រាជរដ្ឋាភិបាលកម្ពុជា មិនមែនជាអ្នកទទួលខុសត្រូវចំពោះបរាជ័យរបស់យោធាថៃ ក្នុងការដោះមីនឲ្យបានត្រឹមត្រូវ នៅក្នុងដែនអធិបតេយ្យភាពរបស់ថៃនោះទេ
ចំពោះបញ្ហាគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនានា វាពិតជាចាំបាច់ណាស់ក្នុងការទទួលស្គាល់ថា តំបន់ដែលភាគីថៃបានទទួលរងគ្រោះ គឺជាតំបន់ដែលស្ថិតក្រោមការបង្កប់គ្រាប់មីន ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងដោយកាំភ្លើងធំជាច្រើនលើកច្រើនសា។ តំបន់ទាំងនេះ មិនមែនជាតំបន់ដែលមានសុវត្ថិភាពទេ ជាពិសេសនៅពេលដែលតំបន់ទាំងនោះ ជាតំបន់ដែលតែងតែមានមនុស្សធ្វើដំណើរឆ្លងកាត់ជាច្រើន។ ការពិចារណាបន្ថែមលើបញ្ហានេះ គួរតែត្រូវធ្វើឡើង។ ផ្អែកលើបច្ចេកវិទ្យាកំណត់ទីតាំង ជីភីអេស (GPS) ភាគីថៃមិនគួរត្អូញត្អែរអំពីការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកើតមានឡើងនៅលើដែនដីរបស់កម្ពុជាឡើយ ពីព្រោះថាតាមសមត្ថភាពបច្ចេកទេស ប្រសិនបើភាគីថៃទទួលរងគ្រោះនៅក្នុងតំបន់នេះ ភាគីថៃត្រូវទទួលស្គាល់ការពិតដែលថាខ្លួនបានឈ្លានពានដោយខុសច្បាប់មកក្នុងទឹកដីរបស់កម្ពុជា។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាមិនមែនជាអ្នកទទួលខុសត្រូវចំពោះបរាជ័យរបស់យោធាថៃ ក្នុងការដោះមីនឲ្យបានត្រឹមត្រូវ នៅក្នុងដែនអធិបតេយ្យភាពរបស់ថៃនោះទេ។ ការអះអាងចោទថា ភាគីកម្ពុជាបានបង្កប់មីនដោយខុសច្បាប់នៅក្នុងដែនដីរបស់ថៃ ត្រូវតែធ្វើឡើងដោយឈរលើមូលដ្ឋានភស្តុតាងច្បាស់លាស់ ហើយខ្ញុំគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ។ សកម្មភាពទាំងឡាយណាដែលប្រព្រឹត្តឡើងដោយភាគីទាំងពីរ ត្រូវតែដោះស្រាយអោយស្របទៅតាមច្បាប់។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥
រូបថត៖ លោក ឆាំង យុ និងមិត្តភក្តិ បានទៅសួរសុខទុក្ខទាហានកម្ពុជានៅតំបន់តាថាវ
នៅខែកុម្ភៈ ឆ្នាំ២០២៥