ជា ឈន រំឭកអំពីបទពិសោធន៍ជាយុទ្ធជនខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ជា ឈន អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិបឹងសាង ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម[1]។ ឈន ប្រកបរបរជាកសិករ ធ្វើស្រែចម្ការ និងឡើងត្នោត។ ឈន រៀបការជាមួយប្រពន្ធឈ្មោះ រៀម សុខុម និងមានកូនប្រុសស្រី៣នាក់។ ឈន មានឪពុកឈ្មោះ សួន ថុង និងម្ដាយឈ្មោះ គួន ឡាង។ ឈន មានបងប្អូនប្រុសស្រីសរុបចំនួន១០នាក់។ នៅវ័យកុមារ ឈន រៀនសូត្រត្រឹមថ្នាក់ទី១០ ឬថ្នាក់ទី១១ (សង្គមចាស់) នៅសាលាបឋមសិក្សាថ្លុកជ្រៅ។ នៅឆ្នាំ១៩៧០ ឈន មានអាយុ១៣ឆ្នាំ ហើយរស់នៅជាមួយឪពុកម្ដាយ។ នៅពេលនោះ ស្ថានភាពនៅក្នុងភូមិមានការប្រែប្រួល ក្រោយពីរដ្ឋប្រហាររបស់ លន់ នល់ នៅខែមីនា ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ ឈន សម្រេចចិត្តចូលបម្រើបដិវត្តន៍ និងធ្វើជាកងទ័ពខ្មែរក្រហម។ ឈន ត្រូវបានដាក់ឲ្យឈរជើងនៅស្រុកកងមាស។ កន្លះខែបន្ទាប់មកទៀត ឈន ត្រូវបានបញ្ជូនទៅចូលរៀនវគ្គហ្វឹកហ្វឺនកងទ័ពនៅខាងស្រឡៅ ស្ថិតនៅស្រុកជើងព្រៃ អស់រយៈពេល១ខែ។​ បន្ទាប់ពីបញ្ចប់វគ្គហ្វឹកហ្វឺនកងទ័ព ឈន ត្រូវបន្តឈរជើងនៅស្រុកជើងព្រៃដដែល។

នៅឆ្នាំ១៩៧២ ឈន ត្រូវបានបញ្ជូនមកឈរជើងនៅវត្តដងទង់ ដើម្បីត្រៀមវាយសមរភូមិព្រែកក្ដាម។ នៅពេលនោះ ឈន ត្រូវបានចាត់តាំង​ឲ្យធ្វើជាប្រធានវរៈសេនាតូច។ ឈន ប្រកែក និងសុំប្រធានកងពល កុំឲ្យគាត់ធ្វើជាប្រធាវរៈដែរ ដោយសារតែមិនទាន់មានចំណេះដឹងគ្រប់គ្រាន់សម្រាប់ដឹកនាំ​កងទ័ពចូលវាយនៅសមរភូមិនោះទេ។ ប៉ុន្តែប្រធានកងពលបដិសេធ និងប្រាប់ថាគាត់ឲ្យដឹកនាំកងទ័ពចូលវាយនៅសមរភូមិទៅ។ ឈន បានដឹកនាំកងទ័ពវាយសមរភូមិជាមួយទាហាន លន់ នល់ ចាប់តាំងពីឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៤ រហូតដល់កៀកទីក្រុងភ្នំពេញ។

បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈន ត្រូវបានបញ្ជូនមកដើរយាមល្បាតនៅផ្សារតូច, ផ្សារធំថ្មី និងផ្សារចាស់។ ក្នុងអំឡុងពេលដើរយាមល្បាត, ឈន ឃើញកងទ័ពខ្មែរក្រហមនៅកងពលផ្សេង បានបាញ់សម្លាប់ទាហាន លន់ នល់ ដែលចាញ់សង្រ្គាម។ នៅឆ្នាំ១៩៧៦​ អង្គការបានរំសាយកងទ័ព ហើយបានដកហូតអាវុធ។ ឈន ត្រូវបានផ្លាស់មកធ្វើស្រែនៅទួលគោក និងកប់ស្រូវ។ នៅពេលនោះ ឈន ក៏ទទួលបានរបបអាហារមិនគ្រប់គ្រាន់ដែរ។ រហូតដល់ឆ្នាំ១៩៧៧ មានការជ្រើសរើសអ្នកដែលមាននិន្នាការ និងប្រវត្តិរូបល្អ ដើម្បីធ្វើជាពលករនៅទីក្រុងភ្នំពេញ។ បន្ទាប់ពីសើរើប្រវត្តិរូប ឈន ត្រូវបានជ្រើសរើសយកទៅទីក្រុងភ្នំពេញ ប៉ុន្តែតាមការពិតទៅ ឈន និងអ្នកផ្សេងទៀត ត្រូវបានបញ្ជូនទៅត្រៀមវាយសមរភូមិជាមួយកងទ័ពវៀតណាម។ ឈន នៅចងចាំបានថា នៅខែមករា ឆ្នាំ១៩៧៧​ គាត់ត្រូវបានបញ្ជូនចេញពីភ្នំពេញ នៅម៉ោង១យប់ តាមកាប៉ាល់ ទៅឈរជើងនៅវត្តដីដុះ ខេត្តកំពង់ចាម។ ក្នុងអំឡុងពេលឈរជើងនៅវត្តដីដុះ ឈន បានរត់គេចទៅលេងផ្ទះ ហើយបន្តទៅខាងជើងឆ្នុក។ បន្ទាប់មក ឈន ត្រូវបានចាប់ខ្លួន និងយកទៅអប់រំនៅស្គន់។ ក្រោយមកទៀត គាត់ត្រូវបានបញ្ជូនទៅមន្ទីរសន្តិសុខថ្មពោន។ នៅពេលនោះ ឈន គិតថាខ្លួននឹងស្លាប់ទៅហើយ។ បន្ទាប់ពីជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខថ្មពោន អស់រយៈពេល១សប្ដាហ៍ មេបញ្ជាការរបស់ឈន បានសរសេរសំបុត្រទៅកាន់មន្ទីរសន្តិសុខឲ្យដោះលែងគាត់ទៅកងពលវិញ។

ឈន បន្តឈរជើងនៅវត្តដីដុះសិន ហើយត្រូវបានបញ្ជូនទៅដល់ទឹកជ្រៅ ស្ទឹងតូច (ខេត្តព្រៃវែង) និងសួង (ខេត្តកំពង់ចាមកាលពីមុន) ដើម្បីស៊ើបការណ៍ និងវាយបណ្ដេញចេញវត្តមានកងទ័ពវៀតណាម។ ឈន ទៅដល់នៅទីនោះនៅចន្លោះខែកុម្ភៈ និងខែមីនា ឆ្នាំ១៩៧៧ ព្រមទាំងត្រូវបានដាក់បញ្ចូលទៅជាមួយកងទ័ពនៅអង្គភាពរបស់តា សោ ភឹម។ ឈន សង្កេតឃើញថា តា សោ ភឹម ដឹកនាំកងទ័ពភូមិភាគបូព៌ាល្អ។ បន្ទាប់មក, កងទ័ពជាច្រើន ត្រូវបានប្រមូលផ្ដុំ នៅផ្សារក្រដាស់ ស្ថិតស្រុកមេមត់។ ខ្ញុំ និងកងទ័ពទាំងអស់ត្រូវបានបញ្ជូនចូលវាយកងទ័ពវៀតណាម។ យុទ្ធមិត្ត ដែលជាមិត្តភ័ក្រ្តរបស់ខ្ញុំ បានស្លាប់ជាច្រើននាក់។ កងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះជាបន្តបន្ទាប់។ ប៉ុន្តែដោយសារតែនយោបាយដឹកនាំនៅក្នុងប្រទេសមិនល្អ កងទ័ពខ្មែរក្រហមចាប់ផ្ដើមទទួលបរាជ័យ។ ឈន លើកឡើងថា កងទ័ពខ្មែរក្រហមសមរភូមិមុខបន្តវាយប្រយុទ្ធ ចំណែកឯប្រជាជននៅសមរភូមិក្រោយ ត្រូវបានបង្អត់អាហារ និងសម្លាប់ដោយអង្គការ។

ឈន គ្មាន​កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីវាយប្រយុទ្ធនៅសមរភូមិនោះទេ ពីព្រោះតែឪពុកម្ដាយ និងសាច់ញាតិរងទុក្ខវេទនា និងត្រូវបានចាប់យកទៅសម្លាប់ដោយអង្គការ។ កងទ័ពខ្មែរក្រហម បានទទួលបរាជ័យ និងបាក់ទ័ពរត់យករួចខ្លួន។ ឈន និងមិត្ត២នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចូលទៅក្នុងព្រៃក្របៅ។ គ្មានទឹកចិត្ត និងគ្មានកម្លាំងកាយទៅតស៊ូប្រយុទ្ធអ្វីទាំងអស់! អ្នកទាំងនោះ បានដើរមកដល់ភូមិព្រៃរំពែង ក្នុងស្រុកកំចាយមារ និងបានប្រគល់អាវុធជូនដល់មេភូមិ។ អ្នកទាំងបី បានបន្តស្នាក់នៅស្រុកកំចាយមារ ដើម្បីជួយជាកម្លាំងដកស្ទូងស្រូវ ពីព្រោះមិនមានកម្លាំងពលកម្មគ្រប់គ្រាន់ ដោយហេតុថា ប្រជាជនជាបុរសភាគច្រើនបានស្លាប់ ឬបាត់ដំណឹង។ នៅឆ្នាំ១៩៨០ ឈន បានមកដល់ភូមិវិញ និងបន្តជីវភាពរស់នៅជាប្រជាកសិករ រហូតមកដល់សព្វថ្ងៃនេះ។

អត្ថបទដោយ ស៊ាង ចិន្តា


[1] ឯកសារលេខ KCI0267; បទសម្ភាសន៍ជាមួយ ជា ឈន នៅស្រុកកងមាស ខេត្តកំពង់ចាម នៅឆ្នាំ២០០៣; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin