សៀង ណាគ្រួន៖ ទូរស័ព្ទខូចអំឡុងពេលទ័ពថៃផ្លោងគ្រាប់ចូលលេណដ្ឋានទិសប្រាសាទតាក្របី

សៀង ណាគ្រួន ទាក់ទងទៅប្តីមិនបានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ខែកក្កដា អំឡុងពេលកម្ពុជា-ថៃ ផ្ទុះអាវុធនៅតាមព្រំដែន។ នៅព្រឹកថ្ងៃទី២៩ ទើបណាគ្រួន ទាក់ទងជាមួយប្តី ហើយបានរៀបរាប់ថា ទូរស័ព្ទប្តីត្រូវបានខូច ពេលថៃប្រើគ្រាប់ផ្លោងជាច្រើនចូលមកលេណដ្ឋានកំពុងឈរជើងនៅទិសប្រាសាទតាក្របី។ ប្តីខ្ញុំរត់គេចពីគ្រាប់ផ្លោងចូលលាក់ខ្លួនក្នុងលេណដ្ឋានបណ្តាលឲ្យទូរស័ព្ទជ្រុះពីហោប៉ាវ ធ្លាក់ចូលទឹកបណ្តាលឲ្យខូច។
ឈ្មោះ សៀង ណាគ្រួន[1] ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ ហ៊ាន សៀង ម្តាយឈ្មោះ ទួត អ៊ុន មានបងប្អូនចំនួន៩នាក់ (ស្រី៤នាក់) ហើយខ្ញុំជាកូនទី៨។ ប្តីឈ្មោះ មិ ប៊ុនធឿន អាយុ ៥៥ឆ្នាំ ជាទាហាននៅវរសេនាតូចថ្មើរជើងលេខ២១២ កងអនុសេនាធំថ្មើរជើងលេខ២។ ខ្ញុំមានកូនប្រុសចំនួន៣នាក់។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ប្តីខ្ញុំបានធ្វើដំណើរចេញពីបន្ទាយទាហាន កងអនុសេនាតូចថ្មើរជើងលេខ២ ទៅកាន់ប្រាសាទតាក្របី ដែលកំពុងមានជម្លោះតាមព្រំដែនកម្ពុជា និងថៃ។ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ផ្ទុះអាវុធកម្ពុជា និងថៃ ខ្ញុំបានទាក់ទងទៅប្តី ប៉ុន្តែមិនអាចទាក់ទងបាន។ ខ្ញុំចាប់ផ្តើមមិនសប្បាយចិត្តអារម្មណ៍មិននៅក្នុងខ្លួនច្របូកច្របល់ពេញផ្ទះ។
រាល់ថ្ងៃខ្ញុំនៅផ្ទះប្រកបរបរលក់បាយចាប់ពីព្រឹករហូតដល់ពេលយប់។ ប៉ុន្តែនៅពេលប្តីខ្ញុំទៅសមរភូមិខ្ញុំឈប់លក់បាយ ដោយសារអត់មានកម្លាំងជួយ ហើយកូនៗត្រូវទៅសាលារៀន។ ខ្ញុំសម្រេចចិត្តឈប់លក់បាយមួយរយៈទាល់ប្តីខ្ញុំត្រឡប់មកពីសមរភូមិមុខ ទើបខ្ញុំលក់បាយវិញ។ បន្ទាប់ពីឈប់លក់បាយ មិនមានចំណូលសម្រាប់កូនចាយ និងសម្ភារផ្សេងៗផ្គត់ផ្គង់ក្នុងគ្រួសារ។
ចាប់តាំងពីផ្ទុះអាវុធនៅព្រំដែនកម្ពុជា និងថៃ ខ្ញុំមិនអាចទាក់ទងប្តីបាន។ ខ្ញុំចេះតែគិតក្នុងចិត្តថា ប្តីនៅសមរភូមិសុខទុក្ខយ៉ាងណា? បានគេង, បានហូបគ្រប់គ្រាន់ទេ? មិនដឹងស្លាប់ឬរស់? មុនពេលបាញ់គ្នាទាក់ទងតាមរយៈទូរស័ព្ទបានធម្មតា ហេតុអ្វីពេលនេះមិនអាចទាក់ទងគ្នាបាន? ខ្ញុំដើរចេញមកក្រៅផ្ទះ ដូចខ្លួនឯងស្រាលៗ អត់មានទម្ងន់ជើង ពេលយប់បួងសួង អុចធូបនៅមុខជំនាងផ្ទះឲ្យប្តីបានសុខសប្បាយ។
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកមេបញ្ជាការ សុខ សារ៉ាក់ បានទាក់ទងមកខ្ញុំ ដើម្បីផ្តល់ដំណឹងប្រាប់គ្រួសារថា កងកម្លាំងនៅប្រាសាទតាក្របីមានសុវត្ថិភាព រួមទាំងប្តីខ្ញុំផង។ ក្រោយពេលគ្រាប់ស្ងាត់ ប្តីខ្ញុំបានសុំទូរស័ព្ទមេបញ្ជាការ ទាក់ទងមកខ្ញុំ ហើយនិយាយប្រាប់អំឡុងពេលបាញ់គ្នា ទូរស័ព្ទត្រូវបានខូច ដោយសារចូលទឹក ពេលគេចពីគ្រាប់ផ្លោង រត់លាក់ខ្លួនក្នុងរណ្តៅត្រង់សេ។ កងកម្លាំងថៃបាញ់ពេលយប់កំពុងភ្លៀងខ្លាំង ហើយគ្រាប់ប្លោងធ្លាក់ក្រោយខ្នងស្ទើរគេចពីគ្រាប់មិនទាន់។ ប្តីបានបន្តទៀតថា កុំបារម្ភពីប្តី នៅខាងនេះសុខសប្បាយធម្មតា មើលថែកូននៅផ្ទះ រៀបចំបាយទឹក ហើយនាំកូនទៅសាលារៀន។ ខ្ញុំបានឮពាក្យចេញពីមាត់ប្តី តាមរយៈទូរស័ព្ទដៃ ដែលមេបញ្ជាការឲ្យសន្ទនា បន្ទាប់មកគាត់ប្រាប់ថា បងអត់មានពេលច្រើនទេ បងប្រញាប់ទៅទីតាំងកន្លែងឈរជើងវិញ។ ខ្ញុំនិយាយចប់ដាក់ទូរស័ព្ទចុះ អាម្មណ៍ពេលបានដឹងថាប្តីមានសុវត្ថិភាព គឺរីករាយរំភើបរកអ្វីប្រៀបមិនបាន!។
ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ខ្ញុំបានរៀបចំណីអាហារ រួមទាំងអំណោយ មានសម្ភារប្រើប្រាស់, គ្រឿងឧបភោគ និងទិញទូរសព្ទដៃមួយគ្រឿង ដើម្បីបានទំនាក់ទំនងគ្នា ព្រោះទូរស័ព្ទប្តីខ្ញុំខូច អំឡុងពេលបាញ់គ្នាជាមួយថៃ។
នៅថ្ងៃទី១ ខែសីហា ប្តីខ្ញុំ និងវរកងទ័ពនៅប្រចាំតំបន់ប្រាសាទតាក្របី ទទួលបានអំណោយពីសប្បុរសជនទាំងអស់ ក្នុងស្មារតីខ្មែរតែមួយ រួមសាមគ្គីគ្នា ក្នុងគ្រាមានអាសន្ន។ យប់ថ្ងៃដដែលប្តីបានទាក់ទងមកខ្ញុំ និយាយាថាកងទ័ពថៃនៅតែមានចិត្តចង់ឈ្លានពាន ប្រើដ្រូនពេលយប់ ហោះទៅវិញទៅមក ប៉ុន្តែកងកម្លាំងខ្មែរត្រៀម២៤ម៉ោង លើ២៤ម៉ោង។
នាមខ្ញុំជាប្រពន្ធព្រឹទ្ធបាលឯក មិ ប៊ុនធឿន ខ្ញុំពិតជាមានមោទនភាពចំពោះប្តីដែលបានបំពេញកាតព្វកិច្ចជូនជាតិ ដើម្បីការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។ ជាចុងក្រោយសូមឲ្យជម្លោះកម្ពុជា និងថៃ បានបញ្ចប់ឆាប់ៗ ខ្ញុំត្រូវការសន្តិភាព មិនចង់ឃើញភាគីកម្ពុជា ឬថៃស្លាប់ និងខូចខាតឡើយ៕
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឈុំ រ៉ា សម្ភាសជាមួយ សៀង ណាគ្រួន ត្រូវជាប្រពន្ធព្រឹទ្ធបាលឯក មិ ប៊ុនធឿន កំពុងបំពេញភារកិច្ចនៅសមរភូមិជួរមុខទិសប្រាសាទតាក្របី។ សម្ភាសនៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។