ខ្មែរក្រហមរៀបការដោយបង្ខំ

ហេ ឆយ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ ហេ ឆយ ភេទប្រុស មានអាយុ ៦៩ឆ្នាំ។ ឆយ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឆយ មានបងប្អូនប្រំាមួយនាក់ ក្នុងនោះស្រីបួននាក់។

នៅឆ្នាំ១៩៦៤ ឪពុករបស់ឆយ បានមករស់នៅភូមិនេះ តាមរយៈគោលនយោបាយរបបសង្គមរាស្ត្រនិយម ដើម្បីការពារព្រំដែន។ នៅពេលនោះ ឪពុករបស់ឆយ ត្រូវបានមេឃុំស្ទឹងត្រង់ ហៅទៅចុះឈ្មោះ និងមកសាងសង់ផ្ទះកាឡុងនៅភូមិអូររុន។ ឪពុករបស់ឆយ ទទួលបានដីស្រែ និងផ្ទះមួយខ្នងសម្រាប់រស់នៅ ព្រមទាំងទទួលបានប្រាក់បៀវត្សរ៍ ចំនួន ៧៥០រៀល ក្នុងមួយខែ។

នៅឆ្នាំ១៩៦៦ ឆយ ក៏ផ្លាស់មករស់នៅភូមិអូររុនជាមួយឪពុក។ នៅពេលមករស់នៅដំបូង ឆយ និយាយថាប្រជាជនជួបការលំបាកដោយសារជំងឺគ្រុនចាញ់។ ក្រោយមក ក្នុងភូមិមានការអភិវឌ្ឍ ដូចជាមានផ្សារ, ស្ដូប, ផ្ទះកាឡុងជាច្រើនខ្នង និងមានប្រជាជនជាច្រើនគ្រួសាររស់នៅ ព្រមទាំងប្រកបរបរធ្វើស្រែចម្ការជាដើម។

នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ។ អំឡុងពេលនោះ ឆយ ឈប់រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់)។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចូលកាន់កាប់ភូមិអូររុន។ កាលនោះ ការរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរ និងប្រឈមនឹងការលំបាកជាខ្លាំង។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិ ឲ្យទៅរស់នៅតាមសហករណ៍ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។ ឆយ ត្រូវធ្វើការទាំងថ្ងៃទាំងយប់ ដោយមានការហូបចុក ឬការសម្រាកមិនគ្រប់គ្រាន់នោះឡើយ។

នៅឆ្នាំ១៩៧៧ ឆយ ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការជាមួយប្រពន្ធឈ្មោះ សុផា។ ខ្មែរក្រហមរៀបការឲ្យគាត់និងប្រពន្ធ​ដោយគ្មានការសួរនាំអ្នកទាំងពីរនោះទេ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឆយ បានត្រលប់មករស់នៅភូមិអូររុន។ សព្វថ្ងៃ ឆយ ជាមេភូមិរងនៅភូមិអូររុន។ ឆយ មានកូនបួននាក់ ក្នុងនោះស្រីម្នាក់៕

សម្ភាសដោយ ប៉ិច ឌីកាយ៉ាណា ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin