រួចជីវិតដោយសារមានការអាណិតស្រលាញ់ពីកម្មាភិបាលខ្មែរក្រហម
គឹម ដន អាយុ ៦៩ឆ្នំា រស់នៅក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
នាសម័យខ្មែរក្រហម ដន មានអាយុ១៨ឆ្នំា និងត្រូវបានខ្មែរក្រហមចូលកាន់កាប់ភូមិសំភិន នៃខេត្តក្រចេះក្នុងឆ្នំា១៩៧៥។ គ្រានោះ ដនចាប់ផ្តើមលើកទំនប់នៅព្រៃចាស់ និងហូបបាយរួម ធ្វើការរួមគ្នាជាសហករណ៍។
ក្នុងឆ្នំា១៩៧៦ ខ្មែរក្រហមបានជម្លៀស ដន ទៅស្រុកស្នួល និងត្រូវដំាអំពៅនៅចំការទំាងថ្ងៃទំាងយប់។ ក្រៅពីនេះ ដនត្រូវឲ្យបាយជ្រូកក្នុងមួយថ្ងៃ១០០ក្បាល។ រឿងរ៉ាវដែល ដន ចងចំាមិនភ្លេច គឺថ្ងៃដែលអង្គការបម្រុងនឹងយក ដន សម្លាប់ចោល ព្រោះតែដនមានឪពុកជាអ្នកជាប់ទោស ទើបគេចង់ជំរះបញ្ជីទំាងអស់តែម្តង។ ដន បាននិយាយថា៖«ដោយសារ អ្នកធំៗស្រលាញ់ចូលចិត្តខ្ញុំត្រង់ថាខ្ញុំ ស្លូត មិនចេះនិយាយរញ៉េរញ៉ៃជាមួយប្រុស ទើបគេស្រលាញ់ មិនឲ្យសម្លាប់។» មូលហេតុដែលឪពុករបស់ ដន ជាប់គុក ព្រោះខ្មែរក្រហមបានចោទថា ជាជនក្បត់ ចូលដៃជើងជាមួយខ្មែរស ដែលស្គាល់ថាជាទាហាន០៩ នេះបើតាមអ្វីដែល ដន ចំាបាន។
ក្នុងឆ្នំា១៩៧៧ ខ្មែរក្រហមបានឲ្យ ដន រៀនធ្វើពេទ្យនៅខេត្តក្រចេះ រហូតដល់រៀនមានចំណេះ ខ្មែរក្រហមបានបញ្ជូនឲ្យ ដន ព្យាបាលទាហានផ្នែកវះកាត់។ ដន តែងព្យាបាលទាហានក្នុងកំឡុងពេលប្រទេសធ្លាក់ក្នុងសង្រ្គាមដូចជា ដេរស្នាមរបួសពេល ប៉ុន្តែពេលមានសភាពធ្ងន់ធ្ងរ ដន ត្រូវបញ្ជូនអ្នករបួសតាមរយៈយន្តហោះបន្តទៀត។
នាសម័យខ្មែរក្រហម ដន បានឃើញខ្មែរក្រហមសម្លាប់មនុស្សដោយផ្ទាល់ភ្នែក។ កុមារប្រហែល៣០នាក់ ត្រូវបានបោក និងវាយសម្លាប់ចោលម្តងម្នាក់ៗ បន្ទាប់ពីត្រូវបានកៀរទៅស្រុកស្នួល។ មួយករណីទៀត ដន បានឃើញគុកដែលដាក់ច្រវ៉ាក់ជើងមនុស្ស សល់តែឆ្អឹងនៅរូងក្រោមដី ស្របពេលដែល ដន បេះត្រពំាងនៅឯចំការ។
រឿងរ៉ាវដែល ដន ឈឺចាប់បំផុតចងចំាមិនភ្លេចគឺខ្មែរក្រហមប្រើទំាងយប់ ទំាងថ្ងៃ មិនបានហូបចុក និងត្រូវរស់នៅព្រាត់ប្រាសគ្រួសារ នឹកម្តាយឪពុក។
ក្នុងឆ្នំា១៩៧៩ កងទ័ពវៀតណាមបានចូលរំដោះប្រទេសកម្ពុជា ដែលបណ្តាលឲ្យប្អូនប្រុសបង្កើតតែម្នាក់របស់ ដន ត្រូវបានបាត់បង់ជីវិតដោយសារគ្រាប់ផ្លោង។ ដន បានបន្តថា ខ្មែរក្រហមបានកៀរប្អូនប្រុសរបស់ខ្លួនឈ្មោះ គឹម វណ្ណថន ចូលធ្វើទាហានខ្មែរក្រហម។ ដន បានបន្តទៀតថា មានប្រជាជនខ្មែរជាច្រើននាក់បានស្លាប់គរជើងគ្នា នៅពេលដែលមានការចូលរំដោះ។
ដន បានរៀបការជាមួយស្វាមីក្នុងឆ្នំា១៩៨៤ ដោយមានកូនស្រីម្នាក់ជាចំណងដៃ ព្រោះតែស្វាមីបានស្លាប់ដោយសារជំងឺ។
សព្វថ្ងៃ ដន ជាស្រ្តីមេម៉ាយ ព្រមទំាងមានជំងឺប្រចំាកាយដូចជាលើសសម្ពាធឈាម វិលមុខ ឈឺក្បាល និង ស្ពឺកស្រពន់ជើងទំាងពីរអស់រយៈពេលបីឆ្នំាមកហើយ។