កយ យឺន៖ មួយម៉ាត់ងាប់ មួយម៉ាត់រស់

កយ យឺន, អាយុ៥០ឆ្នាំ សម្ភាសដោយ គ្រី ភាព ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន គឺជាប្រជាជនមូលដ្ឋាន ទទួលបានការទុកចិត្តពីអង្គការ ប៉ុន្តែដោយសារតែមានអ្នកច្រណែន រាយការណ៍កុហកទៅអង្គការបានធ្វើឲ្យឪពុករបស់គាត់ត្រូវទទួលទារុណកម្មក្នុងគុក។ យឺន បានដឹងពីរឿងរ៉ាវរបស់ឪពុកគាត់ និងគ្រួសារ តាមរយៈការមើលឃើញរបស់គាត់ និងការរៀបរាប់ផ្ទាល់មាត់របស់ឪពុកបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ យឺន និងគ្រួសារ នៅក្នុងសម័យខ្មែរក្រហម៖

កយ យឺន[1] អាយុ៥០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន មិនបានរស់នៅជួបជុំគ្នានោះទេ ដោយប្អូនពៅអាយុ៥ឆ្នាំ ត្រូវទៅរស់នៅក្នុងមណ្ឌល,​​ យឺន អាយុ៦ឆ្នាំ ត្រូវទៅរស់នៅក្នុងកងកុមារ, បងៗទៅធ្វើការងារក្នុងកងចល័ត ហើយឪពុកម្ដាយធ្វើការងារនៅក្នុងសហករណ៍។

ការងាររបស់យឺន គឺកើបអាចម៍គោ និងបោសសំរាមតាមភូមិឬតាមផ្ទះ ជាមួយកុមារជាច្រើននាក់ផ្សេងទៀត។ នៅពេលដែលនឹករឭកម្ដាយខ្លាំង យឺន បានលួចត្រលប់មកផ្ទះវិញបន្ទាប់ពីហូបអាហារពេលល្ងាចរួច ប៉ុន្តែដល់ម៉ោងប្រមាណ៨ទៅ៩យប់ ប្រធានកងមកហៅគាត់ត្រលប់ទៅវិញ។ នៅពេលដែលប្រធានកងមក ម្ដាយរបស់យឺន បានសុំអនុញ្ញាតឲ្យ យឺន សម្រាកនៅផ្ទះមួយយប់ ប៉ុន្តែត្រូវបានបដិសេធ។ មុនពេល យឺន ចេញពីផ្ទះ ម្ដាយរបស់គាត់បានផ្ដាំទៅប្រធានកងថាកុំឲ្យវាយកូនគាត់ ប៉ុន្តែពេលយឺន ធ្វើដំណើរផុតពីផ្ទះបន្តិច ប្រធានកងបានវាយគាត់ភ្លាម។ នៅពេលដែលប្រធានកងវាយ យឺន បានស្រែកយំខ្លាំងៗ ហើយម្ដាយរបស់គាត់បានឮ និងរត់ទៅតាមពីក្រោយ ប៉ុន្តែមិនបានជួបគ្នានោះទេ ដោយសារតែប្រធានកងលើក យឺន រត់ទៅមុខបន្តទៀត។

យឺន មិនហ៊ានត្រលប់មកផ្ទះវិញនៅពេលយប់ទៀតទេ គឺគាត់រត់ទៅជួបម្ដាយ នៅពេលថ្ងៃ បន្ទាប់ពីហូបអាហាររួច។ ពេលរត់ទៅជួបម្ដាយ យឺន បានឃើញអង្គការប្រើម្តាយឲ្យ រម្ងាស់ទឹកត្រី,​​ ទឹកត្នោត និងធ្វើជាចុងភៅក្នុងរោងបាយ។ ចំពោះ ឪពុករបស់ យឺន ធ្វើការងារជាមួយកម្មាភិបាលក្នុងឃុំ និងទទួលបានការទុកចិត្តពីអង្គការ។ ក្រោយមក ដោយសារតែមានអ្នកធ្វើការងារជាមួយគ្នាច្រណែនឪពុករបស់​យឺន ឡើងតួនាទី ទើបលួចរាយការណ៍ប្រាប់ទៅអង្គការថាគាត់ដាក់ថ្នាំក្នុងបបរស្ករឲ្យឈ្មោះ ហេម ដែលជាប្រធានកង។ នៅពេលទទួលបានដំណឹងភ្លាម អង្គការបានចុះមកចាប់ឪពុករបស់យឺន ទៅឃុំឃាំង និងសួរចម្លើយនៅកោះពោធិ៍ទន្លេ រយៈពេលមួយខែ ហើយកូន និងប្រពន្ធ ត្រូវបានប្រធានសហករណ៍ជម្លៀសទៅនៅទួលស្រុកយួន។

ពេលទៅដល់ទួលស្រុកយួន យឺន ធ្លាប់លួចចូលក្នុងមណ្ឌលកុមារ រួចនាំប្អូនគាត់រត់មករកម្ដាយនៅផ្ទះ ព្រោះនៅក្នុងមណ្ឌលប្រធានកងធ្វើបាបគាត់ និងប្អូនរបស់គាត់។ ពេលមកដល់ផ្ទះ យឺន បានជួបជាមួយជីតា ដែលសម្រាកនៅក្នុងផ្ទះ ពេលថ្ងៃត្រង់ ប៉ុន្តែគ្រាន់តែឮសំឡេង យឺន ភ្លាម ជីតារបស់គាត់បានទាញ់រំពាត់មកវាយគាត់ភ្លាម។ ពេលឃើញដូច្នេះ យឺន បានរត់គេចខ្លួនពីជីតាទៅពួននៅក្នុងរណ្ដៅមួយក្រោយផ្ទះ​។ នៅពេលលាក់ខ្លួន យឺន បានឮជីតានិយាយថា “ហែងរត់មកផ្ទះ ចង់ឲ្យម្ដាយឪពុកហែងងាប់ហើយ”។ ពេលឮដូច្នេះ យឺន ឈប់រត់ត្រលប់មកផ្ទះទៀត បើទោះបីជាគាត់លំបាកយ៉ាងណាក៏ដោយ។

ចំណែកឪពុករបស់យឺន នៅក្នុងមន្ទីរឃុំឃាំង ត្រូវបានអង្គការហៅទៅសួរចម្លើយ១សប្ដាហ៍ម្ដង។ នៅពេលសួរចម្លើយអង្គការបានសួរគាត់ថាបានដាក់ថ្នាំបំពុលប្រធានកងមែនឬទេ ប៉ុន្តែ ឪពុករបស់យឺន បដិសេធថា មិនបានដាក់ថ្នាំក្នុងបបរស្ករដែលគាត់ធ្វើឲ្យ ហែម នោះទេ។ នៅពេលឆ្លើយដូច្នេះ អង្គការបានវាយធ្វើបាបគាត់ និងមិនជឿចម្លើយដែលឆ្លើយនោះទេ បើឪពុករបស់យឺន មិនបានធ្វើមែន នោះអង្គការមិនបានចាប់ខ្លួនគាត់មកទេ។ លើសពីនេះទៅទៀត អង្គការបានប្រាប់ឪពុករបស់យឺនថា “ចម្លើយរបស់ហែងមួយម៉ាត់ងាប់ មួយម៉ាត់រស់ ឥឡូវហែងចូលគុកវិញទៅដេកគិតពិចារណាទៅ”។ ពេលនៅក្នុងគុក កងសន្តិសុខ មិនបានផ្ដល់អាហារឲ្យអ្នកទោសនោះទេ ហេតុនេះហើយបានជាឪពុករបស់យឺន ត្រូវចាប់សត្វល្អិតផ្សេងៗ​និងសត្វជីងចក់ហូបដើម្បីចម្អែតក្រពះ។

បន្ទាប់មក នៅពេលសួរចម្លើយលើកទី២ ឪពុករបស់យឺន នៅតែឆ្លើយថាមិនបានដាក់ថ្នាំបំពុលសម្លាប់ប្រធានកងដដែល ព្រោះគាត់គិតថា បើឆ្លើយសារភាពឬមិនឆ្លើយក៏គង់តែស្លាប់។ នៅ​ពេលដែលឪពុករបស់យឺន បដិសេធ អង្គការបានទុកឱកាសឲ្យគាត់ម្ដងទៀត ព្រមទាំងនិយាយទៀតថា​ “ឥឡូវហែងពិចារណាម្ដងទៀត បើហែងមិនពិចារណាម្ដងទៀត ហែងដឹងតែងាប់ហើយ ជីវិតហែងមិនបានរស់ទៅជួបប្រពន្ធកូនហែងទេ”។ ឪពុករបស់យឺន ទៅពិចារណាម្ដងទៀត ហើយពេលសួរចម្លើយលើកចុងក្រោយគាត់បានឆ្លើយថាពិតជាបានសម្លាប់មែន ព្រមទាំងបានរៀបរាប់ឈ្មោះមនុស្សដែល ឪពុករបស់យឺន គិតថាជាអ្នកដែលចោទប្រកាន់គាត់ប្រាប់ទៅអង្គការទាំងអស់ តាមការបញ្ជារបស់កងសន្តិសុខ។ នៅពេលដែលឪពុករបស់យឺន ឆ្លើយចប់ កងសន្តិសុខបានសរសើរថាគាត់ឆ្លើយបានល្អ ត្រឹមត្រូវ ប៉ុន្តែមិនទាន់បានដោះលែងគាត់ភ្លាមៗនោះទេ ព្រោះត្រូវទៅចាប់ឈ្មោះអ្នកដែលគាត់ឆ្លើយដាក់មកទាំងអស់សិន ហើយមួយទៀតចង់ដកពិសោធន៍ការងារគាត់ជាមុនសិន។

យឺន បានបន្តថា ការងារមុនដំបូងដែល កងឈ្លបដាក់ឲ្យឪពុករបស់គាត់ធ្វើគឺ ឲ្យគាត់ទៅអូសត្រីយកមកហូប ហើយបន្ទាប់មកទៅបេះផ្លែទឹកដោះគោ ដើម្បីសាកចិត្តគាត់ ហើយបើឪពុករបស់យឺន ហ៊ានលួចត្រូវជាប់ឃុំបន្តទៀត។ ក្រោយមក អង្គការបានបញ្ជូនគាត់ឲ្យទៅមើលគោ និងចាត់ឲ្យមានអ្នកតាមដានបន្ត រហូតដល់ដឹងថាឪពុករបស់យឺន ស្មោះត្រង់ទើបដោះលែងគាត់មកផ្ទះវិញ។

បន្ទាប់ពីមានសិទ្ធិសេរីភាព ឪពុករបស់យឺន បានត្រលប់មករកប្រពន្ធកូននៅក្នុងសហករណ៍វិញ។​ ពេលមកដល់ភូមិ អង្គការបានប្រាប់ឪពុករបស់យឺនថាគ្រួសាររបស់គាត់ត្រូវបានជម្លៀសទៅទួលស្រុកយួនទាំងអស់ ទើបគាត់តាមទៅពីក្រោយ។  ឪពុករបស់យឺន បានជួបជាមួយគ្រួសាររយៈពេលប្រមាណ១០ថ្ងៃ ស្រាប់តែមានសង្គ្រាមកើតឡើង ហើយប្រទេសជាតិត្រូវបានរំដោះ។[2] នៅឆ្នាំ១៩៨៣ ឪពុករបស់យឺន បានធ្លាក់ខ្លួនឈឺ និងស្លាប់។

អត្ថបទដោយ ភា រស្មី


[1] កយ យឺន, អាយុ៥០ឆ្នាំ សម្ភាសដោយ គ្រី ភាព ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១, ក្នុងគម្រោងការលើកកម្ពស់សិទ្ធនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។ នៅក្នុងសៀវភៅបានសរសេរថា កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្រ្ដនៃការរំដោះជាតិ។ រណសិរ្សនេះបានបង្កើតរបបថ្មីឈ្មោះថា “សាធារណរដ្ឋប្រជាមាននិតកម្ពុជា”។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin