អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន

ចាន់ ថាវ៖ អាយុ៥៩ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

ខ្ញុំឈ្មោះ ចាន់ ថាវ ភេទប្រុស អាយុ៥៩ឆ្នាំ កើតនៅឆ្នាំ១៩៦៦ នៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា “អំឡុងពេលប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្កឲ្យ​មាន​​ការភ័យស្លន់ស្លោ និងបានបាត់បង់ជីវិតកងទ័ព, ខូចខាតទ្រព្យសម្បត្តិជាច្រើន និងប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋទាំងពីរភាគី។ ជាពិសេស ប្រជាពលរដ្ឋរស់នៅតាមតំបន់ជាប់ព្រំដែន ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីស្វែងរកតំបន់មានសុវត្ថិភាព។ ប្រជាជនចំណាកស្រុកទៅធ្វើការនៅប្រទេសថៃរាប់សែននាក់ បានវិលត្រឡប់មកផ្ទះវិញ។ ដោយឡែកផ្ទះខ្ញុំមានកូនចំនួន៤នាក់ ដែលធ្លាប់ទៅធ្វើការងារនៅប្រទេសថៃ ដើម្បីរកចំណូលគាំទ្រជីវភាពគ្រួសារ។ នៅពេលមានការប៉ះទង្គិចតាម​បណ្តោយព្រំដែន កូនៗរបស់ខ្ញុំបានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ និងរស់នៅជាមួយក្រុមគ្រួសារនៅស្រុកកំណើត។ ទោះបីជាកូនៗរបស់ខ្ញុំមិនមែនជាទាហានក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភជាខ្លាំង ព្រោះធ្លាប់ឆ្លងកាត់ការលំបាកដោយសារសង្រ្គាម ហើយប្រជាជនកម្ពុជា មិនចង់ឃើញសង្គ្រាមកើតឡើងទៀតនោះទេ។ ខ្ញុំចង់ឲ្យប្រទេសមានសន្តិភាពឡើងវិញ ដើម្បីឲ្យប្រជាជនអាចធ្វើការងារប្រកបរបរកស៊ីចិញ្ចឹមជីវិតធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនបន្តទៅមុខទៀត។

បច្ចុប្បន្ន ខ្ញុំមានជំងឺប្រចាំកាយដូចជា៖ ជំងឺលើសឈាម, ជំងឺសន្លាក់ដៃជើង និងពិការស្វិតជើង។ ស្ថានភាពសុខភាពទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃ ដោយសារជំងឺមិនអាចធ្វើការងារចិញ្ចឹមជីវិតបាន។

តូយ ង៉ា៖ អាយុ៧៨ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

ខ្ញុំឈ្មោះ តូយ ង៉ា ភេទប្រុស មានអាយុ ៧៨ ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិឈើទាលជ្រុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

អំឡុងពេលមានការប៉ះទង្គិចប្រដាប់អាវុធរយៈពេល៥ថ្ងៃ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា។ ព័ត៌មាននោះបានធ្វើឲ្យខ្ញុំចងចាំ​ឡើងវិញអំពីរឿងរ៉ាវឈឺចាប់ និងភាពវេទនា ដែលខ្ញុំធ្លាប់ជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំ ដោយសារសង្រ្គាម។ ខ្ញុំមានអារម្មណ៍អាណិតចំពោះ កងទ័ពដែលកំពុងបំពេញកាតព្វកិច្ចនៅសមរភូមិ និងប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន ដែលបានរងរបួស និងពលីជីវិតជាច្រើន ដោយសារតែការទម្លាក់គ្រាប់បែក និងការប្រើប្រាស់អាវុធទំនើបធន់ធ្ងន់ផ្សេងៗពីសំណាក់កងទ័ពថៃ។

ក្នុងចំណោមក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់មានចៅប្រុសម្នាក់ជាកងទ័ព ស្ថិតនៅក្នុងកងពលតូចថ្មើរ​ជើង​លេខ៣១ នៃយោធភូមិភាគទី៣។ ចៅប្រុសរបស់ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបំពេញកាតព្វកិច្ចការពារប្រាសាទ និងតំបន់ព្រំដែនកម្ពុជា និងថៃ។ ខ្ញុំមានការព្រួយបារម្ភ ព្រោះខ្ញុំមិនចង់ឃើញមានការបាត់បង់ជីវិតមនុស្ស ឬការកើតមានសង្រ្គាមរវាងប្រទេសទាំងពីរឡើយ។ អ្វីដែលខ្ញុំប្រាថ្នាខ្លាំងបំផុត គឺចង់បានសន្តិភាពតាមព្រំដែនរវាងប្រទេសទាំងពីរដើម្បីឲ្យប្រជាជនអាចប្រកបរបររកស៊ីបានធម្មតាដូចដើម។

បច្ចុប្បន្ន ខ្ញុំកំពុងមានជំងឺប្រចាំកាយជាច្រើន ដូចជា ជំងឺលើសឈាម, ជំងឺសន្លាក់ដៃសន្លាក់ជើង, និង ជំងឺទឹកនោមផ្អែម។[1]

អត្ថបទដោយ ផាត ពន្លក


[1] ចាន់ ថាវ,តូយ ង៉ា៖ សម្ភាសន៍ផ្ទាល់មាត់«អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បនសម្ភាសន៍ដោយ ៖ ផាត ពន្លក នៅខែសីហា ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin