កូនប្រុសស្លាប់ដោយសារជំងឺ

ឡេង ស៊ុនអេង រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ឡេង ស៊ុនអេង ភេទស្រី មានអាយុ ៦៨ឆ្នាំ ជាកសិករ ដែលរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ស៊ុនអេង មានស្រុកកំណើតនៅភូមិព្រែកតូច។ ស៊ុនអេង មានឪពុកឈ្មោះ គឹម ឡេង, ម្ដាយឈ្មោះ ម៉ៅ យឿន និងមានបងប្អូនប្រាំបីនាក់។ ស៊ុនអេង មានកូនចំនួនប្រាំពីរនាក់។

នៅមុនរបបខ្មែរក្រហម ស៊ុនអេង បានរៀបការនិងមានកូនប្រុសម្នាក់។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច ស៊ុនអេង ត្រូវខ្មែរក្រហមជម្លៀសទៅនៅផ្ទះខ្ទម ក្នុងសហករណ៍អណ្ដូង។ ចំណែកប្តីរបស់ស៊ុនអេង ត្រូវទៅធ្វើពលកម្ម ដូចជាភ្ជួរស្រែនៅតំបន់ផ្សេង ដោយទុកឲ្យស៊ុនអេង រស់នៅជាមួយកូន។

ក្រោយមក ស៊ុនអេង សម្រាលបានកូនស្រីម្នាក់ទៀត។ បន្ទាប់ពីសម្រាលកូនរួច ស៊ុនអេង ត្រូវទៅបុកស្រូវរហូតដល់យប់អធ្រាត្រ ចំណែកកូនតូច ដែលមានអាយុ ៣ខែ ត្រូវយកទៅផ្ញើនៅរោងកុមារ។

ស៊ុនអេង និយាយថា ការហូបចុកនៅតាមអង្គភាព គឺមានការខ្វះខាត ទើបបណ្ដាលឲ្យកូនប្រុសគាត់ ដែលកំពុងមានជំងឺស្រាប់ បាត់បង់ជីវិត។ ស៊ុនអេង បន្ដថាគាត់មានវិប្បដិសារី ដោយសារគាត់ត្រូវទៅធ្វើការ និងមិនបាននៅមើលថែកូនប្រុស។

ជាចុងក្រោយ ស៊ុនអេង នៅតែចងចាំមិនភ្លេចពីកូនប្រុសរបស់គាត់ ដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម៕

សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin