អ្នកឡើងដើមត្នោត នៅក្នុងរបបខ្មែរក្រហម

ង៉ែត វុធ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ង៉ែត វុធ អាយុ ៨០ឆ្នំា រស់នៅក្នុងភូមិព្រែកល្វា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

វុធ បានរៀបការ និងមានកូនចំនួនពីររួចមកហើយក្នុងកំឡុងពេលប្រទេសស្ថិតក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។ វុធ ជាប្រជាជនមូលដ្ឋានដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺស្រាប់ ត្រូវបានអង្គការបង្ខំឲ្យរែកដី និងគ្រប់​គ្រង​លើកងភ្ជួរ។ វុធ បានប្រាប់ថា ក្រោយពេលដែលខ្មែរក្រហមឲ្យធ្វើការបានមួយរយៈធំ អង្គការបានជម្លៀស វុធនិងប្រពន្ធកូនដោយថ្មើរជើងទៅខាងបសេដ្ឋក្នុងខេត្តកំពង់ស្ពឺវិញម្តង។ វុធ បានរំលឹកអនុស្សាវរីយ៍ឈឺចាប់ដោយនិយាយថា៖«កាលនោះខ្ញុំមិនមានអ្វីទេ មានតែបីកូនម្នាក់មួយឡើងភ្នំ ព្រោះគិតថាមិនមានអ្វីហូបសម្រាប់ខ្លួនឯងក៏បានដែរឲ្យតែកូនខ្ញុំបានរស់។»

វុធ បានបន្តថា ក្រោយពេលគាត់បានធ្វើការ និងរស់នៅលើភ្នំអស់មួយរយៈ ខ្មែរក្រហមបានជម្លៀសគាត់និងប្រជាជនផ្សេងទៀតចុះពីភ្នំ ដើម្បីរែកដី ជីកព្រែកកាត់ភ្នំក្នុងព្រៃនៅឯជាំសង្កែព្រៃក្មេង។ វុធ បានរៀបរាប់ពីអារ​ម្មណ៍​ក្នុងចិត្តថា៖«ពេលនោះ ខ្ញុំមិនរំពឹងថារស់ទេ ព្រោះប្រហែល​ជាអាចត្រូវបានគេយកវាយចោលក្នុងព្រៃជាក្រុម ជា​ជួរក៏មិនដឹង។ ហើយពេលនោះ មនុស្សច្រើនណាស់ចម្រុះគ្នាពេញព្រៃ។»

ការហូបចុកក្នុងរបបខ្មែរក្រហម មិនមានបាយអ្វីទេមានតែបបររាវតែប៉ុណ្ណោះ ប៉ុន្តែដោយសារ វុធ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យឡើងត្នោត ទើបបានរបបអាហារជាបបរខាប់ជាងគេបន្តិច។ វុធ បានរៀបរាប់បីបទពិសោធន៍នៃការឡើងត្នោតថា៖ «គេសួរខ្ញុំថា មិត្តឯងចេះឡើងដើមត្នោតឬអត់? ខ្ញុំលួចគិតក្នុងចិត្តថា ទេ! បើឆ្លើយថាមិនចេះដូចមិនកើត រួចក៏ប្រាប់ថា ខ្ញុំមិនសូវចេះ ព្រោះមិនដែលធ្លាប់ឡើង។»​ ប្រធានសហករណ៍ បានឲ្យខ្ញុំឡើងដើមត្នោត និងឈរចំាមើលខ្ញុំខាងក្រោម ព្រោះបើខ្ញុំកាប់ចោលផ្តេសផ្តាស គេនឹងចោទថាបំផ្លាញ ហើយសម្លាប់ចោលតែម្តង។ វុធ បានបន្តថា គាត់មិនហ៊ានកាប់ផ្តេសផ្តាសទេ ប្រសិនបើអាចគៀបយកទឹកបានក៏គៀប បើខូចក៏ចោលទើបគាត់អាចមានជីវិតរស់។

រឿងរ៉ាវដែលដក់ជាប់ក្នុងចិត្តរបស់ វុធ និងចងចំាមិនភ្លេចគឺរាល់អំពើ ដែលខ្មែរក្រហមបានធ្វើឡើងចំពោះគាត់ដូចជាធ្វើបាបកម្លំាងពលកម្ម ផ្លូវចិត្តដោយបិទបំាងសិទ្ធិសេរីភាព និង បង្អត់អាហារដោយមិនឲ្យហូបបានគ្រប់គ្រាន់ មានតែបបររាវជាដើម។ វុធ តែងព្យាយាមខំធ្វើការតាមអ្វីដែលអង្គការ​បញ្ជាទំាងទុក្ខវេទនា ព្រោះមិនចង់ឮពាក្យកសាង។

ឪពុកម្តាយរបស់ វុធ បានបាត់បង់អាយុជីវិតនាសម័យខ្មែរក្រហម។

ក្រោយប្រទេសកម្ពុជាទទួលបានការរំដោះ វុធបាននំាប្រពន្ធកូនត្រឡប់ចូលស្រុកកំណើតវិញ ប៉ុន្តែត្រូវបានខ្មែរក្រហមឃាត់មិនឲ្យចូលស្រុក ដោយកុហកថា នឹងស្លាប់ ប៉ុន្តែ វុធ​ នៅតែជម្នះមកដោយក្តីរំភើប បើទោះបីជាត្រូវស្លាប់ក៏ដោយ។

សព្វថ្ងៃ វុធ មានជំងឺប្រចំាកាយដូចជាឈឺសន្លាក់ដៃជើង និងស្រវំាងភ្នែក។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin