ខ្មែរក្រហមប្រាប់ថាវៀតណាមនឹងវះពោះច្រកស្មៅ

 

(ក្រចេះ) ៖ យ៉ិន សុក អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតក្នុងចំណោមប្រជាជនរាប់លាននាក់ ដែលមានជីវិតពីរបបខ្មែរក្រហម រស់នៅថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅក្នុងរបបខ្មែរក្រហម សុក មានអាយុប្រហែលជាង ៣០ឆ្នាំ។ អង្គការបានចាត់តាំងឲ្យគាត់ធ្វើជាគណៈក្រុមសាមគ្គី ដែលត្រូវគ្រប់គ្រងប្រជាជន១៧មេសា ប្រហែលជា៥០នាក់ ដែលជម្លៀសទៅពីភ្នំពេញ។ អង្គការបានបញ្ជាឲ្យគាត់ធ្វើប្រវត្តិរូបរបស់ប្រជាជន ដែលបានជម្លៀសពីភ្នំពេញទាំងអស់នោះ។ សុក បានបន្ថែមថា គាត់តែងតែស្មោះត្រង់ និងធ្វើតាមអ្វីដែលអង្គការបានបញ្ជា។

សុក បានដឹងព័ត៌មានថា ការដែលអង្គការប្រមូលប្រវត្តិរូបប្រជាជនទាំងនោះទៅ គឺដើម្បីចង់ដឹងថា តើប្រជាជនទាំងនោះមានឋានៈអ្វីខ្លះ មានមនុស្សប៉ុន្មាននាក់ ដែលជាគ្រូបង្រៀន ប៉ុន្មាននាក់ជាមន្រ្តីរាជការ ព្រមទាំងឋានៈផ្សេងៗទៀតនៅក្នុងរបប លន់ នល់។ គាត់បានប្រាប់ប្រជាជន ដែលគ្រប់គ្រងទាំងប៉ុន្មាននោះ ឲ្យប្រាប់ទៅអង្គការថាជាកសិករ និងកម្មករដើម្បីកុំឲ្យអង្គការចាប់យកទៅសម្លាប់។

អង្គការបានឲ្យ សុក ដឹកនាំប្រជាជនដែលបានជម្លៀសពីភ្នំពេញ ទៅកាប់ព្រៃឈើ និងការងារផ្សេងទៀតទៅតាមអ្វីដែលអង្គការចង់បាន។ អង្គការស្ទើរតែចាប់ សុក យកទៅសម្លាប់ ដោយសារតែគាត់បានអនុញ្ញាតឲ្យប្រជាជនដែលគាត់បានគ្រប់គ្រងនោះត្រឡប់ទៅផ្ទះបន្ទាប់ពីធ្វើការរួចនៅពេលយប់។ គាត់បានប្រាប់ទៅកាន់អង្គការថា បើទោះបីជាប្រជាជនទាំងនោះត្រឡប់ទៅផ្ទះមែន ប៉ុន្តែការងាររបស់គាត់មិនមានការយឺតយ៉ាវឡើយ។ គាត់បាននិយាយបន្ថែមថា ជាធម្មតាអ្នកដែលមានសាច់ញាតិគឺតែងតែមានការនឹករឭកគ្នាបែបនោះហើយ។

ជារៀងរាល់ថ្ងៃ គាត់ត្រូវចេញទៅធ្វើការពីម៉ោងប្រាំពីរព្រឹក ដល់ម៉ោងដប់មួយសម្រាកហូបអាហារថ្ងៃត្រង់ ហើយម៉ោងមួយរសៀលត្រូវប្រមូលសមាជិកក្រុមចុះទៅធ្វើការបន្ត។ អង្គការបានកុហកប្រជាជនកម្ពុជាថា កងទ័ពវៀតណាម​ចូលមកប្រទេសកម្ពុជាដើម្បីសម្លាប់មនុស្សវះពោះច្រកស្មៅ ដូច្នេះហើយនៅពេលដែលមានកងទ័ពវៀតណាមចូលមក ត្រូវនាំគ្នាជម្លៀសចេញភ្លាម។ កន្លងមកមិនបានប៉ុន្មានកងទ័ពវៀតណាមបានវាយចូលប្រទេសកម្ពុជា សុក ព្រមទាំងប្រជាជនដទៃទៀតមានការភិតភ័យជាខ្លាំង ព្រោះ​ខ្លាចមានហេតុការណ៍ដូចអ្វីដែលអង្គការបានប្រាប់ សុក បាននិយាយថា៖

«វៀតណាមមកឈរនៅមាត់ទន្លេពេញ ឯងប្រហោងពោះទៀតហើយ។ ពួកប៉ុល ពត វាបញ្ឆោតយើងណា៎ថា វៀតណាមវះពោះយើងនេះច្រកស្មៅ»

នៅក្នុងមួយថ្ងៃប្រជាជនទទួលបានអាហារហូបពីរពេល ពេលថ្ងៃ និងពេលល្ងាច។ ជួនកាលទទួលបានបាយ ជួនកាលបានបបររាវ។ ដល់ម៉ោងហូបបាយ ប្រសិនជាមានប្រជាជនណាទៅមិនទាន់ម៉ោងទេ នឹងមិនមានបាយសម្រាប់បរិភោគឡើយ។ គាត់បានប្រាប់បន្ថែមទៀតថា នៅក្នុងរបបខ្មែរក្រហមគឺមានច្បាប់តឹងរឹងណាស់ នរណាមិនស្ដាប់អង្គការ នឹងត្រូវសម្លាប់ដោយគ្មានការអាណិតអាសូរ។

សម្ភាសន៍ដោយ ដួង មុនី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin