នារីកងចល័តត្រូវបានសម្លាប់ព្រោះជាប់ខ្សែចិន

(ខេត្តស្វាយរៀង) មាស សាមឿន អាយុ ៦៥ ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ បោង សី និងម្តាយឈ្មោះ មាស ឃឹម ហើយមានបងប្អូនចំនួន ៧ នាក់។ កាលពីកុមារភាព គាត់រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។
រឿងរ៉ាវដែល សាមឿន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការរស់នៅក្នុងស្ថានភាពលំបាក និងការបង្ខំឱ្យធ្វើការងារធ្ងន់ៗគ្មានពេលសម្រាក។ នៅពេលនោះ ការងាររបស់សាមឿន ភាគច្រើនគឺត្រូវជីកដី និងលើកប្រព័ន្ធប្រឡាយទឹក ដែលត្រូវចល័តពីភូមិមួយទៅភូមិមួយជាបន្តបន្ទាប់។ ជាងនេះទៅទៀត សាមឿន ក៏ត្រូវសែងអ្នករងរបួសពីឃុំដូង ទៅភូមិស្វាយទន្ទឹម។ សាមឿន រំឭកថាអង្គការបានតម្រូវឱ្យគាត់រស់នៅក្នុងកងចល័ត ដើម្បីធ្វើការជីកប្រឡាយ ធ្វើស្រែចម្ការ និងការងារផ្សេងៗទៀត ដែលការងារនោះតម្រូវឱ្យផ្លាស់ប្តូរទីកន្លែងធ្វើការជាញឹកញាប់ស្ទើរតែគ្មានពេលសម្រាក។
សាមឿន ក៏ត្រូវរស់នៅឆ្ងាយពី ឪពុកម្តាយ ហើយគាត់ធ្លាប់លួចទៅសួរសុខទុក្ខពួកគាត់ជារឿយៗ។ នៅពេលជួបមុខម្តាយ ម្តាយរបស់សាមឿន បានសុំបាយពីសហករណ៍ ដើម្បីឱ្យគាត់ហូប ប៉ុន្តែសមាជិកសហករណ៍ ឬអ្នកទទួលខុសត្រូវនៅសហករណ៍មិនអនុញ្ញាតឡើយ។ សាមឿន នៅចាំថាម្តាយតែងតែចែកចំណីអាហារតិចតួចដែលគាត់ទទួលបាន ដោយសុខចិត្តអត់ហូបខ្លួនឯង ដើម្បីឱ្យកូនបានឆ្អែត។ ក្នុងរបបខ្មែរក្រហម នៅស្រុករមាសហែក ខេត្តស្វាយរៀង សាមឿន ធ្លាប់ឮសមាជិកកងចល័តនិយាយថា អ្នកដែលមានជាប់ខ្សែស្រឡាយជនជាតិវៀតណាម ឬចិន ត្រូវបានចាប់ខ្លួន ហើយមាននារីពីរបីនាក់ ដែលធ្វើការជាមួយគាត់នៅក្នុងកងចល័ត ដែលមានជាប់ខ្សែស្រឡាយវៀតណាម ត្រូវបានគេចាប់នាំយកទៅដោយប្រាប់ថាយកទៅរៀនសូត្រ។ ចំណែកសមាជិកកងចល័តម្នាក់ទៀត ឈ្មោះ នាង ក៏ត្រូវបាននាំទៅសម្លាប់ដោយសារការចោទប្រកាន់ថាជាប់ខ្សែស្រឡាយចិន។
នៅចុងឆ្នាំ១៩៧៨ សាមឿន ត្រូវបានអង្គការជម្លៀសទៅខេត្តព្រៃវែង ហើយក្រោយថ្ងៃរំដោះ ៧មករា ទើបគាត់អាចវិលត្រឡប់មកស្រុកកំណើតវិញ។ បច្ចុប្បន្ន សាមឿន មានជំងឺឈឺសន្លាក់ដៃជើង, ជំងឺក្រពះពោះវៀន, ជំងឺតម្រងនោម, លើសសម្ពាធឈាម, លើសជាតិស្ករ និងលើសជាតិអាស៊ីត៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង







