ចែម ពៅ៖ គ្រួសារក្រីក្រមិនបានរៀនសូត្រ
ចែម ពៅ អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ពៅ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងរកា ស្រុកបាទី ខេត្តតាកែវ។ ពៅ មានឪពុកឈ្មោះ អូន ចែម, ម្ដាយឈ្មោះ សែម មុត (ស្លាប់) និងមានបងប្អូនចំនួន៩នាក់។ ប្ដីរបស់ពៅឈ្មោះ សាយ សឹង ហើយគាត់មានកូនចំនួន៤នាក់។
កាលពីក្មេង ពៅ បានរៀនថ្នាក់អក្ខរកម្មនៅក្រោមផ្ទះ រយៈពេល៣ខែ។ ស្ថានភាពគ្រួសាររបស់ ពៅ គឺពិបាកខ្លាំងណាស់ ដោយសារតែឪពុក និងប្អូនៗរបស់គាត់តែងតែឈឺជាញឹកញាប់។ មួយវិញទៀត នៅក្នុងភូមិរបស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ទើបធ្វើឲ្យគាត់ត្រូវរត់លូនចូលក្នុងលេណដ្ឋាន។ ក្រោយមក គ្រួសាររបស់ពៅ បានភៀសខ្លួនទៅនៅភូមិស្មៅខ្ញី។
ពៅ រស់នៅភូមិស្មៅខ្ញីបានមួយរយៈ ទើបគាត់បានស្ម័គ្រចិត្តរៀបការជាមួយយោធាខ្មែរក្រហមម្នាក់។ ពៅ បានឲ្យដឹងថា ប្ដីរបស់គាត់ ស្វិតជើងម្ខាងដោយសារតែការទម្លាក់គ្រាប់បែក។ នៅក្នុងសមរភូមិ គ្រាប់បែកបានធ្លាក់មកក្បែរប្ដីរបស់ពៅ និងធ្វើឲ្យលេណដ្ឋានបាក់សង្កត់លើជើងគាត់។
នៅក្នុងសម័យខ្មែរក្រហម អង្គការបានចាត់តាំង ពៅ ឲ្យមកធ្វើការងារនៅសហករណ៍តានប់។ នៅភូមិតានប់ ពៅ មាននាទីជាប្រធានក្រុម ដឹកនាំប្រជាជនឲ្យធ្វើការងារ រែកដីដំបូក និងដីល្បាប់បាតបឹងលាច។ ក្រោយមក នៅពេលដែលពៅ ពពោះនិងសម្រាលកូន អង្គការចាត់តាំងគាត់ឲ្យដេរស្លឹក។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ ពៅ នៅតែបន្តរស់នៅភូមិតានប់ ហើយប្រកបរបរ រវៃសូត្រ និងធ្វើស្រែ។ នៅពេលអ្នកស្ម័គ្រចិត្តទៅសម្ភាសន៍ ពៅ មានជំងឺប្រចាំកាយដូចជា៖ ជំងឺរបេង, លើសឈាម, រលាកក្រពះពោះវៀន, រលាកតំរងនោម និងរលាកឆ្អឹងត្រគាកខាងក្រោយ។ អាការជំងឺរបស់ពៅ មានដូចជា វិលមុខ, ក្ដៅខ្លួន និងផ្ដាសាយបន្តិចបន្តួចទៅតាមរដូវកាល។ ពៅ គិតថាជំងឺរបស់គាត់បណ្ដាលមកពីរបបខ្មែរក្រហម, កង្វះជីវជាតិ និងអាយុកាន់តែច្រើន។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២៦ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៨ ខែមេសា ២០២៥