ភោគ សុខន៖ ស្ទើរតែស្លាប់ទាំងគ្រួសារ ដោយសារបាក់កម្លាំង
ភោគ សុខន អាយុ៥៤ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខន មានឪពុកឈ្មោះ រដ្ឋ ឌុប, ម្ដាយឈ្មោះ កុង ឯក និងមានបងប្អូនចំនួន២នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ សុខន ចូលរៀននៅក្នុងសង្គមចាស់ ប៉ុន្តែគាត់បានផ្អាកការសិក្សាបណ្ដោះអាសន្ននៅក្នុងសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៨៣ សុខន បានបញ្ចប់ថ្នាក់ឌីប្លូម និងចូលរៀនគរុកោសល្យ ធ្វើជាគ្រូបង្រៀននៅឆ្នាំបន្ទាប់។
នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់សុខន តែងតែចេញទៅសម្រាកនៅក្នុងវត្តថ្មី ព្រោះខ្លាចគ្រាប់បែកផ្លោងត្រូវ។ ក្រោយមក ផ្ទះរបស់ សុខន ២ខ្នងត្រូវភ្លើងឆេះអស់ ហើយគ្រួសាររបស់គាត់បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន រួមទាំងគ្រួសាររបស់សុខន ឲ្យទៅជនបទ។ គ្រួសារសុខន ត្រូវបានជម្លៀសមករស់នៅក្នុងភូមិតានប់ ប៉ុន្តែអង្គការបានបញ្ជូនគ្រួសារគាត់បន្តទៅខេត្តពោធិ៍សាត់។
គ្រួសាររបស់សុខន ធ្វើដំណើរតាមរថយន្ត ទៅឈប់នៅត្រពាំងជង និងជិះរទេះបន្តទៅដល់ភូមិបាក់ព្រីង។ នៅភូមិបាក់ព្រីង ការហូបអាហារមានសភាពខ្វះខាតខ្លាំងណាស់ ព្រោះអង្គការធ្វើបបរមួយខ្ទះដាក់អង្ករតែ ៣កំប៉ុង លាយជាមួយដើមចេក ឬគុម្ពចេក។ សុខន មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះគាត់ត្រូវចេញទៅធ្វើការងារ កាប់ទន្ទ្រានខែត្រ, ជីកប្រឡាយ, ជីកស្រះ និងរែកដី។ មិនយូរប៉ុន្មាន គ្រួសាររបស់សុខន ចាប់ផ្ដើមកើតជំងឺបាក់កម្លាំង ដោយសារតែខ្វះខាតអាហារខ្លាំងពេក ទើបស្លាប់ជាបន្តបន្ទាប់។ នៅភូមិបាក់ព្រីង សុខន បាត់បង់ជីដូន-ជីតា, ឪពុក និងបងស្រីម្នាក់។
ក្រៅពីបាត់បង់សាច់ញាតិ សុខន បានឃើញអង្គការបណ្ដើរអ្នកទោសម្នាក់តាមភូមិ ដោយឲ្យអ្នកទោសនោះស្រែកថា បានលួចគោសមូហភាព និងកុំឲ្យបងប្អូនកុំយកតម្រាប់តាម។ បន្ទាប់មកទៀត កងឈ្លបបានយកអ្នកលួចគោទៅទឹមភ្ជួរដីរហូតដល់ដួលក្រោកលែងរួច ទើបអង្គការនាំយកទៅសម្លាប់ដោយទម្លាក់ក្នុងរណ្ដៅ។ ក្រៅពីនោះ គាត់បានឃើញកម្មាភិបាលខ្មែរក្រហមចាប់មនុស្សចងដៃទៅក្រោយ និងបណ្ដើរនៅតាមផ្លូវ ព្រមទាំងស្រែកប្រាប់ប្រជាជនកុំឲ្យសម្លឹងមើល ព្រោះសក់អ្នកណាក្បាលអ្នកនោះ។
នៅដើមឆ្នាំ១៩៧៩ មានសំឡេងប្រយុទ្ធគ្នាខ្លាំងកើតឡើង ហើយមានអ្នកស្រែកថាខ្មែរក្រហមបានចាញ់សង្គ្រាមហើយ។ បន្តិចក្រោយមក ខ្មែរក្រហមបានចាប់អ្នកស្រែកនោះ និងបណ្ដើរយកទៅសម្លាប់ចោល។ ក្រោយមក បន្ទាប់ពីប្រទេសជាតិបានរួចផុតពីការគ្រប់គ្រងរបស់ខ្មែរក្រហម ម្ដាយរបស់សុខន និងសុខន បានធ្វើដំណើរដោយថ្មើរជើងត្រលប់ទៅតាកែវវិញ។ មុនដំបូង កុង(លោកតា) បានយក សុខន ទៅនៅឈើទាលជ្រុំជាមួយ ប៉ុន្តែពេលកុងស្លាប់ទៅ ម្ដាយគាត់ទៅយកគាត់មកនៅភូមិតានប់វិញ។
សុខន បានប្រាប់ទៅអ្នកសម្ភាសថា គាត់មិនអាចចំណាំរណ្ដៅកប់សាកសពគ្រួសាររបស់គាត់នោះទេ ព្រោះពេលនោះមានសាកសពជាច្រើនកប់ក្នុងរណ្ដៅតែមួយ។ លើសពីនេះទៅទៀត សុខន នៅតែមានអារម្មណ៍ឈឺចាប់ចំពោះរបបខ្មែរក្រហម និងមានអារម្មណ៍ភ័យខ្លាចថាអង្គការយកគាត់ទៅសម្លាប់។ សុខន បានយករឿងរ៉ាវរបស់គាត់នៅក្នុងសម័យខ្មែរក្រហម ប្រាប់នៅកូនចៅជំនាន់ក្រោយ ដើម្បីឲ្យដឹងពីការលំបាករបស់គាត់។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២៨ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៧ ខែមេសា ២០២៥