ចង យឿន៖ ធ្វើការរហូតដល់គ្រប់ខែសម្រាលកូន

ចង យឿន អាយុ៨០ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ យឿន មានបងប្អូនចំនួន៦នាក់។ កាលពីក្មេង គ្រួសាររបស់យឿន ក្រីក្រ និងខ្វះខាត។ យឿន មានកូនចំនួន៦នាក់ ក្នុងនោះកូនប្រុស២នាក់របស់គាត់បានស្លាប់។ កូនប្រុសទាំង២នាក់របស់យឿន មានស្លាប់ដោយសារជំងឺនៅផ្ទះ ហើយកូនម្នាក់ទៀតបានចេញទៅធ្វើជាយោធានៅសំឡូត និងកើតជំងឺគ្រុនចាញ់ព្យាបាលមិនជា។

នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់យឿន ឲ្យទៅរស់នៅស្មៅខ្ញី។ នៅស្មៅខ្ញី កូនៗរបស់យឿន២នាក់ ដែលមានអាយុ៨ និង១០ឆ្នាំ ត្រូវចូលធ្វើការងារនៅក្នុងកងកុមារ ហើយកូនផ្សេងទៀតរស់នៅក្នុងមណ្ឌល។ យឿន មានការអាណិតកូនៗរបស់គាត់ខ្លាំងណាស់ ព្រោះមុនដំបូង កូនរបស់គាត់តែងតែលួចត្រលប់មកផ្ទះវិញ ហើយប្រធានកងចាប់វាយអូសត្រលប់ទៅវិញ។ ចំណែកកូននៅមណ្ឌល យឿន ត្រូវទៅយកពីមណ្ឌលនៅពេលយប់រាល់ថ្ងៃ បន្ទាប់ពីចេញពីធ្វើការងារ។

យឿន បានឲ្យដឹងថា អង្គការតែងតែធ្វើការទិតៀនគាត់ ដោយសារ យឿន តែងតែខ្ចប់កាកបបរមកឲ្យកូននៅផ្ទះ ព្រោះគាត់ឃើញកូនអត់ឃ្លានខ្លាំងពេក។ យឿន បន្តថា អង្គការបានប្រើគាត់ឲ្យរែកដីរហូតដល់ថ្ងៃសម្រាលកូន។ នៅល្ងាចមួយក្រោយសម្រាកពីការងារ យឿន ចាប់ផ្ដើមធ្លាក់ឈាមយ៉ាងខ្លាំង។ ពេលឃើញដូច្នេះ ប្រធានសហករណ៍បានហៅគ្រូខ្មែរឲ្យមកជួយសម្រាលកូនរបស់យឿន។ នៅពេលសម្រាលកូនរួច យឿន កើតក្រឡាភ្លើងក្ដៅខ្លួនសន្លប់១យប់១ថ្ងៃ។ ដើម្បីព្យាបាលជំងឺ គ្រូខ្មែរបានយកពន្លៃ, ល្មៀត និងមេស្រា យកមកបុកបញ្ចូលគ្នា រួចយកមកបំពោក(លាប)ឲ្យ យឿន និងដាំទឹកឲ្យគាត់ងូត។ មួយវិញទៀត ដើម្បីបង្កើនទឹកដោះឲ្យកូនបៅ គ្រូខ្មែរបានកាប់ដើមសង្កែទទឹងថ្ងៃ យកទៅដាំឲ្យគាត់ផឹក។ យឿន បានរៀបរាប់ថា គ្រូខ្មែរមើលថែគាត់បានល្អ ហើយប្រធានសហករណ៍ក៏មិនបង្ខំគាត់ឲ្យចូលទៅធ្វើការងារនោះទេ។ លើសពីនេះទៅទៀត នៅពេលដែលសម្រាលកូនរួច ហើយដើរមិនរួច អង្គការបានរៀបចំឲ្យយករបបអាហារទៅឲ្យគាត់ហូបនៅកន្លែងតែម្ដង។

នៅដើមខែមករា ឆ្នាំ១៩៧៩ យឿន និងប្រជាជនផ្សេងទៀត បានឮដំណឹងថា ខ្មែក្រហមចាញ់សង្គ្រាម។ ប្រជាជននៅក្នុងភូមិ បាននាំគ្នាចូលទៅយកសត្វចិញ្ចឹម ស្បៀងអាហារ និងសម្ភារផ្សេងៗនៅក្នុងរោងបាយ ប៉ុន្តែ យឿន មិនហ៊ាននោះទេ។ បន្ទាប់មក យឿន បានឃើញកម្មាភិបាលដែលធ្លាប់ធ្វើការងារនៅក្នុងភូមិ ចូលមកក្នុងភូមិវិញ និងចាប់ដំបង វាយស្លាប់ប្រជាជនប្រមាណ៤ ទៅ៥នាក់ ក្បែររោងបាយ។ នៅពេលដែលឃើញហេតុការនេះ យឿន មានការភ័យខ្លាចយ៉ាងខ្លាំង។

ល្ងាចឡើង កូនប្រុសម្នាក់របស់យឿន បានមកបបួលគាត់ទៅផ្ទះវិញ។ មុនពេលចេញទៅ កូនរបស់យឿន បានប្រាប់ម្ដាយថាគាត់ចង់បានសត្វគោយ៉ាងខ្លាំង ព្រោះគាត់ធ្វើជាក្មេងឃ្វាលគោរាល់ថ្ងៃនៅក្នុងសម័យខ្មែរក្រហម។ ពេលឮដូច្នេះ យឿន បានហែកក្រមាជា២ រួចឲ្យកូនយកទៅទាក់ស្នែងគោញីបានមួយក្បាលដឹកទៅផ្ទះ។

ពេលទៅដល់ផ្ទះ យឿន មិនហ៊ានច្រូតស្រូវទុំក្នុងស្រែនោះទេ ព្រោះគាត់ខ្លាចវៀតណាមចូលមកម្ដងៗ។ ក្រោយមក នៅពេលសភាពការណ៍ស្ងប់ស្ងាត់ យឿន ចូលទៅច្រូតស្រូវយកមកចិញ្ចឹមកូន។ យឿន មិនហ៊ាននិយាយរឿងរ៉ាវរបស់ខ្លួនប្រាប់ទៅកូនៗនោះទេ បើទោះបីជាកូនរបស់គាត់សួរក៏ដោយ។ មូលហេតុដែល យឿន មិននិយាយដោយសារតែគាត់ខ្លាចមានអ្នកមកធ្វើបាបកូនរបស់គាត់។ មួយវិញទៀត នៅពេលដែលមេភូមិ និងមេឃុំចូលទៅនិយាយទាក់ទងជាមួយការកាត់ទោសមេដឹកនាំខ្មែរក្រហម យឿនមិនបានចូលរួមអ្វីដែរ ព្រោះគាត់នៅតែមានអារម្មណ៍ខ្លាចរបបខ្មែរក្រហម។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២០ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៩ ខែមេសា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin