សម្លាប់ម្នាក់គឺស្រាវជ្រាវរកទាំងអស់ក្នុងមួយគ្រួសារ

(កណ្ដាល) អ៊ុំ ទុំ អាយុ៧៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទ្រា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ទុំ បានរៀបរាប់អំពីរឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា, អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា៖
នៅក្នុងឆ្នាំ១៩៧២ មានការទម្លាក់គ្រាប់បែកនៅតំបន់របស់គាត់។ ប្រភេទគ្រាប់ដែលទម្លាក់ គឺជាប្រភេទគ្រាប់បេ-៥២ ហើយបានបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន និងសត្វពាហនៈ។ នៅពេលនោះ ប្រជាជនត្រូវភៀសខ្លួនចេញពីផ្ទះ និងត្រូវរត់ពួននៅក្នុងរណ្ដៅត្រង់សេ ដើម្បីគេចពីគ្រាប់បែក និងគ្រាប់ប្លោង។
នៅក្នុងរបបខ្មែរក្រហម ទុំ និងឪពុក ត្រូវបានអង្គការចាត់ទុកថាជាប្រជាជនមូលដ្ឋាន ចំណែកម្ដាយ និងប្អូនរបស់គាត់ចំនួនបីនាក់ទៀត រស់នៅទីក្រុងភ្នំពេញត្រូវចាត់ទុកថាជាប្រជាជន១៧មេសា។ នៅក្នុងរបបនោះ ប្រជាជនទាំងអស់ត្រូវចេញពីផ្ទះតាមការជម្លៀសរបស់ខ្មែរក្រហម ហើយគ្មាននរណាហ៊ានប្រឆាំងតតាំងឡើយ។ ក្រោយពីជម្លៀសចេញពីផ្ទះ ទុំ ត្រូវរស់នៅសហករណ៍រួមជាមួយប្រជាជនដទៃ ព្រោះគ្មានទីតាំងរស់នៅត្រឹមត្រូវឡើយ។ ទុំ ត្រូវបានអង្គការជម្លៀសឱ្យទៅរស់សហករណ៍នៅតំបន់អន្លង់រមៀត។ នៅទីនោះ ខ្មែរក្រហម បានចាត់តាំងឱ្យ ទុំ អុំអង្ករនៅសហករណ៍កិនស្រូវ។
ទុំ បាននិយាយថា នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់ផ្ដើមសម្លាប់ប្រជាជនខ្លាំង ប៉ុន្តែគាត់មិនធ្លាប់បានឃើញសម្លាប់ផ្ទាល់ភ្នែករបស់គាត់ឡើយ គ្រាន់តែបានឮប្រជាជនដែលរស់នៅក្នុងសហករណ៍របស់គាត់និយាយប្រាប់។ ទុំ បាននិយាយថា នៅក្នុងតំបន់របស់គាត់ប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់ច្រើនគឺជាមនុស្សប្រុសដែលមានវ័យចំណាស់ មានតួនាទីវេញខ្សែគោ ហើយពេលធ្វើការងារអ្នកទាំងនោះតែងតែនិយាយគ្នា និងនិយាយពាក់ព័ន្ធនឹងការដឹកនាំរបស់អង្គការ។ អង្គការតែងតែនាំខ្លួនអ្នកទាំងអស់នោះទៅនៅពេលយប់ស្ងាត់ ដើម្បីចៀសវាងការចាប់អារម្មណ៍ពីប្រជាជនដទៃទៀតនៅក្នុងសហករណ៍។ ទុំ បានប្រាប់បន្ថែមថា ក្នុងរបបខ្មែរក្រហម ប្រសិនជាឈ្លបចាប់នរណាម្នាក់នៅក្នុងគ្រួសារទៅសម្លាប់ នឹងមានការស្រាវជ្រាវស្វែងរកសមាជិកគ្រួសារដទៃទៀត។
ចំពោះការហូបចុក មានតែបបររាវ លាយជាមួយសម្លម្ជូរត្រកួន និងដើមចេកប៉ុណ្ណោះ។ នៅក្នុងមួយពេល ទុំ ទទួលបានបបរចំនួនមួយកូនចានតូច មានគ្រាប់បាយត្រឹមមួយស្លាបព្រាប៉ុណ្ណោះ ក្រៅពីនោះមានតែទឹក។ ទុំ បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម ប្រជាជនដែលរស់នៅក្នុងសហករណ៍ជាមួយ មិនមាននរណាហូបអាហារបានឆ្អែតឡើយ។ គាត់បានបន្តថា ស្ថិតក្នុងពេលនោះ ដោយសារការឃ្លាន បាននាំចិត្តឱ្យប្រជាជនមួយចំនួនហ៊ានលួចដំណាំនៅជិតកន្លែងស្នាក់នៅហូបបន្ថែម។ អ្នកដែលមានសំណាង គឺបានហូបអាហារទាំងនោះ ប៉ុន្តែអ្នកខ្លះទៀតត្រូវឈ្លបប្រទះឃើញត្រូវបានចាប់ខ្លួនទៅកសាង។
នៅក្នុងតំបន់ដែល ទុំ រស់នៅមានប្រធានភូមិឈ្មោះ ពៅ, អូន និងព្រឿង។ ទុំ បានបញ្ជាក់បន្ថែមថា អ្វីដែលគាត់ចងចាំមិនអាចភ្លេចបាននៅពេលនោះគឺការធ្វើការងារហួសកម្លាំង និងស្ទើរតែគ្មានពេលសម្រាក។
បច្ចុប្បន្ន ទុំ មានជំងឺទឹកនោមផ្អែម និងកម្រិតឈាមក្រហមបានធ្លាក់ចុះ។
សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







