សយ ណម៖ បីឆ្នាំនៅរោងកុមារ

សយ ណម រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (២០២១)

(សៀមរាប)៖ សយ ណម ភេទស្រី មានអាយុ៧៣ឆ្នាំ។ ណម មានភូមិកំណើតនិងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ណម មានឪពុកឈ្មោះ សយ និងម្ដាយឈ្មោះ សុយ។

កាលពីកុមារភាព ណម មិនបានរៀនសូត្រនោះទេ។ ណម ត្រូវភ្ជួររាស់, ដកស្ទូង និងឃ្វាលក្របី។ ក្រោយមក ណម បានរៀបការជាមួយប្តីរបស់គាត់ឈ្មោះ ប៊ុន ផេម និងមានកូនទាំងអស់៧នាក់ ក្នុងនោះមានកូនស្រី៣នាក់។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ និងការទម្លាក់គ្រាប់បែក ក្រុមគ្រួសាររបស់ណម បានភៀសខ្លួនទៅរស់នៅវាលធំ។ នៅទីនោះ ណម ត្រូវរស់នៅក្នុងលេណដ្ឋាន។ ជារៀងរាល់ម៉ោង៤ព្រឹក ណម ត្រូវដាំបាយទុក។ ណម ត្រូវរស់នៅដោយការភ័យខ្លាច ហើយនៅពេលថ្ងៃ គាត់មិនហ៊ាននាំកូនៗចេញពីលេណដ្ឋាននោះទេ។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ណម បានត្រលប់មករស់នៅភូមិកំណើតវិញ។ ណម ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ និងធ្វើការនៅរោងកុមារ។ ក្រុមរបស់ណម ដែលមានសមាជិក៥នាក់ ត្រូវមើលថែ និងដាំបាយឲ្យកុមារហូប។ សមាជិកក្នុងក្រុមម្នាក់ ត្រូវមើលថែកុមារ៦នាក់។ នៅម៉ោង៥ល្ងាច ទើបម្ដាយរបស់កុមារទាំងនេះ មកយកកុមារត្រលប់ទៅផ្ទះរបស់គេវិញ។

ក្នុងមួយថ្ងៃ ខ្មែរក្រហមចែកអង្ករពី២០ទៅ៣០កំប៉ុង ទុកឲ្យក្រុមរបស់ណម ដាំបបរឲ្យកុមារហូបចំនួនពីរពេល។ ក្រៅពីអង្ករ ខ្មែរក្រហមផ្តល់ត្រី និងប្រហុកបន្តិចបន្តួចដល់រោងកុមារ។ នៅពេលកុមារទាំងនោះមានជំងឺ ម្ដាយរបស់កុមារ ត្រូវយកកុមារទាំងនោះទៅមន្ទីរពេទ្យដោយខ្លួនឯង។ នៅពេលមានជំងឺគ្រុនផ្តាសាយ កូនរបស់ណម ទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ណម បានប្រកបរបរធ្វើស្រែចម្ការ។ នៅរបបខ្មែរក្រហម ណម បានធ្វើការនៅរោងកុមារអស់រយៈពេលបីឆ្នាំ៕

សម្ភាសដោយ​ ដន ហុគី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin