យំដោយសារបាត់ស្លាបព្រា

ភោក កាយ​ រស់នៅភូមិត្រាច ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (២០២១)

(សៀមរាប)៖ ភោក កាយ ភេទស្រី មានអាយុ ៥៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កាយ មានឪពុកឈ្មោះ យ៉ត ភោក និងម្ដាយឈ្មោះ ប៊ុន កន។

នៅរបប លន់ នល់ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គ្រួសារកាយ បានរត់ចេញពីភូមិកំណើតទៅនៅភូមិវាលធំ ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅក្នុងភូមិ ផ្ទះសំបែង និងវាលស្រែ របស់គ្រួសារកាយ ត្រូវបានបំផ្លិចបំផ្លាញ។ នៅពេលរត់គេចខ្លួន​ កាយ មានតែចានឆ្នាំង និងស្លាបព្រាជាប់ខ្លួនប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមឡើងកាន់អំណាច គ្រួសារកាយត្រូវចាត់ទុកជាប្រជាជនចាស់។ នៅរបបនោះ កាយ បានរៀនសូត្រតែបន្តិចបន្តួច និងធ្វើការក្នុងកងកុមារ ដោយត្រូវកាប់ចិញ្ច្រាំទន្ទ្រានខេត្ត និងកាប់ដីដំបូកយកទៅដាក់ក្នុងអន្លង់ ដើម្បីធ្វើជីលេខមួយ។

ក្រោយមក ខ្មែរក្រហមចាត់តាំង កាយ ឲ្យធ្វើការក្នុងកងចល័ត ដោយត្រូវបិទភ្លឺស្រែ នៅភូមិតភោក។ បន្ទាប់មក កាយ ត្រូវទៅស្ទូងស្រូវ, ចងសំណាប និងច្រូតស្រូវនៅភូមិត្រពាំងស្វាយ។ កាយ ត្រូវធ្វើការហួសកម្លាំងពីភូមិមួយទៅភូមិមួយ ដោយហូបចុកមិនគ្រប់គ្រាន់។ កាយ ចងចាំថា គាត់បានយំដោយសារបាត់ស្លាបព្រា ដូច្នេះគាត់ត្រូវយកស្លឹកត្នោតមកដួសបបរលាយជាមួយដំឡូង និងសម្លត្រកួនសម្រាប់ហូប។

កាយ ត្រូវបន្តធ្វើការក្នុងកងចល័តនៅការដ្ឋាន និងត្រូវបិទទំនប់ជាមួយប្រជាជនជាច្រើនមកពីឃុំដំដែក, ឃុំបល្ល័ង និងឃុំផ្សេងៗទៀត។ នៅពេលបិទទំនប់ កាយ បានលួចចាប់ខ្យង, ខ្ចៅ ឬរើសត្នោតទុំហូប។ ក្រោយមកមានសមាជិកក្រុមម្នាក់របស់មានជំងឺ ដោយសារហូបចុកមិនគ្រប់គ្រាន់ ទើបមានពេទ្យសហករណ៍ចែកថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។

នៅពេលកំពុងបិទទំនប់នៅការដ្ឋាន កាយ ឃើញមានបុរសស្រ្តីមួយគូ ដែលខុសសីលធម៌ ត្រូវបានខ្មែរក្រហមបណ្ដើរតាមខ្នងទំនប់ និងចងផ្លាកសរសេរថា «កុំយកតម្រាប់តាមខ្ញុំ»។ ក្រោយហេតុការណ៍នោះ កាយ និយាយថា ខ្មែរក្រហមបានដឹកមនុស្សទាំងឡានៗយកទៅសម្លាប់នៅភូមិអង្ក្រង។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ កាយ រៀបការជាមួយប្តីឈ្មោះ ឌុល ហ៊ុល និងមានកូនបួននាក់ ក្នុងនោះស្រីម្នាក់។ កូនគាត់ឈ្មោះ ហ៊ុល ហាក់, ហ៊ុល ហា, ហ៊ុល ហឿម និងហ៊ុល ហាន។ សព្វថ្ងៃ កាយ ប្រកបរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមកូន៕

សម្ភាសដោយ ដន ហុគី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin