ប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ត្រូវចាប់ខ្លួន

នៅពេលចាប់ខ្លួននៅឆ្នាំ១៩៧៨ ព្រំ ប្រាជ្ញ ឈ្មោះបដិវត្តន៍ថង មានអាយុ៤៨ឆ្នាំ ជាប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសជាមួយឈ្មោះ ហេង នា មានអាយុ៥៣ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវជាកូនស្រីរបស់ ព្រំ ប្រាជ្ញ។[1] ខាងក្រោមនេះគឺជាប្រវត្តិរូបរបស់ ព្រំ ប្រាជ្ញ៖
ព្រំ ប្រាជ្ញ មានឪពុកឈ្មោះ ព្រំ និងម្តាយឈ្មោះ ប៊ិន។ ប្រាជ្ញ មានប្រពន្ធឈ្មោះ ជ្រក និម និងមានកូនចំនួន១២នាក់ ក្នុងនោះស្រី៨នាក់។ កាលពីកុមារភាព ប្រាជ្ញ រៀនបានដល់ថ្នាក់វិទ្យាល័យ និងស្គាល់ជាមួយអាជ្ញាធរជាច្រើននៅស្រុកកំណើត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ប្រាជ្ញ បានចូលរួមក្នុងចលនាខែ្មរឥស្សរៈជាសម្ងាត់ក្នុងស្រុករមាសហែក។ កូនរបស់ប្រាជ្ញ មិនបានដឹងពីតួនាទីរបស់ឪពុកក្នុងចលនាខ្មែរឥស្សរៈទេ[2] ប៉ុន្តែដឹងថាឪពុកបានស្គាល់គ្នាជាមួយឈ្មោះ សោ ភឹម ដែលជាអ្នកដឹកនាំម្នាក់របស់ចលនាខ្មែរឥស្សរៈ នៅខេត្តស្វាយរៀង។[3] ប្រាជ្ញ និងអ្នកដឹកនាំចលនាខ្មែរឥស្សរៈបានលួចលាក់ធ្វើសកម្មភាព ហើយសមាជិកមួយចំនួនត្រូវបានអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនដោយចោទប្រកាន់ថាប្រឆាំងរដ្ឋាភិបាល។
នៅខែមីនា ឆ្នាំ១៩៧០ ប្រាជ្ញ និងអ្នកស្រុករមាសហែកមួយចំនួន បានរត់ចូលព្រៃទៅចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម ដែលដឹកនាំដោយ សោ ភឹម និងធ្វើសកម្មភាពប្រឆាំងនឹងឧត្តមសេនីយ៍ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ ពីតំណែង។ នៅឆ្នាំ១៩៧៣ តំបន់មួយចំនួននៃស្រុករមាសហែក ត្រូវចលនាបដិវត្តន៍ខ្មែរក្រហមដណ្តើមបានពីរបប លន់ នល់។ នៅឆ្នាំ១៩៧៤ ប្រាជ្ញ ត្រូវបានចលនាខ្មែរក្រហមចាត់តាំងជាប្រធានមន្ទីរស្រុករមាសហែក។[4]
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខែ្មរក្រហមបានឡើងកាន់អំណាចទាំងស្រុងនៅទូទាំងប្រទេស ដោយបញ្ចប់សង្គ្រាមស៊ីវិលអស់រយៈពេលជាងប្រាំឆ្នាំ។ នៅពេលនោះអង្គការបន្តចាត់តាំង ប្រាជ្ញ ឲ្យធ្វើជាប្រធានមន្ទីរស្រុករមាសហែកដដែល ហើយ ប្រាជ្ញ អាចរស់នៅជួបជុំជាមួយប្រពន្ធ និងកូន។ ទោះបីឪពុកជាប្រធានមន្ទីរស្រុកក៏កូនៗរបស់ប្រាជ្ញ ត្រូវចេញទៅធ្វើការងារដែរ មួយចំនួនទៅជីក និងរែកដីធ្វើទំនប់ និងខ្លះទៀតត្រូវត្បាញក្រមា។ ចំណែកប្រពន្ធជាអ្នកដំាបាយប្រចាំមន្ទីររមាសហែក។ កូនរបស់ប្រាជ្ញនិយាយថា «ពេលឪពុកខ្ញុំធ្វើជាប្រធានមន្ទីរស្រុករមាសហែក ប្រជាជនគោរពស្រឡាញ់គាត់ណាស់ព្រោះគាត់ស្លូត និងមិនដែលប្រព្រឹត្តអំពើឃោរឃៅណាមួយលើប្រជាជន»។
នៅឆ្នាំ១៩៧៧ នៅស្រុករមាសហែក មានកម្មាភិបាលមួយចំនួនត្រូវបានខ្មែរក្រហមចោទប្រកាន់ថាក្បត់។ កម្មាភិបាលមួយចំនួនដែលធ្វើការជាមួយប្រាជ្ញ បានបាត់ខ្លួនក្រោមហេតុផលថា អង្គការនាំទៅរៀនសូត្រ។ ប្រាជ្ញ បន្តធ្វើជាប្រធានមន្ទីរស្រុករមាសហែក រហូតដល់ឆ្នាំ១៩៧៨ កម្មាភិបាលភូមិភាគបូព៌ា កាន់តែច្រើនឡើងដែលធ្វើការជាមួយប្រាជ្ញ ត្រូវបានយោធាមជ្ឈិម និងយោធាមកពីភូមិភាគនិរតីចុះមកចាប់ខ្លួនជាបន្តបន្ទាប់។ ប្រាជ្ញ ប្រាប់ប្រពន្ធកូនថា ប្រហែលថ្ងៃណាមួយគាត់នឹងត្រូវអង្គការចាប់ខ្លួនដូចកម្មាភិបាលខ្មែរក្រហមផ្សេងទៀតជាក់ជាមិនខាន។ ប្រាជ្ញ មានបំណងចង់រត់ទៅប្រទេសវៀតណាម ដើម្បីគេចពីការចាប់ខ្លួនរបស់អង្គការ។ ប៉ុន្តែ ប្រាជ្ញ បារម្ភខ្លាចប្រពន្ធកូនត្រូវរបបខ្មែរក្រហមធ្វើបាបពេលដែលខ្លួនរត់។ ប្រាជ្ញ បានផ្តាំផ្ញើប្រពន្ធកូនថា ប្រសិនបើអង្គការចាប់ខ្លួនគាត់ ប្រពន្ធត្រូវមើលថែកូន ហើយកូនៗទាំងអស់ត្រូវខិតខំធ្វើការងារដើម្បីជីវិតរស់។
នៅខែមេសា ឆ្នាំ១៩៧៨ ប្រាជ្ញ រួមទាំងគណៈសហករណ៍ និងគណៈឃុំ ក្នុងស្រុករមាសហែក ជាច្រើនត្រូវបានយោធាមជ្ឈិមចុះមកចាប់ខ្លួន។ នៅពេលចាប់ខ្លួនប្រពន្ធ និងកូនរបស់ប្រាជ្ញ មិនហ៊ានយំនោះទេខ្លាចអង្គការសម្លាប់។ យោធាបានប្រាប់កូនប្រពន្ធរបស់ប្រាជ្ញ ថាកម្មាភិបាលភូមិភាគបូព៌ាទាំងអស់នឹងត្រូវចាប់ខ្លួន និងសម្លាប់។ បន្ទាប់មកកូនរបស់ប្រាជ្ញ ឃើញកម្មាភិបាលមួយចំនួនបានភៀសខ្លួនទៅប្រទេសវៀតណាម។
ឯកសារប្រវត្តិរូប K03904 ព្រំ ប្រាជ្ញ, ភេទប្រុស មានអាយុ៤៨ឆ្នាំ, មានកម្ពស់១,៦៦ ម៉ែត្រ និងមានប្រវែងដងខ្លួន០,៨៦ម៉ែត្រ។ ប្រាជ្ញ មានស្រុកកំណើតនៅឃុំសំបួរ ស្រុកក្រសាំង ត្រូវបានអង្គការឃាត់ខ្លួនអំឡុងពេលធ្វើជាប្រធានមន្ទីរស្រុករមាសហែក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៨។[5] យោងតាមបញ្ជីជនរងគ្រោះដែលបានកម្ទេចនៅស-២១ ឈ្មោះ ព្រំ ប្រាជ្ញ ហៅថង ត្រូវបានកម្ទេចនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៧៨។[6]
បន្ទាប់ពីឪពុកត្រូវចាប់ខ្លួន អង្គការបានជម្លៀស ប្រពន្ធ និងកូនទាំងអស់របស់ប្រាជ្ញ ពីខេត្តស្វាយរៀង ទៅខេត្តពោធិ៍សាត់ ប៉ុន្តែខ្មែរក្រហមបានដឹកតាមរថយន្តឲ្យស្នាក់នៅបណ្តោះអាសន្នឯខេត្តព្រៃវែងប្រមាណមួយសប្តាហ៍។ ការងារប្រពន្ធ និងកូនៗរបស់ប្រាជ្ញ គឺត្រូវជីកប្រឡាយ និងលើកទំនប់ គ្មានពេលសម្រាក និងទទួលបានរបបអាហារមិនគ្រប់គ្រាន់។ កងឈ្លបបានប្រាប់ប្រពន្ធ និងកូនៗរបស់ប្រាជ្ញថា ត្រូវចេះលត់ដំ កសាងខ្លួនព្រោះមានឪពុក «ជាយួន ជាពួកបូព៌ាក្បត់នឹងបដិវត្តន៍» ។
នៅចុងឆ្នាំ១៩៧៨ ប្រពន្ធ និងកូនៗរបស់ប្រាជ្ញ ត្រូវខ្មែរក្រហមដឹកទៅខេត្តពោធិ៍សាត់ ភូមិភាគពាយ័ព្យ។ នៅទីនោះអង្គការតម្រូវឲ្យប្រពន្ធ និងកូនៗរបស់ប្រាជ្ញ ស្នាក់នៅតំបន់បឹងខ្នារ ស្រុកបាកាន និងត្រូវធ្វើស្រូវប្រាំង, ជីកទំនប់ប្រឡាយ, រែកដី និងធ្វើជី។ នៅបឹងខ្នារ ប្រពន្ធ និងកូនរបស់ប្រាជ្ញ ត្រូវរងការចោទប្រកាន់ថា «ក្បាលយួនខ្លួនខ្មែរ» ត្រូវលត់ដំធ្វើការងារច្រើន និងហូបអាហារតិច។ នៅតាមផ្លូវទៅធ្វើការកូនរបស់ប្រាជ្ញ ធ្លាប់ឃើញសាកសពអ្នកជម្លៀសពីភូមិភាគបូព៌ាជាច្រើនគរលើគ្នាក្នុងរណ្តៅ។ ក្រៅពីធ្វើការងារ ប្រពន្ធ និងកូនៗរបស់ប្រាជ្ញ ត្រូវចូលរួមប្រជុំស្វ័យទិតៀន។
នៅឆ្នាំ១៩៧៩ ពេលរណសិរ្សសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម បានចូលមកសង្គ្រោះប្រជាជន, ប្រពន្ធ និងកូនរបស់ប្រាជ្ញ ក៏រួចរស់ជីវិតពីរបបខ្មែរក្រហម ព្រមទាំងបានធ្វើដំណើរត្រលប់ពីខេត្តពោធិ៍សាត់ ដោយថ្មើរជើងរយៈពេលប្រហែលមួយខែ មករស់នៅស្រុកកំណើតវិញរហូតដល់បច្ចុប្បន្ន។ ក្រោយពីប្រាជ្ញ ត្រូវបានអង្គការចាប់ខ្លួនកូនៗរបស់ប្រាជ្ញ ចំនួន៨នាក់ ក្នុងចំណោម១២នាក់ ត្រូវបានខ្មែរក្រហមសម្លាប់, ស្លាប់ដោយសារជំងឺ និងគ្មានអាហារហូបគ្រប់គ្រាន់នៅខេត្តពោធិ៍សាត់៕
[1] ឯកសារ SVI0041, បទសម្ភាសរបស់ រ៉ា ឆៃរ៉ាន់ ជាមួយ ឈ្មោះ ហេង នា ត្រូវជាកូនរបស់ ព្រំ ប្រាជ្ញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៥ នៅភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] បើយោងតាមសៀវភៅចរិតខ្មែរ, អ្នកនិពន្ធ ប៊ុណ្ណ ចន្ទម៉ុល (បោះពុម្ពលើកទី១ ឆ្នាំ១៩៧៣) ទំព័រទី១០ សរសេរថា “ពាក្យថា «ឥស្សរៈ» នេះជាភាសាបាលីដែលមានន័យថា «ធំ, មិនកញ្ជះគេ,ជាអ្នកជា» ដូច្នេះ «ខ្មែរឥស្សរៈ» គឺក្រុមខ្មែរដែលជាម្ចាស់លើខ្លួនឯងគ្មាននៅក្រោមអំណាចអ្នកណា, ខ្មែរមានឯករាជ្យ, មានសេរីភាពមានសិទ្ធិគ្រប់គ្រាន់ជាខ្មែរ”។
[3] បើយោងតាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ សរសេរដោយអ្នកនិពន្ធ៖ ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង និង សុភ័ក្រ្ត ភាណា (បោះពុម្ពលើកទី២ ឆ្នាំ២០២០) ទំព័រទី៥ សរសេរថា «ចលនាឥស្សរៈ ជាចលនាកុម្មុយនីស្តនៅកម្ពុជាកើតចេញពីចលនាតស៊ូប្រឆាំងនឹងអាណានិគមបារាំងក្នុងអំឡុងឆ្នាំ១៩៤០។ នៅខែមេសា ឆ្នាំ១៩៥០ គឺក្នុងអំឡុងពេលនៃសង្រ្គាមឧបទ្វីបឥណ្ឌូចិនលើកទី១ (ឧបទ្វីបឥណ្ឌូចិនគឺជាឈ្មោះដែលអាណានិគមបារាំងដាក់ឲ្យប្រទេសបីដែលខ្លួនត្រួតត្រារួមមាន៖ ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា), គណៈប្រតិភូចំនួន២០០នាក់ បានមកជួបប្រជុំគ្នានៅខេត្តកំពត ហើយបានបង្កើតរណសិរ្សឯកភាពឥស្សរៈ (ខ្មែរឥស្សរៈ) ដែលដឹកនាំដោយក្រុមកុម្មុយនីស្ត។ ក្រុមនេះបានសហការជាមួយវៀតណាមដើម្បីធ្វើការតស៊ូប្រឆាំងនឹងអាណានិគមបារាំង»។
[4] ពេលខ្មែរក្រហមគ្រប់គ្រងអំណាចនៅស្រុករមាសហែក ត្រូវបានបំបែកជាពីរគឺមួយផ្នែកជាស្រុករមាសហែក និងមួយផ្នែកជាស្រុកក្រសាំង ស្ថិតក្នុងតំបន់២៣ (ខេត្តស្វាយរៀង)។
[5] ឯកសារលេខ K03904, TSL1517 ប្រវត្តិរូបស់ឈ្មោះ ព្រំ ប្រាជ្ញ ជាប្រធានមន្ទីរស្រុករមាសហែក, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[6] យោងតាមបញ្ជីឈ្មោះអ្នកទោសត្រូវបានកម្ទេចនៅមន្ទីរស-២១ (ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩) លេខរៀង៨៧៦៧ ទំព័រ៥២៥, https://d.dccam.org/Archives/Documents/Confessions/pdf/List_Executed%20S-21%20Prisoners_1975-1978%20_Kh.pdf