ហេង ស៊ីនួន៖ ចេញពីកងកុមារ ទៅក្នុងកងចល័តយុវជន

ហេង ស៊ីនួន មានអាយុ៦៤ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង ស៊ីនួន បានចូលរៀនរយៈពេល៣ឆ្នាំ នៅក្នុងសម័យសម្ដេចឪ និងបានឈប់រៀននៅពេលមានសង្គ្រាមកើតឡើងក្នុងសម័យ លន់ នល់។

នៅក្នុងសម័យខ្មែរក្រហម ស៊ីនួន មានបងប្អូន៤នាក់ គ្រួសាររបស់គាត់មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះអង្គការបានបញ្ជូនប្អូនៗរបស់គាត់ទៅរស់នៅក្នុងកងចល័ត និងកងកុមារ ដើម្បីធ្វើការប្រមូលអាចម៍គោ កាប់ដីរំលាយដំបូក មើលគោ ប្រមូលអាចម៍គោ និងជញ្ជូនសំណាប។ ចំណែកឪពុករបស់ស៊ីនួនដែលជាមនុស្សចាស់ ត្រូវបានអង្គការចាត់តាំងឲ្យដាំដំណាំ ហើយម្ដាយមើលចៅ និងក្មេងតូចៗនៅក្នុងសហករណ៍។

ចំពោះ ស៊ីនួន ដែលមានអាយុជាង១០ឆ្នាំ ត្រូវបានអង្គការបញ្ជូនឲ្យទៅរស់នៅក្នុងកងកុមារមួយរយៈ រួចបញ្ជូនគាត់ឲ្យចូលក្នុងក្រុមយុវជនចល័ត។ នៅក្នុងកងយុវជន ស៊ីនួន បានស្នាក់នៅរួមជាមួយយុវនារីផ្សេងទៀតលើផ្ទះដែលអង្គការរៀបចំ ដើម្បីត្រៀមខ្លួនចេញទៅធ្វើការភ្ជួរស្រែតាំងពីម៉ោង៣យប់ រហូតដល់ពេលថ្ងៃត្រង់ទើបសម្រាកហូបអាហារម្ដង រួចបន្តរែកសំណាបនៅតាមឃុំ។

ផុតពីរដូវធ្វើស្រែ ក្រុមរបស់ស៊ីនួន ត្រូវបន្តធ្វើការរែកដី លើកទំនប់ ជីកប្រឡាយ កាប់ព្រៃ និងធាក់រហាត់ទឹកនៅម្ដុំភ្នំបូរី។ នៅទីនោះ ស៊ីនួនត្រូវក្រោកតាំងពីម៉ោង៥ព្រឹកចូលរួមប្រជុំជួរទាំងអស់ និងត្រៀមខ្លួនចេញទៅធ្វើការនៅម៉ោង៦ រហូតដល់១១សម្រាកហូបអាហារម្ដង និងចូលធ្វើការវិញនៅម៉ោង១ រហូតដល់ម៉ោង៥។ ប៉ុន្តែនៅពេលមានការងារច្រើន ក្រុមរបស់ស៊ីនួន ត្រូវចេញទៅធ្វើការនៅម៉ោង៦បន្តទៀត រហូតដល់ម៉ោង១០យប់ទើបបានសម្រាក។ នៅការដ្ឋានការងារ ក្រុមរបស់ស៊ីនួន ត្រូវសម្រាកក្រោមដើមឈើ ឬធ្វើរោងសម្រាករួម ហើយកន្លែងហូបអាហារគឺរៀបចំនៅជិតកន្លែងធ្វើការ។

ស៊ីនួន បានឲ្យដឹងថា គាត់ធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារទទួលបានគឺមិនគ្រប់គ្រាន់នោះទេ។ នៅរដូវប្រមូលផល ស៊ីនួន បានហូបបាយជាមួយសម្លរយៈពេលប្រមាណ១ខែ ហើយចាប់ពីពេលនោះមកគឺបានត្រឹមបបរគោ ឬបបររាវ។ នៅក្នុងសហករណ៍ ស៊ីនួន បានហូបសម្លបន្លែដើមចេក ល្ហុង ននោងឬត្រឡាច និងមានបង់ត្រីតិចតួច ឬសាច់យូរៗម្ដងនៅម្ដុំផ្ទះតាជា ជិតកន្លែងសេដ្ឋកិច្ច។ ប៉ុន្តែពេលធ្វើការនៅតាមការដ្ឋាន សម្លដែលស៊ីនួន ហូបភាគច្រើនមានបន្លែត្រកួន និងព្រលឹត ដែលដុះក្នុងបឹង និងទឹកទន្លេ។ នៅពេលមានជំងឺ ស៊ីនួន បានទទួលថ្នាំគ្រាប់ដែលធ្វើដោយខ្លួនឯងពីពេទ្យសង្គមកិច្ច ហើយប្រឈឺធ្ងន់ទើបអាចបញ្ជូនទៅពេទ្យស្រុក។ ផ្ទុយទៅវិញ សម្រាប់ប្រជាជននៅឃុំបាស្រែ គឺត្រូវបញ្ជូនទៅពេទ្យក្នុងវត្តអកយំ ឬពេទ្យក្នុងវត្តធម្មវិន័យ ស្រុកព្រៃកប្បាស។

ក្រោយរបបខ្មែរក្រហម ស៊ីនួន បានបាត់បង់សាច់ញាតិពីរនាក់គឺម្ដាយ ស្លាប់នៅចុងឆ្នាំ១៩៧៨ ហើយប្អូនម្នាក់ កើតជំងឺក្ដៅខ្លួន និងស្លាប់នៅពេទ្យក្នុងវត្តធម្មវិន័យ។ នៅពេលប្អូនស្លាប់ ស៊ីនួន បានទទួលការអនុញ្ញាតពីអង្គការ ទៅសែងសាកសពប្អូនពីមន្ទីរពេទ្យយកមកកប់នៅក្បែរភូមិ ប៉ុន្តែ បងប្អូន ឬសាច់ញាតិមិនអាចធ្វើបុណ្យតាមប្រពៃណីនោះទេ។

បន្ទាប់មក ស៊ីនួន បានមើលការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ស៊ីនួន យល់ថាការកាត់ទោសនេះ គឺជាមេរៀនមួយការពារកុំឲ្យថ្នាក់ដឹកនាំក្រោយៗប្រព្រឹត្តិដូចខ្មែរក្រហម និងកុំឲ្យធ្វើបាបប្រជាជនបន្តទៀត។ មួយវិញទៀត ស៊ីនួន គាំទ្រឲ្យមានការចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម, បង្កើតកន្លែងរក្សាទុក និងអប់រំក្មេងៗជំនាន់ក្រោយឲ្យបានដឹងពីប្រវត្តិរបស់ប្រជាជនជំនាន់មុន។

នៅពេលផ្ដល់បទសម្ភាសន៍ ស៊ីនួន មានជំងឺ សួត ក្រពះពោះវៀន វិលមុខ និងខ្សោយកម្លាំង។ ស៊ីនួន គិតថាជំងឺខ្សោយរបស់គាត់កើតឡើងដោយសារ  ការធ្វើការងារធ្ងន់ និងហូបមិនគ្រប់គ្រាន់នៅក្នុងសម័យខ្មែរក្រហម ហើយណាមួយអាយុរបស់គាត់កាន់តែច្រើន។ ដើម្បីព្យាបាលជំងឺ ស៊ីនួន បានទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកជន និងពេទ្យរដ្ឋ ហើយបានទិញថ្នាំពេទ្យយកមកលេប រួមផ្សំជាមួយការប្រើប្រាស់ថ្នាំខ្មែរ។

សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin