ប្រជាជនថ្មី

 

កែម រ៉ាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តកំពង់ឆ្នាំង (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(កំពង់ឆ្នាំង)៖ កែម រ៉ាន អាយុ៨១ឆ្នាំ កើតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៤៣ នៅភូមិឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន រ៉ាន រស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គ្រួសាររបស់ រ៉ាន មានសមាជិកចំនួនប្រាំបួននាក់ ក្នុងនោះមានឪពុកម្ដាយ និងបងប្អូនរបស់គាត់ចំនួនប្រាំពីរនាក់។

រ៉ាន បាននិយាយថា នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅភូមិឈើតុំ បណ្តាលឲ្យគាត់ត្រូវបានជម្លៀសទៅភូមិបំណក់។ នៅក្នុងរបបខ្មែរក្រហម រ៉ាន ត្រូវរាប់ថាជាប្រជាជនថ្មី ព្រោះគាត់ត្រូវជម្លៀសចេញពីភូមិកំណើត ហើយត្រូវរស់នៅបែកពីប្ដីរបស់គាត់។ អង្គការបានចាត់តាំងឲ្យ រ៉ាន ធ្វើការងារនៅក្នុងកងដកស្ទូង។ ប្រជាជនទាំងអស់ត្រូវក្រោកពីព្រលឹម ដើម្បីគោរពទង់ជាតិរបស់ខ្មែរក្រហម ហើយបន្ទាប់មកទើបចេញទៅធ្វើការងារនៅសហករណ៍រៀងៗខ្លួន។ គ្រប់ប្រជាជនទាំងអស់មិនសូវមានពេលវេលាសម្រាកគ្រប់គ្រាន់ប៉ុន្មាននោះទេ ព្រោះត្រូវធ្វើការងារឲ្យគ្រប់តាមផែនការដែលអង្គការកំណត់ឲ្យ។ ថ្វីត្បិតតែនៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវធ្វើការងារធ្ងន់លើសពីសមត្ថភាពដែលអាចធ្វើបាន និងបរិភោគអាហារមិនគ្រប់គ្រាន់យ៉ាងណាក្ដី គ្មាននរណាម្នាក់ហ៊ានតវ៉ាជាមួយនឹងអង្គការខ្មែរក្រហមឡើយ ព្រោះប្រជាជននៅក្នុងរបបនោះមិនមានសិទ្ធិសេរីភាពពេញលេញឡើយ។

នៅក្នុងមួយថ្ងៃ ប្រជាជន ទទួលបានអាហារចំនួនពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច ហើយចំនួនដែលទទួលបានក្នុងមួយពេល មានបបរសចំនួនពីរវែក និងសម្លមួយចាន។ នៅខែច្រូតស្រូវហើយថ្មីៗ អង្គការបានផ្ដល់បាយឲ្យប្រជាជនបរិភោគ។​ ការផ្ដល់ជាបាយស គឺមិនមានរយៈពេលយូរប៉ុន្មានទេ ដែលយ៉ាងយូរត្រឹមរយៈពេលមួយខែប៉ុណ្ណោះ បន្ទាប់ពីនោះ ប្រជាជន​ទទួលបានត្រឹមបបររាវវិញ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានរៀបចំឲ្យប្រជាជនហូបបាយរួមគ្នាដោយរៀបតុជាជួរៗ។

ដោយសារតែរបបខ្មែរក្រហម ផ្ដល់អាហារឲ្យប្រជាជនមិនគ្រប់គ្រាន់ ប្រជាជនមួយចំនួនបានលួចដកដំឡូង បេះផ្លែពោត ផ្លែឈើ និងបន្លែមួយចំនួនទៀតដែលអាចបរិភោគបាន លាក់ទុកដើម្បីបរិភោគ។  រ៉ាន បានបញ្ជាក់ប្រាប់ទៅអ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា មានពេលមួយខ្មែរក្រហម បានចាត់តាំងឲ្យរូបគាត់ចូលសរមភូមិមុខ ទាំងដែលពេលនោះគាត់មានផ្ទៃពោះ​។ នៅអំឡុងពេលនោះ គាត់មិនបានដឹងថាគាត់មានផ្ទៃពោះនោះទេ ទាល់តែកូនរបស់គាត់មានអាយុបួនខែទើបគាត់ដឹង។

ខ្មែរក្រហម បានបែងចែកការរស់នៅរបស់ប្រជាជនឲ្យនៅដាច់ដោយឡែកពីគ្នា បុរសនៅផ្សេង និងស្រ្តីនៅផ្សេង។ បុរស និងស្រ្តីត្រូវរក្សាគម្លាតពីគ្នា និងហាមមិនឲ្យនិយាយរកគ្នា ទោះបីជាបងប្អូននឹងគ្នាក៏ដោយ។ ប្រសិនជាអង្គការប្រទះឃើញយុវជន-យុវនារីណានិយាយគ្នា អង្គការនឹងចោទប្រកាន់ថាខុសសីលធម៌ ហើយចាប់ទៅកសាង ឬសម្លាប់ចោល។  បច្ចុប្បន្ននេះ រ៉ាន មានជំងឺសន្លាក់ និងទទួលការព្យាបាលនៅមណ្ឌលសុខភាពក្នុងស្រុក៕

សម្ភាសន៍ដោយ៖ ម៉ាង ចន្រ្ទា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin