របបខ្មែរក្រហមឃោរឃៅចំពោះជាតិសាសន៍ខ្លួន

កង ហាច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(បាត់ដំបង)៖ កង ហាច អាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ គាត់បានរៀបរាប់ពីដំណើររឿងរ៉ាវដែលកើតឡើងនៅសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តកម្ពុជា។

ដំបូងឡើយ ហាច ត្រូវបានចាត់តាំងឲ្យធ្វើជាកងចល័ត ដែលមានតួនាទី លើកទំនប់ និងជីកប្រឡាយ។ ក្រោយពីបញ្ចាប់ពីការងារពលកម្ម គាត់អាចត្រឡប់ទៅផ្ទះវិញបាន ដើម្បីជួបជុំឪពុកម្តាយ។ កាលនោះ កងទ័ពខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាទៅតាមតំបន់មុនឆ្នាំ១៩៧៥។ ភូមិដែល កង ហាច រស់នៅត្រូវបានខ្មែរក្រហមចូលកាន់កាប់។

មិនយូរប៉ុន្មាន ការផ្លាស់ប្តូរចាប់ផ្ដើមកើតឡើង ហាច មិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញទៀតនោះទេ អ្វីៗកាន់តែអាក្រក់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហាច ធ្វើការ​នៅកងចល័តធ្វើការតាមឃុំ នៅវ័យ ១០ឆ្នាំ ត្រូវរស់នៅជាមួយកុមារដទៃទៀត ដែលមានការមើលខុសត្រូវយ៉ាងតឹងតែងពីមនុស្សចាស់ដែលរស់នៅជាមួយ។

ចំពោះការកាប់សម្លាប់ជាតិសាសន៍ខ្លួនវិញ ហាច​ បាន​និយាយថា ខ្មែរក្រហមគឺ​ «ឃោរឃៅជាងរបបណាស៊ីទៅទៀត»។ គាត់បានបញ្ជាក់ទៀតថា ខ្មែរក្រហមសម្លាប់មនុស្សដោយមិនស្គាល់ជាតិសាសន៍ខ្លួនឯងនោះទេ។

គួរបញ្ជាក់ផងដែរថា របបខ្មែរក្រហមបានកាប់សម្លាប់យ៉ាងរង្គាលទៅលើជាតិសាសន៍ខ្លួន និងជនជាតិភាគតិច ដែលធ្វើឲ្យបាត់បង់ជីវិតមនុស្សប្រមាណជាពីរលាននាក់។ តាមការយល់ឃើញរបស់គាត់ផ្ទាល់ ការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺ​ជារឿងល្អ។​

កង ហាច ជឿជាក់​ថាការនិយាយអំពីរឿងរ៉ាវ និងប្រវត្តិផ្ទាល់ខ្លួននៅសម័យខ្មែរក្រហមប្រាប់ទៅដល់កូនចៅជំនាន់ក្រោយដែលរស់នៅជាមួយ ជាការបញ្ជាក់ពីការពិត និងការកើតមានឡើងនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានសម្លាប់ជាតិសាសន៍ខ្លួន៕

សម្ភាសន៍ដោយ លឿប សុផៃលីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin