លីវ រឿន៖ ក្មេងតូចៗត្រូវអង្គការបោះចូលក្នុងរណ្ដៅតែម្ដង
លីវ រឿន អាយុ៦៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ រឿន មានស្រុកកំណើតនៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រឿន មានឪពុកឈ្មោះ ទីវ លីវ ម្ដាយឈ្មោះ ម៉ា លន់ និងមានបងប្អូនចំនួន៣នាក់។ ប្ដីរបស់រឿនឈ្មោះ ឆាំង ឆៀវ និងមានកូនចំនួន៨នាក់។ កាលពីក្មេង រឿន បានរៀនត្រឹមថ្នាក់ទី៩ (សម័យសង្គមចាស់)។ នៅឆ្នាំ១៩៧០ រឿន បានឈប់រៀន និងចូលទៅជួយធ្វើស្រែម្ដាយឪពុក។
នៅឆ្នាំ១៩៧២ មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ និងធ្វើឲ្យឆេះផ្ទះប្រជាជន, ងាប់សត្វចិញ្ចឹម និងខូចខាតផលដំណាំផ្សេងៗ។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានកៀរប្រជាជនឲ្យទៅរស់នៅខាងត្បូងភ្នំស្រង់ និងធ្វើស្រែជាមួយប្រជាជនមូលដ្ឋាន។ ការងាររបស់ រឿន គឺធ្វើស្រែ, រែកដី, លើកទំនប់ និងធ្វើត្បាល់កិនស្រូវ។ អំឡុងពេលនោះ រឿន បានរៀបការជាមួយអ្នកមូលដ្ឋានម្នាក់។ នៅពេលរៀបការរួច ប្ដីរបស់រឿន បានចេញទៅធ្វើជាយោធាចោល រឿន និងកូនប្រុសម្នាក់ឲ្យស្នាក់នៅជាមួយគាត់។ ក្រោយមក រឿន ទទួលដំណឹងថា ប្ដីរបស់គាត់បានបាត់បង់ជីវិត។
នៅឆ្នាំ១៩៧៥ រឿន មានអាយុ២២ឆ្នាំ។ រឿន បន្តធ្វើការងារនៅខាងត្បូងភ្នំស្រង់ជាមួយប្រជាជនមូលដ្ឋាន និងរស់នៅជាមួយម្ដាយក្មេក។ រឿន បានឲ្យដឹងថា មុនដំបូង អង្គការឲ្យគាត់ធ្វើស្រែតាមក្រុម, រែកដីទប់ទំនប់, ជីកព្រែក និងជីកប្រឡាយ។ បន្ទាប់មក ប្រធានភូមិឈ្មោះ អឹម បានប្រមូលប្រជាជននៅក្នុងភូមិ រួមទាំង រឿន ឲ្យទៅបំផ្លាញរូបសំណាកព្រះនៅក្នុងវត្ត និងលុបបំបាត់ការគោរពសាសនា។
នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូន រឿន ឲ្យទៅភ្នំអង្គរបូរី ដើម្បីធ្វើការងារគាស់គល់ឈើ និងរែកដី។ នៅភ្នំអង្គរបូរី អង្គការបង្ខំឲ្យ រឿន រៀបការម្ដងទៀត។ ការរៀបការនៅពេលនោះគឺ មានរៀបចំសែនព្រេន និងមានផ្កាស្លា។ រឿន បន្តថាការរៀបការ ធ្វើឡើងតែមួយគូប៉ុណ្ណោះ ព្រោះជាការរៀបការលើកដំបូងនៅក្នុងសហករណ៍។ ពេលរៀបការរួច រឿន បានរស់នៅជុំគ្រួសារ រហូតដល់ទទួលបានកូនស្រីម្នាក់ទៀត។
នៅឆ្នាំ១៩៧៧ ក្នុងខែភ្ជុំ អង្គការបានអនុញ្ញាតឲ្យ រឿន មកលេងស្រុកកំណើត ប៉ុន្តែពេលមកដល់ភូមិ គាត់មិនបានត្រលប់ទៅវិញទេ។ នៅឆ្នាំដដែល រឿន បានឃើញអង្គការបញ្ជូនប្រជាជនជាច្រើនគ្រួសារឲ្យ ធ្វើដំណើរទៅកាន់ដីថ្មី ប៉ុន្តែការពិតយកទៅសម្លាប់ក្បែរភូមិ។ រឿន បានឃើញអង្គការបញ្ជាឲ្យប្រជាជន ឈរនៅមុខរណ្ដៅ រួចយកដងចប ឬគុលឫស្សី វាយពីក្រោយសម្លាប់ទម្លាក់ក្នុងរណ្ដៅតែម្ដង។ ចំពោះកូនក្មេងតូចៗ អង្គការមិនបានវាយទេ គឺបោះចូលក្នុងរណ្ដៅទាំងរស់តែម្ដង។
នៅក្នុងសម័យខ្មែរក្រហម ម្ដាយរបស់ រឿន បានស្លាប់នៅអង្គរបូរី ហើយបងស្រីម្នាក់របស់គាត់ទៀត ស្លាប់នៅ ខេត្តបាត់ដំបង។ នៅពេលដែលខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ រឿន និងគ្រួសារចាប់ផ្ដើមប្រកបរបរធ្វើស្រែ។ រឿន នៅតែនឹកឃើញរឿងរ៉ាវរបស់ខ្លួននៅក្នុងរបបខ្មែរក្រហម និងបាននិយាយប្រាប់កូនៗរបស់គាត់ឲ្យបានដឹងពីការលំបាករបស់គាត់។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២១ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១១ ខែមេសា ២០២៥