សាន ឌី រំឭកអំពីបទពិសោធន៍ជីវិតជាកងចល័តនៅសម័យខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ សាន ឌី អាយុ៧០ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ចាន់ធី និងមានកូនប្រុសស្រីចំនួន៣នាក់។ ឪពុកខ្ញុំឈ្មោះ សាន និងម្ដាយឈ្មោះ ឌីន។ ខ្ញុំមានបងប្អូនចំនួន៤នាក់ក្នុងស្រី២នាក់។[1]

កាលពីវ័យកុមារខ្ញុំរៀនបានបន្តិចបន្តួច។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនទាហានមករស់នៅក្នុងភូមិ។ កាលណោះគ្រួសារខ្ញុំបានជីកលេណដ្ឋានដើម្បីការពារខ្លួន។ ខ្ញុំត្រូវដាំបាយទុកហូបក្នុងលេណដ្ឋាន ហើយនៅពេលឃើញយន្តហោះមកទម្លាក់គ្រាប់ត្រូវរត់ចូលលេណដ្ឋានភ្លាម។

ចាប់ពីឆ្នាំ១៩៧១​ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងបានទីតាំងមួយចំនួន។ នៅតំបន់ខ្មែរក្រហមរំដោះបាន ប្រកាសឲ្យប្រជាជនចូលរួមជាមួយចលនាបដិវត្តន៍។ អ្នកភូមិភាគច្រើនទៅចូលរួមជាមួយខ្មែរក្រហម និងបានប្រឆាំងជាមួយទាហាន លន់ នល់។ នៅពេលនោះមានការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមរិក ធ្វើឲ្យខូចខាតផ្ទះសម្បែង និងសម្លាប់ប្រជាជន។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅរែកដី និងលើកទំនប់ជាមួយប្រជាជននៅក្នុងឃុំ។ គ្រានោះខ្ញុំមានអាយុប្រមាណ២០ឆ្នាំ អង្គការឲ្យខ្ញុំទៅជីកប្រឡាយ លើកភ្លឺស្រែ និងលើកទំនប់ជ្រោយចេក ហើយនៅពេលយប់ត្រូវទៅវាយកណ្ដុរក្នុងស្រូវ។ ខ្ញុំក្រោកតាំងពីម៉ោង៦ ធ្វើការរហូតដល់ម៉ោង១១ សម្រាកហូបអាហារ និងបន្តធ្វើការងារពីម៉ោង១ ដល់ម៉ោង៥ ល្ងាច ទើបបានសម្រាក។

ក្នុងអំឡុងពេលធ្វើការងារបើធ្វើមិនគ្រប់តាមផែនការរបស់អង្គការកំណត់ត្រូវស្ដីបន្ទោស។ ក្រោយមកខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវនៅតំបន់វិហារធំ ហើយនៅទីនោះមានប្រជាជនជាច្រើនធ្វើការ​។ ចំពោះការស្លៀកពាក់មានតែមួយខោអាវខ្មៅមួយឈុតប៉ុណ្ណោះ។ ក្រោយពេលធ្វើការងារលើកដីរួច ស្រីៗត្រូវបានខ្មែរក្រហមប្រើឲ្យទៅកើបអាចម៌គោបន្ថែមទៀត។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានឲ្យខ្ញុំរៀបការមានគ្រួសារ។ ពេលខ្ញុំរៀបការមានទាំងអស់៣០គូ។ ខ្ញុំមិនដែលឃើញខ្មែរក្រហមយកមនុស្សទៅសម្លាប់ផ្ទាល់ភ្នែកទេ។

នៅឆ្នាំ១៩៧៩ ខ្ញុំ និងប្រពន្ធរស់ឆ្លងផុតពីរបបខ្មែរក្រហម នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេស និងប្រជាជន។ ខ្ញុំវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងពេលមានសង្រ្គាមតាមព្រំដែនជាមួយប្រទេសថៃខ្ញុំបានដឹងថាមានកងទ័ពកម្ពុជា និងប្រជាជនស្លាប់ ហើយប្រទេសកម្ពុជាទទួលរងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ, ផ្ទះសម្បែង, វត្តអា​រាម និងបណ្តាលឲ្យប្រជាជនរាប់ម៉ឺនគ្រួសារភៀសសឹក។ ចំណែកការបិទព្រំដែនបានប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។ ក្នុងនាមជាប្រជាជនខ្មែរខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមគោរពដល់វិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ហើយកូនចៅជំនាន់ក្រោយនឹងចងចាំនូវវីរភាពដ៏អង់អាចក្លាហាននេះជារៀងរហូត៕

អត្ថបទដោយ ទូច វណ្ណេត


[1] បទសម្ភាសន៍ សាន ឌី  នៅខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តកំពង់ចាម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin