ប្រធានចម្ការកៅស៊ូតាប៉ាវក្បត់បដិវត្តន៍

អ៊ុន សំអឿន[1] ភេទប្រុស អាយុ៣១ឆ្នាំ ជាប្រធានចម្ការកៅស៊ូតាប៉ាវ មានស្រុកកំណើតនៅភូមិស៊ីកា ឃុំស្វាយអង្គ ស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា។[2] សំអឿន មានប្រពន្ធឈ្មោះ ឆាយ វឿន ធ្វើការនៅចម្ការកៅស៊ូតាប៉ាវ។
សំអឿន រៀនបានត្រឹមថ្នាក់ទី៦ នៅអនុវិទ្យាល័យស្វាយជ្រំ ហើយនៅឆ្នាំ១៩៧០ បន្ទាប់ពីឈប់រៀន គាត់បានចូលបដិវត្តន៍។ បន្ទាប់មក សំអឿន ត្រូវបានចាត់តាំងជាយោធាស្រុកស្វាយជ្រំ និងក្រោយមកផ្លាស់ប្តូរទៅជាយោធាភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧២ ឈ្មោះ ភួង ជាអនុលេខាភូមិភាគបូព៌ា បានចាត់តាំង សំអឿន ឲ្យទៅធ្វើការនៅចម្ការកៅស៊ូមេមត់។ នៅខែសីហា ឆ្នាំ១៩៧២ សំអឿន និងមនុស្សប្រាំនាក់ឈ្មោះ សឿន, សំបាត់, ហេង, ម៉េង ផាត និងហ៊ុន រ៉ាម បានចូលជាកម្លាំង សេ.អ៊ី.អា. តាមរយៈឈ្មោះ ប៊ុន សាលី ជាប្រធានចម្ការកៅស៊ូ, សេង ហ៊ត ជាអនុប្រធាន និងឈ្មោះ ស្វាយ ម៉ៅ ជាសមាជិក។ នៅឆ្នាំ១៩៧៣ សំអឿន ត្រូវបានប្រធានចម្ការកៅស៊ូមេមត់ ចាត់តាំងឲ្យធ្វើជានីរសារដែលមានភារកិច្ចកសាងកម្លាំង សេ.អ៊ី.អា. និងបំផ្លាញជ័រកៅស៊ូ។ នៅឆ្នាំដដែល សំអឿន កសាងកម្លាំងបានប្រាំមួយនាក់ឈ្មោះ សៀត សេន, ស៊ី ឡុក, សុក អាន, គុង សាវ៉ាន់, ចិត្ត និង រដ្ឋ ហ៊ល ហើយនៅឆ្នាំ១៩៧៤ សំអឿន ទទួលផែនការពីប្រធានចម្ការកៅស៊ូមេមត់ ឲ្យរៀបចំកម្លាំងកងការពារ ដើម្បីទុកវាយបដិវត្តន៍នៅពេលបដិវត្តន៍ទទួលជ័យជម្នះពីរបប លន់ នល់។
ក្រោយមក សំអឿន រៀបចំបានកងការពារមួយក្រុម និងបំពាក់អាវុធឲ្យគ្រប់គ្នាជាសម្ងាត់ក្រោមរូបភាពជាកងការពារចម្ការកៅស៊ូ។ សំអឿន អប់រំកងការពារឲ្យបំផ្លាញដើមកៅស៊ូ និងជ័រកៅស៊ូរបស់អង្គការ។ សំអឿន ក៏បានទាក់ទង និងសហការជាមួយវៀតណាមពីរនាក់ឈ្មោះ តាំ កាញ់ ជាប្រធានគណៈទាក់ទងប្រចាំស្រុកមេមត់ និងឈ្មោះគី ជាអនុប្រធាន។ នៅឆ្នាំ១៩៧៤ សំអឿន បំផ្លាញឡានអង្គការអស់ប្រាំពីរគ្រឿង, បំផុសឲ្យកម្មករក្នុងចម្ការកៅស៊ូមេមត់ខុសសីលធម៌ និងឲ្យកម្មករលួចសម្ភារគ្នាទៅវិញទៅមក ដើម្បីឲ្យមានភាពច្របូកច្របល់។ នៅឆ្នាំ១៩៧៥ ពេលដែលបដិវត្តន៍កាន់តែជិតទទួលបានជ័យជម្នះ អឿន ត្រូវបាន ទូច សំបូ ណែនាំឲ្យបន្តទាក់ទងជាមួយ តាំ កាញ់ និងគី ដើម្បីសហការគ្នាវាយបដិវត្តន៍ នៅពេលបដិវត្តន៍កំពុងប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់ ប៉ុន្តែវៀតណាមឲ្យយោបល់ថា គួរទុកឲ្យបដិវត្តន៍យកជ័យជម្នះសិន ចាំគិតគូរនៅពេលក្រោយទៀត។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បដិវត្តន៍ទទួលបានជ័យជម្នះនៅទូទាំងប្រទេស ហើយកម្លាំង សេ.អ៊ី.អា. នៅចម្ការកៅស៊ូមេមត់ជាច្រើន ត្រូវបានចាប់ខ្លួនព្រោះអង្គការបានដឹងពីការបំផ្លិចបំផ្លាញសម្ភារអង្គការ។ ពេលនោះ ទូច សំបូ, កែវ សឿង និង អ៊ុក សំបូ ព្រមទាំងកម្មករមួយចំនួនទៀត ត្រូវបានចាប់ខ្លួន។ សំអឿន និងកម្លាំង សេ.អ៊ី.អា. ដែលនៅសេសសល់ បានសំងំមួយរយៈ ព្រោះអង្គការកំពុងតែស្រាវជ្រាវដើម្បីចាប់ខ្លួនបន្ត។ នៅចុងឆ្នាំ១៩៧៥ អង្គការប្រមូលជនជាតិវៀតណាម បញ្ជូនទៅស្រុកកំណើតវិញ ប៉ុន្តែ សំអឿន បានលាក់ទុកជនជាតិវៀតណាមដែលមានគ្រួសារខ្មែរមួយចំនួននៅចម្ការកៅស៊ូមេមត់ ដើម្បីត្រៀមទុកប្រើនៅពេលក្រោយ។
នៅឆ្នាំ១៩៧៦ ភួង ជាអនុលេខាភូមិភាគបូព៌ា បានចុះមកក្តាប់ចម្ការកៅស៊ូមេមត់ ហើយ ភួង បានចាត់តាំង សំអឿន ឲ្យទៅធ្វើជាប្រធានចម្ការកៅស៊ូតាប៉ាវ។ មួយឆ្នាំក្រោយមក សំអឿន កសាងកម្លាំង សេ.អ៊ី.អា បាន១១នាក់ នៅចម្ការកៅស៊ូតាប៉ាវ រួមមានឈ្មោះ បូបាន, គិន ភិន, ស៊ីម មំ, ប្រុក រិត, ប៉ែន សុភន, តុប ចាន់, យឹម យឿន, ប៉ាវ ឆាយ, សយ, សាន, ម៉ែន ហ៊ន់ និងត្រឹង ញ៉ាញ់។ សំអឿន ទុកកម្លាំងទាំងអស់សម្រាប់ប្រើនៅពេលកងទ័ពវៀតណាមវាយចូលកម្ពុជា។ សំអឿន បានអប់រំកម្លាំងទាំងអស់ឲ្យបំផ្លាញជ័រកៅស៊ូបដិវត្តន៍ដោយដាក់ដុំថ្មក្នុងជ័រកៅស៊ូ, ចាក់ជ័រកៅស៊ូចោល, ចៀរដើមកៅស៊ូឲ្យខូច និងប្រឆាំងរបបសមូហភាពជាដើម។ នៅខែមិថុនា ឆ្នាំ១៩៧៦ សំអឿន បន្តទាក់ទង តាំ កាញ់ និងគី ម្តងទៀត និងបានរាយការណ៍ឲ្យ ឈ្មោះ ហាយសូ ជនជាតិវៀតណាមប្រចាំការនៅព្រៃនគរ និង សោ ភឹម លេខាភូមិភាគបូព៌ា ពីចំនួនកម្លាំង សេ.អ៊ី.អា. និងអាវុធ នៅចម្ការកៅស៊ូតាប៉ាវ។ សោ ភឹម និង ហាយសូ បានប្រាប់ សំអឿន ឲ្យសហការជាមួយវៀតណាមពេលដែលកងទ័ពវៀតណាមវាយចូលនៅថ្ងៃខាងមុខ។ នៅខែសីហា ឆ្នាំ១៩៧៦ សំអឿន បានទាក់ទងជាមួយឈ្មោះ លក នៅចម្ការកៅស៊ូមេមត់ និងឈ្មោះ ឆុន នៅចម្ការកៅស៊ូជប់ ប្រាប់ពីផែនការដែលខ្លួនបានទទួលពី សោ ភឹម និងវៀតណាម។ នៅខែតុលា ឆ្នាំ១៩៧៦ ភួង បានណែនាំឲ្យ សំអឿន រៀបចំកងការពារក្នុងការដ្ឋានចម្ការកៅស៊ូ ឲ្យបានពីរកងអនុសេនាតូច ដើម្បីត្រៀមសហការជាមួយវៀតណាមនៅឆ្នាំ១៩៧៧ ប៉ុន្តែកម្លំាងនេះត្រូវរៀបចំក្នុងរូបភាពកងការពារចម្ការកៅស៊ូរង់ចាំសង្រ្គាមមកដល់បំពាក់អាវុធ។
នៅឆ្នាំ១៩៧៧ ភួង ហៅសមាជិករបស់ខ្លួនពីគ្រប់ការដ្ឋានចម្ការកៅស៊ូទាំងអស់ដូចជា ចម្ការកៅស៊ូតាប៉ាវ, មេមត់, ពញាក្រែក និងជប់ មកប្រជុំនៅមន្ទីរជប់។ ក្នុងពេលប្រជុំ ភួង បានណែនាំឲ្យត្រៀមអនុវត្តផែនការសហការជាមួយវៀតណាម។ នៅខែមីនា ឆ្នាំដដែល ភួង បានដាក់ផែនការ ឲ្យគ្រប់ការដ្ឋានចម្ការកៅស៊ូទាំងអស់អនុវត្តផែនការរបស់ សោ ភឹម ក្នុងការធ្វើរដ្ឋប្រហារ ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ១៩៧៧ នៅពេលកងទ័ពវៀតណាមចូលវាយពីក្រៅ ចំណែកកងការពារនៅគ្រប់ចម្ការកៅស៊ូវាយពីខាងក្នុងលើយោធាមជ្ឈិម។ ក្រោយមក សំអឿន រៀបចំ កងការពារនៅការដ្ឋានចម្ការកៅស៊ូតាប៉ាវ បានពីរកងអនុសេនាតូច ដែលមានសមាជិកចំនួន៧៥នាក់។ ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយចូលមកទឹកដីកម្ពុជា ប៉ុន្តែមិនអាចឆ្លងផុតព្រំដែន ទើប កងការពារនៅចម្ការកៅស៊ូតាប៉ាវ របស់ សំអឿន នៅស្ងៀម។ ចំណែកកងការពារនៅចម្ការកៅស៊ូមេមត់ បានធ្វើសកម្មភាពប្រឆាំងនឹងយោធាមជ្ឈិម។ នៅខែមករា ឆ្នាំ១៩៧៨ នៅមន្ទីរជប់ ភួង បានហៅប្រធានគ្រប់ចម្ការកៅស៊ូ មកប្រាប់ពីផែនការបរាជ័យដែលកងទ័ពវៀតណាមមិនអាចវាយចូលទឹកដីកម្ពុជា។ ភួង បានលើកឡើងថា ផែនការសហការជាមួយវៀតណាមត្រូវបរាជ័យ ដូច្នេះត្រូវរៀបចំផែនការម្តងទៀត។ ភួង បានកំណត់ខែមេសា និង ខែមិថុនា ឆ្នាំ១៩៧៨ ដើម្បីធ្វើរដ្ឋប្រហារដណ្តើមអំណាចពីបក្ស។ អង្គប្រជុំបានឯកភាពឲ្យកងការពារក្នុងចម្ការកៅស៊ូទំាងអស់នឹងធ្វើសកម្មភាពប្រឆាំងយោធាមជ្ឈិមដែលបោះទីតាំងតាមផ្លូវជាតិលេខ៧ ក្នុងភូមិភាគបូព៌ា។
ក្នុងខែមីនា ឆ្នាំ១៩៧៨ នៅមន្ទីរជប់ ភួង បានហៅ សំអឿន និងប្រធានគ្រប់ចម្ការកៅស៊ូមកប្រជុំ។ ភួង លើកឡើងថាឥឡូវកម្លាំងមួយចំនួននៅភូមិភាគបូព៌ា ត្រូវបានអង្គការចាប់ខ្លួន ហេតុនេះក្រុមរបស់ភួងត្រូវប្រុងប្រយ័ត្នក្នុងការធ្វើសកម្មភាពធ្វើយ៉ាងណាកុំឲ្យបែកការណ៍។ នៅខែមេសា ឆ្នាំ១៩៧៨ កងទ័ពវៀតណាម ត្រូវបានយោធាមជ្ឈិមវាយកម្ចាត់អស់ ហើយនៅចុងខែឧសភា វេលាម៉ោង៩យប់ សំណាង ដែលនៅជាមួយ ភួង បានប្រាប់ សំអឿន ថាឲ្យប្រុងប្រយ័ត្ន ព្រោះសភាពការណ៍មិនស្រួលនៅផ្លូវជាតិលេខ៧។ នៅម៉ោង ៣ទៀបភ្លឺ ភួង បានប្រាប់ សំអឿន ថា សភាពការណ៍នៅភូមិភាគបូព៌ាបែកការណ៍ ហើយកងទ័ពមជ្ឈិមបានចាប់ និងសម្លាប់កម្មាភិបាលជាច្រើន។ ដូច្នេះ សោ ភឹម បញ្ជាឲ្យគ្រប់ចម្ការកៅស៊ូវាយជាមួយយោធាមជ្ឈិមវិញ។ សំអឿន បានរៀបចំបំពាក់អាវុធឲ្យកងការពារដែលបានត្រៀមទាំង៧៥នាក់។ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៨ ពេលទៀបភ្លឺ មានយោធាមជ្ឈិមប្រហែល៥០នាក់ បានហ៊ុំព័ទ្ធ ចម្ការកៅស៊ូតាប៉ាវ។ កងការពារចម្ការកៅស៊ូតាប៉ាវ និងយោធាមជ្ឈិម បានប្រយុទ្ធគ្នា ហើយកងការពារចម្ការកៅស៊ូតាប៉ាវ បានស្លាប់, របួស និងរត់គេចខ្លួន។ សំអឿន បានរត់ទៅជួប ភួង នៅមន្ទីរជប់ ប៉ុន្តែមិនបានជួបភួង។ សំអឿន ក៏ត្រូវបានអង្គការចាប់ខ្លួន និងសួរចម្លើយចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៧៨។ ឈ្មោះកម្មាភិបាលដែលជាប់ពាក់ព័ន្ធក្នុងចម្លើយសារភាពក្បត់របស់ អ៊ុន សំអឿន មានសរុបចំនួន៩១នាក់៕
កំណត់ចំណាំ៖ ចម្លើយប្រវត្តិក្បត់ដែលបានឆ្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយរបស់ខ្មែរក្រហម។
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារ D24214 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, ចម្លើយសារភាពរបស់ អ៊ុន សំអឿន ប្រធានចម្ការកៅស៊ូតាប៉ាវ ភូមិភាគបូព៌ា, ចំនួន៣០។
[2] បច្ចុប្បន្នស្ថិតនៅឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។