អង្គការស្ងោរដំឡូងឲ្យប្រជាជនហូបជំនួសបាយ
(តាកែវ) សំរិត សេង អាយុ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សេង គឺជាប្រជាជនមូលដ្ឋាននៅក្នុងសហករណ៍។ សេង បានឲ្យដឹងថា មុនដំបូងប្រធានភូមិបានបែងចែកប្រជាជនឲ្យធ្វើស្រែរួមគ្នា ហើយបែងចែកទិន្នផលតាមកម្លាំងពលកម្ម ទីមួយ និងទីពីរ។ នៅឆ្នាំ១៩៧៥ អង្គការបានប្រមូលរបស់របរទាំងអស់របស់ប្រជាជន យកទៅធ្វើជារបស់រួម មិនតែប៉ុណ្ណោះប្រជាជនបានចាប់ផ្តើមហូបអាហាររួមគ្នា។
នៅក្នុងរោងបាយរួម ជាញឹកញាប់ អង្គការដាំបបរឲ្យប្រជាជនហូប។ នៅថ្ងៃដែលដាច់ស្បៀងខ្លាំង អង្គការដាំបបរមួយខ្ទះ ដាក់អង្ករតែ៣កំប៉ុងប៉ុណ្ណោះសម្រាប់ប្រជាជនមួយក្រុមធំ ហូបជាមួយសម្ល បន្លែត្រកួន ដើមចេក ឬក៏ព្រលឹត។ លើសពីនេះទៅទៀត អង្គការបានស្ងោរដំឡូងឲ្យប្រជាជនហូបជំនួសបាយ។
អំឡុងពេលហូបបាយរួម សេង ត្រូវបានអង្គការបានចាត់តាំងឲ្យត្រាំស្រូវពូជ ហើយបន្ទាប់មកធ្វើអង្ករ។ ចំណែកប្ដីរបស់ សេង ឈ្មោះ ស្រ៊ន អង្គការចាត់តាំងឲ្យទៅជីកដី, ជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ នៅភ្នំដា, ភ្នំបូរី និងនៅគោកធ្លក។ អង្គការបានបង្ខំ សេង ឲ្យទៅធ្វើការងារជាមួយប្ដី ប៉ុន្តែ សេង បដិសេធ។ ចំពោះកូនរបស់ សេង ចំនួនពីរនាក់ ត្រូវអង្កការចាត់តាំងឲ្យដើររើសអាចម៍គោ។
នៅក្នុងសម័យខ្មែរក្រហម សេង សម្រាលបានកូនម្នាក់ទៀត។ នៅពេលឆ្លងទន្លេមានឆ្មបភូមិម្នាក់ឈ្មោះ អឹម មកជួយសម្រាលគាត់។ បន្ទាប់ពីសម្រាលកូនបានមួយខែ សេង ត្រូវកម្មាភិបាលខ្មែរក្រហមចាត់ឲ្យ នៅមើលថែក្មេងក្នុងភូមិ ប៉ុន្តែគាត់បដិសេធ និងសុំអង្គការទៅធ្វើស្រែវិញ។ សេង បដិសេធដោយសារតែគាត់មិនចង់បំបៅក្មេងជាច្រើននាក់នៅក្នុងភូមិ។
សេង បាននិយាយថា គាត់មិនធ្លាប់ឃើញការសម្លាប់មនុស្សនៅក្នុងសម័យខ្មែរក្រហមនោះឡើយ ប៉ុន្តែគាត់បានឮដំណឹងអំពីការសម្លាប់ប្រជាជន ១៧ មេសា។ សេង បានបន្តថា អង្គការបានហៅប្រជាជន ១៧ មេសា ទាំងអស់ឲ្យទៅប្រជុំ ហើយគាត់ពុំដែលមិនឃើញអ្នកទាំងនោះត្រលប់មកភូមិវិញទេ។
បច្ចុប្បន្ន សេងរស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ។ ថ្មីៗនេះ សេង មានជំងឺក្រពះពោះវៀន និងឈឺសន្លាក់ដៃជើង។ សេង ព្យាបាលជំងឺរបស់គាត់តាមរយៈការទិញថ្នាំលេប ពីពេទ្យឯកជនក្នុងផ្សារក្បែរផ្ទះ។
សម្ភាសដោយ៖ ថៃ ស៊ីណា ថ្ងៃទី០៧ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៤ កុម្ភៈ ២០២៥