បបរនិងសម្លម្ជូរ

(ត្បូងឃ្មុំ)៖ អ៊ុច ម៉ន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនិងអាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ពីមុនស្ថិតក្នុងខេត្តកំពង់ចាម)។

នៅអំឡុងឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង, នៅពេលនោះ ម៉ន បន្តធ្វើស្រែចម្ការធម្មតា ប៉ុន្តែគាត់ និងគ្រួសារត្រូវរត់ចូលពួនក្នុងរណ្តៅត្រង់សេដែលឪពុកបានធ្វើទុកសម្រាប់ការពារ នៅពេលមានការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោងនានា។

ពេលរបបខ្មែរក្រហមឡើងកាន់កាប់អំណាចនៅឆ្នាំ១៩៧៥ ម៉ន មានអាយុ១៨ឆ្នាំ ហើយរស់នៅភូមិទួលពោធិ៍ ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ ក្នុងរបបនោះ ម៉ន ត្រូវបានចាត់ថ្នាក់ជាប្រជាជនមូលដ្ឋាន។ ការងារដែលត្រូវធ្វើប្រចាំថ្ងៃមាន មើលគោក្របី ជីកប្រឡាយ ធ្វើប្រព័ន្ធភ្លឺស្រែ ស្ទូងស្រូវ និងជីកព្រែកនៅខាងលិចស្ទឹង។ បន្ទាប់មក ម៉ន ត្រូវបានចាត់តាំងឱ្យចូលរួមក្នុងកងចល័ត ដើរយាមកាម ធ្វើស្រែ ច្រូតស្រូវ និងសែងអ្នករបួសចេញពីសមរភូមិ។ ម៉ន បាននិយាយថា នៅក្នុងរបបខ្មែរក្រហមមិនមានផ្ទះសម្រាប់ស្នាក់នៅត្រឹមត្រូវឡើយ, ពេលយប់ឡើងគាត់ត្រូវសម្រាកនៅតាមវាលស្រែ ឬក្រោមផ្ទះរបស់អ្នកភូមិ។ នៅអំឡុងពេលនោះ ម៉ន នៅក្មេងមានកម្លាំង គឺខិតខំធ្វើការប្រចាំថ្ងៃតាមការបញ្ជារបស់អង្គការជានិច្ច។

អនុស្សាវរីយ៍ជូរចត់បំផុតដែល ម៉ន មិនអាចបំភ្លេចបានរហូតដល់សព្វថ្ងៃ គឺការជីកព្រែកនៅខាងកើតស្ទឹងក្នុងស្រុកពញាក្រែក ការងារនោះហត់នឿយខ្លាំងណាស់។ កន្លែងមានថ្មធំៗដែលកម្លាំងមនុស្សមិនអាចជីកកើត ត្រូវដាក់គ្រាប់បែកបំបែក។ ថ្ងៃមួយ មានមនុស្សម្នាក់កំពុងសម្រាក ស្រាប់តែដីនិងថ្មបាក់សង្កត់ស្លាប់ភ្លាមៗ ហើយក្រៅពីនោះគឺត្រូវរបួសស្រាល។ ពេលនោះ ម៉ន បានធ្លាក់ពីលើដីមកលើថ្មកន្លែងកើតហេតុនោះ បណ្តាលឱ្យហើមជើងរយៈពេលមួយសប្តាហ៍។ ចំពោះការហូបចុក រាល់ថ្ងៃមានត្រឹមតែបបរនិងសម្លម្ជូរប៉ុណ្ណោះ។ ម៉ន បានបន្តថា គាត់ត្រូវបរិភោគអាហារនោះជារៀងរាល់ថ្ងៃ គ្មានមុខម្ហូបអ្វីផ្សេងឡើយ ទោះបីជាចង់ប្រកែកក៏មិនអាច។

ម៉ន មានបងប្អូនចំនួន៨នាក់ ក្នុងនោះមានប្រុស៤នាក់ និងស្រី៤នាក់។ នៅក្នុងរបបខ្មែរក្រហម ម៉ន បានបាត់បង់ឪពុកនិងបងប្រុសម្នាក់។ អ្នកទាំងពីរធ្លាប់ជាទាហាន ហើយត្រូវបានខ្មែរក្រហមយកទៅវាយសម្លាប់ចោល។ ម៉ន ធ្លាប់បានឮប្រជាជនរស់នៅក្នុងសហករណ៍ជាមួយគ្នានិយាយប្រាប់ថា អង្គការបានយកមនុស្សទៅអាករសម្លាប់ចោលជាច្រើននាក់។

បច្ចុប្បន្ន ម៉ន មានជំងឺប្រចាំកាយជាច្រើន ដូចជាជំងឺទឹកនោមប្រៃ ជំងឺស្បូន និងមានអាការចុកដៃចុកជើង ព្រមទាំងឆាប់ហត់នឿយ ធ្វើការងារធ្ងន់មិនសូវបាន៕

សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin