សុខ សឹម៖ ភ្ជួរស្រែរហូតដល់ខូចចង្កេះ

ឈ្មោះ សុខ សឹម អាយុ៧៥ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សឹម មានឪពុកឈ្មោះ សុខ, ម្ដាយឈ្មោះ ពិន និងមានបងប្អូនចំនួន៧នាក់។ ប្ដីរបស់សឹមឈ្មោះ សួន សន និងមានកូនចំនួន៥នាក់។ កាលពីក្មេង សឹម រៀនបានតែ២ឆ្នាំប៉ុណ្ណោះ នៅថ្នាក់កុមារដ្ឋាន និងថ្នាក់បរិវចនដ្ឋាន។ សឹម ឈប់រៀន ដោយសារតែត្រូវទៅមើលថែម្ដាយដែលមានជំងឺ។

នៅក្នុងសម័យ លន់ នល់ ប្ដីរបស់សឹម ត្រូវចេញទៅធ្វើជាទាហានចោលប្រពន្ធកូន។ សឹម ត្រូវចិញ្ចឹមកូនតូចៗម្នាក់ឯង និងគេចពីការទម្លាក់គ្រាប់បែក។ ដោយសារពិបាករស់នៅក្នុងផ្ទះពេក គ្រួសាររបស់សឹម បានជម្លៀសចេញទៅខេត្តតាកែវ និងបន្តទៅភ្នំពេញ ហើយផ្ទះរបស់គាត់ត្រូវបានទាហានដុតបំផ្លាញចោល។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់សឹម ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ១។ នៅតាមផ្លូវ គ្រួសាររបស់សឹម បានសុំអាហារពីប្រជាជនហូប រហូតទៅដល់ត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅត្រើយស្លា​ អ្នកគ្រប់គ្រងក្នុងភូមិបានឃាត់គ្រួសារសឹម ឲ្យស្នាក់នៅ និងជួយធ្វើការងារនៅទីនោះ។

ការងារបស់ សឹម រួមមាន លើកទំនប់, ដកស្ទូង, រែកដី និងភ្ជួរដី។ សឹម បានឲ្យដឹងថា ការភ្ជួរដី ធ្វើឲ្យគាត់ចាប់ផ្ដើមខូចចង្កេះរហូតដល់អាយុច្រើន។ ប្ដីរបស់សឹម ត្រូវអង្គការប្រើឲ្យឡើងត្នោត និងធ្វើស្ករ។ ក្រោយមក ប្ដីរបស់គាត់បានធ្លាក់ពីលើដើមត្នោតស្លាប់ ដោយសារតែមានខ្យល់ខ្លាំងពេកធ្វើឲ្យបាក់ដើមត្នោតដែលគាត់ឡើងនោះ។ សឹម រៀបរាប់ថា ការហូបអាហារនៅកន្លែងដែលគាត់ធ្វើការងារ មិនសូវខ្វះខាតប៉ុន្មានទេ គឺមានពោត និងដំឡូងហូប ព្រោះស្រុកដែលគាត់រស់នៅគឺជាស្រុកទន្លេ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សឹម បន្តរស់នៅ និងធ្វើស្រែនៅត្រើយស្លាមួយឆ្នាំទៀត។ រហូតដល់ឆ្នាំ១៩៨០ សឹម បាននាំកូនៗរបស់គាត់ត្រលប់មកខេត្តតាកែវវិញ។ សឹម មិនដែលនិយាយរឿងរ៉ាវរបស់គាត់ក្នុងរបបសម័យខ្មែរក្រហម ប្រាប់ទៅក្មេងៗជំនាន់ក្រោយនោះទេ ព្រោះគាត់ចង់បំភ្លេច។ ប៉ុន្តែ សឹម ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះខ្មែរក្រហមធ្វើបាបប្រជាជនខ្លាំងណាស់។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២០ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១០ ខែមេសា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin