដោយរស់នៅជាមួយម្តាយមីងរបស់គាត់។ ម្តាយមីងរបស់គាត់ត្រូវបានខ្មែរក្រហមប្លន់នៅពេលគាត់ដឹកជញ្ជូនទំនិញតាមរទេះភ្លើង ដោយបង្កប់មីនតាមផ្លូវដែកដែលគាត់ឆ្លងកាត់៕

សម្ភាសន៍ដោយ សុង ថានី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin